ប្រទេសជប៉ុន បានងាកទៅរកការលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសម្ទុះពាណិជ្ជកម្មទ្វេភាគីឱ្យមានតុល្យភាពជាមួយប្រទេសកម្ពុជា ខណៈពេលដែលការផ្លាស់ប្តូរគណៈប្រតិភូពាណិជ្ជកម្មបានធ្លាក់ចុះក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាត។
ការតាំងពិព័រណ៍ពាណិជ្ជកម្មតាមអនឡាញ និងការចែករំលែកព័ត៌មានតាមរយៈគេហទំព័រ គឺជាគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានធ្វើឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ខណៈពេលដែលជំងឺកូវីដបានឆ្លងពេញ ១ ឆ្នាំ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមធ្លាក់ចុះនៅទូទាំងពិភពលោកក្នុងនោះមានការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិ ការបិទប្រទេស និងគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ ហើយពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក៏ត្រូវបានរំខានផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការនាំចូលបានធ្លាក់ចុះ ៣៣,៩ ភាគរយ ខណៈការនាំចេញធ្លាក់ចុះ ១៥,៨ ភាគរយក្នុងឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩។ ជាសរុបពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះប្រមាណ ២៣ ភាគរយ កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៩។
«ខណៈយើងកំពុងស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជា ការស្ទង់មតិមួយធ្វើឡើងដោយ Jetro កាលពីខែកញ្ញា បានឱ្យដឹងថា កម្ពុជាមានអត្រាងើបឡើងវិញលឿនបំផុតពីជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន។
លោកស្រី Haruta Marisa ប្រធានតំណាងអង្គការ Jetro ប្រចាំកម្ពុជាថ្លែងថា៖ «នៅពេលនេះ Jetro កំពុងព្យាយាមបង្កើនទំហំពាណិជ្ជកម្មតាមរយៈកម្មវិធី និងគម្រោងមួយចំនួនតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាបាននូវសកម្មភាពពាណិជ្ជកម្មនៃប្រទេសទាំង ២ ឱ្យនៅតែរឹងមាំ និងកំណើន»។
ដើម្បីចាប់ផ្តើមនៅឆ្នាំនេះ Jetro បានរៀបចំកម្មវិធី «Good Goods Japan 2021» ដែលជាព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មតាមអនឡាញចាប់ពីខែកុម្ភៈ ដើម្បីណែនាំផលិតផលជប៉ុន ដូចជាផលិតផលសម្រស់ សម្ភារផ្ទះបាយ និងផលិតផលសម្រាប់ទារកជាដើម។ ក្រុមហ៊ុនជប៉ុនប្រមាណ ២២ ជាមួយនឹងផលិតផលប្រមាណ ៨០ ប្រភេទ បានដាក់បង្ហាញផលិតផលរបស់ពួកគេក្នុងអំឡុងពេលពិព័រណ៍តាមអនឡាញកាលពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែកុម្ភៈ ដែលនឹងភ្ជាប់អ្នកផ្គត់ផ្គង់ជប៉ុនដែលមានសក្តានុពលជាមួយអ្នកទិញកម្ពុជា។
«Jetro បានជួយសម្រួលដល់ព្រឹត្តិការណ៍បែបនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយនៅក្នុងប្រទេសដទៃទៀត ហើយនេះគឺជាលើកទី ១ ហើយដែលយើងរៀបចំព្រឹត្តិការណ៍នេះនៅក្នុងប្រទេសកម្ពុជា»។
លោកស្រី Marisa បានបន្ថែមថា៖ «ព្រឹត្តិការណ៍នេះនឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសទាំង ២ ដូចជាការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនផ្គត់ផ្គង់ជប៉ុនជាមួយអ្នកទិញកម្ពុជា ផ្គូផ្គងអាជីវកម្មតាមអនឡាញសម្រាប់ពាណិជ្ជករកម្ពុជា និងជប៉ុនបង្កើនទំហំពាណិជ្ជកម្មដោយនាំចូលផលិតផលដែលមានគុណភាពខ្ពស់ចូលទីផ្សារកម្ពុជា»។
មុនពេលជំងឺកូវីដផ្ទុះឡើង ជារៀងរាល់ឆ្នាំ ការិយាល័យ JETRO នៅក្នុងទីក្រុងភ្នំពេញបានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីរៀបចំ «សិក្ខាសាលាស្ដីពីវិនិយោគនៅកម្ពុជា» នៅប្រទេសជប៉ុន ដើម្បីផ្តល់ព័ត៌មានអំពីបរិយាកាសវិនិយោគកាន់តែប្រសើរ និងមានសក្តានុពលរបស់កម្ពុជាដល់វិនិយោគិនជប៉ុនដើម្បីធ្វើការវិនិយោគនៅកម្ពុជា។
ទោះយ៉ាងណាដោយសារតែជំងឺកូវីដ ១៩ ព្រិត្តិការណ៍មួយចំនួនត្រូវបានពន្យារពេល។ យើងកំពុងរង់ចាំច្បាប់វិនិយោគថ្មី (នៅកម្ពុជា) ដើម្បីឱ្យយើងអាចផ្សព្វផ្សាយកាន់តែច្រើនអំពីប្រទេសកម្ពុជា។ JETRO នៅក្នុងទីក្រុងភ្នំពេញនៅតែចែករំលែកព័ត៌មានតាមអនឡាញអំពីបរិយាកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិនជប៉ុន ដើម្បីឱ្យពួកគេពិចារណាមកវិនិយោគ និងពង្រីកអាជីវកម្មពួកគេនៅទីនេះ»។
លោកស្រី Marisa បានបន្ថែមថា៖ «នៅក្នុងស្មារតីរួមដើម្បីធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា យើងរំពឹងថា កម្មវិធីនិងគម្រោងកាន់តែច្រើននឹងមានវត្តមាននៅពេលអនាគត»។
«យើងមិនអាចបង្កើនពាណិជ្ជកម្មដោយគ្មានការសហការល្អពីដៃគូរបស់យើងនោះទេ។ ដូច្នេះយើងត្រូវធ្វើការរួមគ្នាដើម្បីកសាងអាជីវកម្មជាមួយគ្នា»៕