សូម​ជម្រាបសួរ​! ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ជប៉ុន​ជាមួយ​លោកអ្នក​ទាំងអស់គ្នា​នៅ​កម្ពុជា​សាជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​នេះ ទោះបីជា​ក្នុង​សា្ថនភាព​មិន​អំណោយផល​ដែល​យើង​ត្រូវ​ចៀសវាង​ការជួបជុំ​ដោយផ្ទាល់ ឬ​ការប្រមូលផ្តុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​យ៉ាងណា​ក៏ដោយ​។ បើទោះជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​ទាំងនេះ​ក្តី ខ្ញុំ​នឹង​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ និង​ពង្រឹង​មិត្តភាព​របស់​ប្រទេស​យើង​ទាំង ២​។

ឆ្នាំ​ ២០២០ គឺជា​ឆ្នាំ​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​សព្វមួយដង​។ ដោយសារ​តែ​កូវីដ​ ​១៩ ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​ត្រូវ​បាន​រឹតត្បិត​យ៉ាង​តឹងរ៉ឹង ជាពិសេស​ការឆ្លងកាត់​ព្រំដែន ហើយ​ក៏​មិនមាន​ករណី​លើកលែង​ដែរ​ចំពោះ​លំហូរ​ប្រជាជន​ធ្វើដំណើរ​រវាង​ជប៉ុន និង​កម្ពុជា​។

ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​កើតឡើង​ដោយសារ​ស្ថានភាព​នេះ និង​ក៏ដូចជា​ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរ ឡើង​នូវ​ស្ថានភាព​សុខាភិបាល​នៅ​កម្ពុជា ប្រទេស​ជប៉ុន​បានផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ជាច្រើន​លើក​មកដល់​កម្ពុជា ហើយនឹង​បន្ត​បញ្ជូន​បន្ថែម​ទៀត​នាពេល​អនាគត​។ ជំនួយ​ឧបត្ថម្ភ​របស់​ជប៉ុន​ទាំងនេះ រួមមាន​ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ព្រមទាំង​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ និង​ការផ្តល់​ឧបករណ៍​បរិក្ខារ​ថ្មីៗ​សម្រាប់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

យើង​ក៏បានផ្តល់​កម្ចីសម្បទាន​ប្រាក់​យេន​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២២៧ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) ព្រមទាំង​ដើម្បី​ពង្រឹងសមត្ថភាព​សុខាភិបាល​។ លើសពី​នេះ​ទៅ​ទៀត យើង​នឹងចូលរួម​ផ្ដល់​វិភាគទាន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ១៣០ ​លាន​ដុល្លារ​អាមេរិក​ដល់ COVAX Advance Market Commitment (AMC) ដើម្បីឱ្យ​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប​អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

កាលពី​ឆ្នាំមុន ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ជាហេតុ​បណ្តាលឱ្យមាន​ទឹកជំនន់​យ៉ាងខ្លាំង​នៅក្នុង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយចំនួនធំ​។ ជាថ្មី​ម្តង​ទៀត ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​។

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​នូវ​សម្ភារ​ជំនួយ​សង្គ្រោះបន្ទាន់​ដែល​រួមមាន​តង់​ និង​ម៉ាស៊ីន​ចម្រោះ​ទឹក​តាមរយៈ​​ JICA​។ ក្រៅពី​ការងារ​ដែល​យើង​បានធ្វើ​រួចហើយ យើង​នឹង​ចាប់ផ្តើម​កម្មវិធី​ថ្មី​មួយ​ដើម្បី​គាំទ្រ​ការ​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ WFP កម្ពុជា​។

ដើម្បី​លើកកម្ពស់​ភាពធន់​នឹង​គ្រោះមហន្តរាយ ប្រទេស​ជប៉ុន​ក៏​កំពុង​ជួយ​ប្រទេស​កម្ពុជា​តាមរយៈ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។ ដូច្នេះ​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ សម្តែង​នូវ​អំណរគុណ​ដល់​បុគ្គលិក​ជនជាតិ​ជប៉ុន និង​កម្ពុជា​ទាំងអស់​ដែល​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង​ទាំងនេះ ទោះបី​មាន​ការលំបាក​ដោយសារ​កូវីដ​១៩ ក៏ដោយ​។

ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​ ៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​។ ខ្ញុំ​មាន​មោទនភាព​ដែល​ប្រទេស​ជប៉ុន​បាននិងកំពុង​សហការ​ជាមួយ​ប្រទេស​កម្ពុជា​តាំងពី​ជំហាន​ដំបូង​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព​។

ប្រទេស​កម្ពុជា ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការចូលរួម​ចំណែក​ប្រកបដោយ​បុរេ​សកម្ម​របស់​ប្រទេស​ជប៉ុន​ក្នុង​ការកសាង​សន្តិភាព ហើយ​ជាមួយ​ការចងចាំ​នេះ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏សកម្ម​របស់​ប្រទេស​កម្ពុជា​ក្នុង​ការចូលរួម​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (PKO) ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ខ្ញុំ​ជឿជាក់ថា​ សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ក្លាយជា​គន្លឹះ​សំខាន់ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ​ទទួលបាន​នូវ​ការអភិវឌ្ឍ​បន្ថែមទៀត ហើយ​ជប៉ុន​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្រប​ទៅ​តាម​គោលការណ៍​ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។

ព្រឹត្តិការណ៍​ធំៗ​ផ្សេងទៀត​ត្រូវបាន​រៀបចំ​នៅ​ប្រទេស​ជប៉ុន រួមមាន​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី​១៣ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សមាហរណកម្ម​តំបន់​មាន​ភាពស៊ីជម្រៅ​ជាង​ពេលណាៗ​ទាំងអស់ ហើយ​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​មេគង្គ​ដែល​រួមមាន​ទាំង​ប្រទេស​កម្ពុជា ​នៅតែ​មាន​សារៈសំខាន់​។ យើង​នឹង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន​ឱ្យបាន​មួយកម្រិត​ទៀត​។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​ទីក្រុង​តូក្យូ ឆ្នាំ​ ២០២០ ត្រូវបាន​លើក​ពេល​មក​ឆ្នាំ​ ២០២១ ដោយសារតែ​ជំងឺឆ្លង​រាតត្បាត​។ ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ២៣ ខែ កក្កដា ហើយ​ពិធី​បើក​ការប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​នឹង​គ្រោង​នៅ​ថ្ងៃទី​ ២៤ ខែសីហា​។

ដើម្បី​ស្វាគមន៍​អត្ត​ពលិក​មកពី​ជុំវិញ​ពិភពលោក និង​រៀបចំ​ការប្រកួត​ប្រកបដោយ​សុវត្ថិភាព យើង​នឹង​អនុវត្ត​រាល់​វិធានការ​ដែល​អាចធ្វើ​បាន​ដើម្បី​ប្រឆាំងនឹង​កូវីដ​ ១៩​។ ខ្ញុំ​សង្ឃឹមថា កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​ទីក្រុង​តូក្យូ​នឹង​ក្លាយជា​និមិត្តរូប​នៃ​ជ័យជម្នះ និង​ការរួបរួម​ជា​សកល​ក្នុង​ការប្រយុទ្ធប្រឆាំង​កូវីដ​ ១៩​។

ជា​ចុងក្រោយ​គឺ​ “​សប្តាហ៍​គីហ្សូណា​ជប៉ុន-កម្ពុជា​” ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​។ កម្មវិធី​នេះ​គឺជា​ទម្រង់​អនឡាញ​នៃ “​មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​ប្រចាំឆ្នាំ​” ដែលជា​ព្រឹត្តិការណ៍​វប្បធម៌​ជប៉ុន​ធំជាងគេ​នៅ​កម្ពុជា​។

ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២៨ ខែកុម្ភៈ នឹងមាន​វីដេអូ និង​សិក្ខាសាលា​អនឡាញ​គួរឱ្យ​ចាប់​អារម្មណ៍​ជាច្រើន​នៅលើ​ទំព័រ​ហ្វេសប៊ុក​កម្មវិធី​ដើម្បីឱ្យ​លោកអ្នក​ទាំងអស់​គ្នា​អាច​ទស្សនា​រាល់​ទិដ្ឋភាព​ទាំងឡាយ​នៃ​វប្បធម៌​របស់​ជប៉ុន​ដោយ​រីករាយ​ពី​គេហដ្ឋាន​របស់​លោកអ្នក​ប្រកប​ដោយ​សុវត្ថិភាព​។

ក្នុងឱកាស​ថ្ងៃបុណ្យ​ជាតិ យើងខ្ញុំ​សូម​ថ្វាយព្រះពរ​ដល់​ព្រះករុណា​ព្រះចៅ​អធិរាជ និង​ព្រះអធិរាជិនី​ជប៉ុន ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះករុណា​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិ និង​សូម​ជូនពរ​ប្រជាជន​កម្ពុជា​ និង​ជប៉ុន​សូមឱ្យ​មាន​ព្រះរាជសុខភាព​ និង​សុខភាព​ល្អ សុភមង្គល និង​វិបុលភាព​។

ខ្ញុំ​ក៏​សូម​ជូនពរ​ឱ្យ​ចំណង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​បន្ត​រីកចម្រើន​ទៅ​មុខ​ទៀត​៕