ក្នុងឆ្នាំនេះប្រទេសសិង្ហបុរីនឹងប្រារព្ធពិធីរំឭកខួបទី ២០០ ឆ្នាំនៃការកកើតដែនដីរបស់ខ្លួន។ ២០០ ឆ្នាំក្រោយពីការមកដល់ដែនកោះមួយនេះរបស់លោក Sir Thomas Stamford Raffles ប្រទេសសិង្ហបុរីបានវិវឌ្ឍខ្លួនទៅជាទីក្រុងលំដាប់ពិភពលោកដ៏អស្ចារ្យ។
ធនធានធម្មជាតិតែមួយគត់របស់រដ្ឋនេះគឺប្រជាជនរបស់ខ្លួន ហើយរដ្ឋាភិបាលចាប់តាំងពីដើមមកបានទទួលស្គាល់ពីសារៈសំខាន់នៃយុទ្ធសាស្ត្រក្នុងការទាក់ទាញ និងអភិវឌ្ឍធនធានមនុស្ស។
បច្ចុប្បន្ននេះប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីមានលក្ខណៈឈានមុខគេនៅលើពិភពលោក។ ប្រទេសនេះជាប់ចំណាត់ថ្នាក់កំពូលក្នុងការប្រឡងអន្តរជាតិ (Programme for International Student Assessment) របស់ OECD សម្រាប់សិស្សអាយុ ១៥ ឆ្នាំទូទាំងពិភពលោកលើផ្នែកគណិតវិទ្យា អំណាន និងវិទ្យាសាស្ត្រ។ បន្ថែមពីនេះទៅទៀត សិស្សសិង្ហបុរីក៏ឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងការស្ទង់មតិជាសកលរបស់ OECD លើសមត្ថភាពដោះស្រាយបញ្ហាផងដែរ។
ដូចគ្នានេះដែរយុវជនខ្មែរគឺជាធនធានដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ អាស្រ័យហេតុនេះហើយដែលស្ថាប័ន Singapore Institute of Management (SIM) បានបង្កើតសាលារៀនអន្តរជាតិសិង្ហបុរី (SCIA) នេះឡើងនៅប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន។
សាលាអន្តរជាតិ SCIA មិនត្រឹមតែជាសាលាដែលបានចុះឈ្មោះ និងទទួលស្គាល់ដោយ Cambridge Assessment International Education ប៉ុណ្ណោះទេ ថ្មីៗនេះសាលាក៏ត្រូវបានតែងតាំងជាមជ្ឈមណ្ឌលប្រឡងក្រៅប្រទេសដែលអាចដំណើរការប្រឡងថ្នាក់បឋមសិក្សាអន្តរជាតិសិង្ហបុរី (iPSLE) ដោយក្រុមប្រឹក្សាប្រឡង និងវាយតម្លៃសិង្ហបុរី (SEAB) ផងដែរ។
ដើម្បីបន្តភាពជោគជ័យរបស់ប្រទេសសិង្ហបុរីក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញដើម្បីត្រៀមខ្លួនសម្រាប់ពេលអនាគតដល់ពលរដ្ឋវ័យក្មេង សាលារៀនផ្តោតចំបងទៅលើការអប់រំពេញលេញដល់សិស្សានុសិស្សនៅប្រទេសកម្ពុជា។ សមិទ្ធផលមួយចំនួនក្នុងចំណោមសមិទ្ធផលជាច្រើនរួមមានការគាំទ្រ និងជំរុញឲ្យសិស្សបង្កើតគំនិតថ្មីៗ ភាពច្នៃប្រឌិតខ្ពស់ និងទទួលបានពានរង្វាន់។
កាលពីពេលថ្មីៗនេះនៅក្នុងការប្រកួតប្រជែងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន (CASTIC) លើកទី ៣៤ សិស្សវិទ្យាល័យរបស់សាលាអន្តរជាតិ SCIA ចំនួន ២ រូបដែលត្រូវបានតែងតាំងដោយក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនោះបានទទួលចំណាត់ថ្នាក់លេខ ៣ នៅក្នុងការប្រកួតផ្នែកគម្រោងអន្តរជាតិ។
គម្រោងវិទ្យាសាស្ត្ររបស់ពួកគេគឺ “Recirculating Aquatic System of Agriculture (RASA)” ជាប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពដែលអាចបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ។
ការតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមក្នុងការប្រកួតប្រជែងនេះគឺជាសក្ខីភាពមួយបង្ហាញពីភាពជោគជ័យនៃកម្មវិធីសិក្សា STEM (វិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) របស់សាលាអន្តរជាតិ SCIA ហើយក៏ជាឱកាសមួយសម្រាប់សិស្សបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិផងដែរ។
ក្រៅពីមុខវិជ្ជា STEM សាលាក៏ផ្តល់ជូននូវមុខវិជ្ជាផ្សេងទៀតដូចជាសហគ្រិនភាព និងភាពជាអ្នកដឹកនាំផងដែរដើម្បីបង្កើនសក្តានុពលភាព និងកសាងភាពក្លាហាន។ សាលារៀនដែលលើកទឹកចិត្តដល់ការសិក្សាផ្នែកសហគ្រិនភាព និងភាពជាអ្នកដឹកនាំអាចនឹងបណ្តុះបានអ្នកដឹកនាំប្រកបដោយទស្សនវិស័យ និងពោរពេញទៅដោយគំនិតច្នៃប្រឌិតដែលសមស្របទៅនឹងបរិបទសង្គម និងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។
លោក Anselm Chu នាយកគ្រប់គ្រង និងជានាយកសាលា SCIA មានប្រសាសន៍ថា៖ «សាលា SCIA បេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអប់រំ និងបណ្តុះបណ្តាលអ្នកដឹកនាំនាពេលអនាគតនៅក្នុងប្រទេសកម្ពុជា។
សាលា SCIA ផ្តោតសំខាន់លើការបណ្តុះបណ្តាលអាកប្បកិរិយាល្អ និងស្មារតីមោះមុតដល់សិស្សទាំងអស់។ យើងចង់ក្លាយជាអ្នកត្រួសត្រាយផ្លូវដល់សិស្សានុសិស្សឲ្យដើរទៅរកមាគ៌ានៃការសិក្សារៀនសូត្រពេញមួយជីវិត ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត»។
ក្រៅពីកម្មវិធីសិក្សាតាំងពីកម្រិតមត្តេយ្យដល់ថ្នាក់ទី ១២ សាលាក៏បានចាប់ផ្តើមបើកវគ្គសិក្សាថ្នាក់មូលដ្ឋានគ្រឹះសម្រាប់ឧត្តមសិក្សា ដូចជា កម្មវិធីមូលដ្ឋានគ្រឹះអន្តរជាតិ (International Foundation Programme) ពី University of London (UOL) ប្រទេសអង់គ្លេស និងកម្មវិធីមូលដ្ឋានគ្រឹះផ្នែកគ្រប់គ្រង នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ (Foundation Studies Centre)។ នៅពេលអនាគតដ៏ខ្លីខាងមុខនេះសាលាអន្តរជាតិ SCIA ក៏នឹងផ្តល់ជូននូវកម្មវិធីកម្រិតឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត៕