អាកាសយានដ្ឋានកម្ពុជាដែលជាប្រតិបត្តិករផ្តាច់មុខនៃអាកាសយានដ្ឋានជាតិ និងអន្តរជាតិទាំង ៣ របស់ព្រះរាជាណាចក្រកម្ពុជាបានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជើងហោះហើរពីអ្នកដំណើរ ការដឹកជញ្ជូនទំនិញ និងត្រៀមខ្លួនទទួលយកភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
Post staff
កាលពីឆ្នាំមុនព្រលានយន្តហោះនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទទួលបានអ្នកដំណើរសរុបចំនួន ៨,៨ លាននាក់ដោយកើនឡើង ២៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលជាមួយគ្នានេះដែរការដឹកទំនិញបានកើនឡើងជិត ៤០ ភាគរយហើយទទួលបានកំណត់ត្រាថ្មីគឺ ៦៥០០០ តោន។
លោក Eric Delobel អគ្គនាយកប្រតិបត្តិអាកាសយានដ្ឋានកម្ពុជាបាននិយាយថា ការកើនឡើងដ៏ធំសម្បើមនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍការតភ្ជាប់ផ្លូវអាកាស និងយុទ្ធសាស្ត្រផ្តល់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងកំណើនដែលទទួលបានភាពជោគជ័យដ៏អស្ចារ្យ។
លោកបន្តថា៖ «កត្តាដែលជោគជ័យមួយទៀតគឺអ្វីៗដែលអាកាសយានដ្ឋានកម្ពុជាបានសហការរៀបចំផែនការជាមួយក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ គឺលេចចេញជារូបរាងទាំងអស់ដោយគ្មានការអាក់ខាន»។ លោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញប្រទេសកម្ពុជាក្នុងនាមជាទិសដៅទេសចរណ៍ដ៏សំខាន់មួយដោយបានផ្តល់នូវកំណើនក្នុងវិស័យទេសចរណ៍ថេរចំនួន ២ ខ្ទង់ក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ។ លោកបានបន្តទៀតថា៖ «វាក៏ជាលទ្ធផលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង ដែលមានគោលបំណងដើម្បីស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ច្រើនថែមទៀតបើកផ្លូវអាកាសថ្មី និងបង្កើនប្រេកង់ (ហោះហើរ)»។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធបានក្លាយជាស្នូលនៃយុទ្ធសាស្ដ្រអភិវឌ្ឍន៍អាកាសយានដ្ឋានរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។
ក្រុមហ៊ុនមួយនេះដែលភាគហ៊ុនច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Group នៃប្រទេសបារាំង ដែលទទួលខុសត្រូវចម្បងក្នុងការគ្រប់គ្រងអាកាសយានដ្ឋានទទួលបានសម្បទានដើម្បីធ្វើប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ហើយបានត្រៀមបម្រុងទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍបណ្តាញព្រលានយន្តហោះនៅមុនដំណាច់រយៈពេលសម្បទានរបស់ខ្លួននាឆ្នាំ ២០៤០ ខាងមុខ។
កាលពីឆ្នាំមុនក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពនៃព្រលានយន្តហោះដោយចំណាយទុនចំនួន ១០០ លានដុល្លារនៅព្រលានយន្តហោះភ្នំពេញ និងសៀមរាប ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរបានជាង ១០ លាននាក់ក្នុង ១ ឆ្នាំ និងបន្ថែមសេវាកម្មថ្មីៗផងដែរ។ ដំណាក់កាលទី ២ នៃការពង្រីកនេះត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូឆ្នាំមុនមានដូចជា ច្រកទ្វារសម្រាប់អ្នកដំណើរធ្វើដំណើរឡើងយន្តហោះផ្តល់នូវកន្លែងរង់ចាំអ្នកដំណើរមកដល់ និងចំណតរង់ចាំសម្រាប់អ្នកដំណើរក្នុងស្រុក (ជើងហោះហើរក្នុងស្រុក) ថ្មីមួយ។
ការជួសជុលឡើងវិញនៃអាកាសយានដ្ឋានខេត្តព្រះសីហនុនាពេលបច្ចុប្បន្នកំពុងដំណើរការ ហើយរំពឹងថានឹងបញ្ចប់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
គម្រោងនេះមានការពង្រីកកន្លែងអ្នកដំណើររង់ចាំឡើងយន្តហោះ ដើម្បីផ្ទុកអ្នកដំណើរឲ្យបានកាន់តែច្រើន និងផ្តល់នូវសេវាកម្មកាន់តែទូលំទូលាយ ក៏ដូចជាការពង្រីក និងការត្រួតពិនិត្យផ្លូវយន្តហោះ និងចំណត ដើម្បីសំចតយន្តហោះដែលមានទំហំធំជាងមុន។ នៅពេលដែលគម្រោងនេះធ្វើចប់សព្វគ្រប់ព្រលានយន្តហោះនឹងអាចទទួលអ្នកដំណើរជាងកន្លះលាននាក់ក្នុង ១ ឆ្នាំ និងផ្ដល់សេវាដល់យន្តហោះមានទំហំធំៗជាងមុន។
ការដំណើរការដោយប្រសិទ្ធភាព
លោក Delobel បានបកស្រាយថា ការបង្កើនគុណភាពមិនមែនគ្រាន់តែជាការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងអំពីការអភិវឌ្ឍធនធានមនុស្ស ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ និងដំណើរការកែតម្រូវ។ លើសពីនេះទៅទៀតវាមានសារៈសំខាន់ណាស់ដែលអ្នកគ្រប់គ្រង អាកាសយានដ្ឋានមិនត្រឹមតែចាត់ទុកបរិមាណនៃការកើនឡើងនៃសមត្ថភាពទេ ប៉ុន្តែក៏ត្រូវមើលពីគុណភាពនៃសេវាកម្ម និងសមត្ថភាពក្នុងការគ្រប់គ្រងក្នុងស្ថានភាពចរាចរណ៍មមាញឹកផងដែរ។
លោកបានបន្តថា៖ «បើយើងបង្កើនសមត្ថភាពទ្វេដងជាមួយហេដ្ឋារចនាសម្ព័ន្ធដោយការអភិវឌ្ឍធនធានមនុស្ស និងដំណើរការល្អប្រសើរ យើងអាចនឹងបំពេញតម្រូវការអ្នកដំណើរកាន់តែច្រើន»។
សមាសធាតុសំខាន់នៃយុទ្ធសាស្ដ្រអភិវឌ្ឍអាកាសយានដ្ឋាន គឺការវិនិយោគទៅលើធនធានមនុស្សតាមរយៈការជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិក ដើម្បីគ្រប់គ្រងប្រតិបត្តិការឲ្យបានត្រឹមត្រូវ។ វាក៏បានបង្កើនប្រសិទ្ធភាពប្រតិបត្ដិការ និងដំណើរការ «ដែលមានទំនាក់ទំនងទៅនឹងឌីជីថលកម្មនៃព្រលានយន្តហោះដូចជាបញ្ជរ check-in ដោយខ្លួនឯង និងសញ្ញាឌីជីថលបន្ថែមទៀត ដើម្បីផ្តល់ឲ្យអ្នកដំណើរនូវព័ត៌មាននៅក្នុងភាសាជាតិរបស់ពួកគេ»។
អ្នកទទួលផលផ្ទាល់ពីការកែលម្អទាំងនេះគឺអតិថិជនរបស់អាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ អ្នកដំណើរ និងចរាចរណ៍ទំនិញ។ ប៉ុន្តែយុទ្ធសាស្ត្រអភិវឌ្ឍន៌អាកាសយានដ្ឋានមានយុទ្ធសាស្ត្រទូលំទូលាយជាងនេះទៅទៀតសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ការផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម
ការសិក្សាផ្នែកសេដ្ឋកិច្ចសង្គមដែលបានអនុវត្តនៅឆ្នាំ ២០១៥ បានរកឃើញថា ទិន្នផលសរុបនៃសកម្មភាពអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា មានចំនួន ២,៧០ ពាន់លានដុល្លារ ឬប្រហែល ១៧ ភាគរយនៃផលិតផលដុលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ វាក៏បានរកឃើញថា សកម្មភាពទាំងនោះបានផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជន ១,៧០ លាននាក់ស្មើនឹង ២០ ភាគរយនៃចំនួនប្រជាជនធ្វើការងារនៅកម្ពុជា។
នៅថ្ងៃអនាគតលោក Delobel បានថ្លែងបន្តទៀតថាវាមានសារៈសំខាន់ណាស់ក្នុងការរក្សានូវសាមគ្គីភាពនៃបណ្តាញអាកាសយានដ្ឋាននៅកម្ពុជាដើម្បីបង្កើនប្រសិទ្ធភាពនៃវិស័យអាកាសចរណ៍ និងពង្រីកអត្ថប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចសង្គមកម្ពុជា។
លោកបាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការឲ្យអាកាសយានដ្ឋានទាំង ៣ ធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍជាបណ្តាញតែមួយដែលផ្តល់ឱកាសកាន់តែច្រើនក្នុងការតភ្ជាប់»។
អត្ថប្រយោជន៍ដែលជាក់លាក់មួយគឺនៅក្នុងការអភិវឌ្ឍផ្លូវអាកាសដែលមានប្រតិបត្តិករតែមួយក្នុងការគ្រប់គ្រងទាំងចរាចរណ៍ផ្លូវអាកាសជាតិ និងអន្តរជាតិផ្តល់ឲ្យក្រុមហ៊ុនអាកាសចរណ៍មានទស្សនវិស័យល្អប្រសើរជាងមុននៅពេលពិភាក្សាអំពីផ្លូវហោះហើរថ្មី។ ឧទាហរណ៍ ក្រុមហ៊ុនអាកាសចរណ៍មួយដែលកំពុងស្វែងរកការបើកដំណើរការផ្លូវហោះហើរអន្តរជាតិទៅកាន់ខេត្តសៀមរាបក៏អាចពិភាក្សាជាមួយនឹងប្រតិបត្តិករដដែលអំពីលទ្ធភាពបន្ថែមជើងហោះហើរក្នុងស្រុកទៅកាន់ក្រុងព្រះសីហនុផងដែរ។
លោក Delobel បានបន្តថា៖ «បែបនេះយើងអាចផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោកមិនមែនត្រឹមតែក្នុងនាមជាគោលដៅធ្វើដំណើរសម្រាប់រយៈពេល ២ ឬ ៣ ថ្ងៃនោះទេ ប៉ុន្តែសម្រាប់ ១ សប្តាហ៍តែម្តង»។
ប៉ុន្តែអាកាសយានដ្ឋានកម្ពុជាក៏អាចប្រើបណ្តាញទូទាំងពិភពលោកនៃក្រុមហ៊ុនមេរបស់ខ្លួន VINCI Airports ដោយមានធនធាន និងបទពិសោធដ៏ធំធេងក្នុងការអភិវឌ្ឍផ្លូវ និងប្រតិបត្តិការព្រលានយន្តហោះ។
លោកបានបន្តថា៖ «បណ្តាញរបស់យើងនៅទីនេះគឺជាផ្នែកមួយនៃបណ្តាញដ៏ធំដែលបណ្តាញដ៏ធំនោះគឺជា VINCI Airports នេះឯងដែលជាអ្នកប្រឡូកក្នុងវិស័យនេះលំដាប់កំពូលទាំង ៤ នៅលើពិភពលោកនៅក្នុងវិស័យអាកាសយានដ្ឋានអន្តរជាតិ ដោយមានអាកាសយានដ្ឋានចំនួន ៣៦ នៅក្នុងប្រទេសចំនួន ៧ នៅលើទ្វីបចំនួន ៣»។ លោកបានបន្ថែមថានៅក្នុងឆ្នាំ ២០១៧ បណ្តាញរបស់ក្រុមហ៊ុន Vinci Group មានអ្នកដំណើរជិត ១៦០ លាននាក់។
លោក Delobel បានបន្ថែមថា៖ «អាកាសយានដ្ឋានកម្ពុជាមានភាពសហការជាដៃគូជោគជ័យចំនួន ២៣ ឆ្នាំមកហើយ ដោយផ្តល់ជូនអតិថិជនរបស់យើងនូវគុណភាពខ្ពស់បំផុត ហើយយើងនៅតែមានចន្លោះក្នុងការអភិវឌ្ឍបន្ថែមទៀត»៕