សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ជំងឺរាតត្បាតកូវីដ ១៩ បានបង្កជាបញ្ហាប្រឈមដ៏ស្រួចស្រាល់បំផុតចំពោះសិទ្ធិមនុស្សជាមូលដ្ឋានចាប់ពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការងារសមរម្យ សិទ្ធិទទួលការអប់រំ ម្ហូបអាហារ និងទីជម្រក។ល។ ការបាត់បង់ប្រាក់ចំណូលដោយផ្ទាល់ដោយសារតែការរំខានដល់ចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ពិភពលោកបានបង្ខំឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរោងចក្រទំនិញសម្រាប់ធ្វើដំណើរជាង ៤០០ កន្លែងនៅកម្ពុជាផ្អាកប្រតិបត្តិការរបស់ខ្លួន និងធ្វើឱ្យកម្មករជាង ១៥ ម៉ឺននាក់ស្ថិតក្នុងសភាពគ្មានការងារធ្វើ។
ប្រឈមនឹងវិបត្តិនេះ កាលពីពេលថ្មីៗនេះកម្ពុជាបានដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ ១៩» ដែលនេះប្រហែលជាកម្មវិធីផ្ទេរសាច់ប្រាក់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ។ រដ្ឋាភិបាលត្រូវចំណាយ ២៥ លានដុល្លារអាមេរិកក្នុង ១ ខែ ដែលនឹងផ្តល់ផលប្រយោជន៍ដល់គ្រួសារចំនួន ៥៦ ម៉ឺនគ្រួសារ ឬប្រជាជនកម្ពុជាចំនួន ២,៣ លាននាក់។
អ្នកខ្លះរិះគន់ថា របបគាំពារសង្គមនេះគឺ «តិចតួចណាស់» ព្រោះវានឹងមិនអាចជួយអ្វីច្រើនដល់ការចំណាយរបស់ប្រជាជននោះឡើយ ដោយកត់សម្គាល់ថា ប្រជាជននៅរាជធានីភ្នំពេញត្រូវការយ៉ាងហោចណាស់ ៣០០ ដុល្លារ ក្នុង ១ ខែ ខណៈដែលអ្នកនៅតាមទីជនបទត្រូវការយ៉ាងហោចណាស់ ១៩០ ដុល្លារ ដើម្បីបំពេញតម្រូវការរបស់ពួកគេ។ ក្នុងស្ថានភាពលំបាកបែបនេះ ប្រទេសកម្ពុជាបានទទួលទាំងការដាក់ទណ្ឌកម្មផង និងជំនួយផង។
ខណៈពេលដែលប្រទេសកម្ពុជា កំពុងព្យាយាមដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ រដ្ឋាភិបាលស៊ុយអ៊ែតបានសម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបង្វែរការគាំទ្រផ្តោតតែទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
កាលពីឆ្នាំមុន អតីតស្នងការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom ដែលជាជនជាតិស៊ុយអែតដែរនោះ បានចាប់ផ្តើមនីតិវិធី ដើម្បីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មក្រោមក្របខ័ណ្ឌ «អ្វីៗគ្រប់យ៉ាងលើកលែងសព្វាវុធ (EBA)» ចំពោះប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរដែលមានទំហំរាប់ពាន់លានដុល្លារ។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺលោកស្រីគឺជាអ្នកដែលបានមកកាន់រដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ដែលជារដ្ឋកុម្មុយនីស្ត ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាមកាលពីខែមិថុនា ឆ្នាំ ២០១៩។ ផ្ទុយទៅវិញ ក្រុមហ៊ុនឯកជនរបស់ស៊ុយអែត Hennes & Mauritz (H&M) បែរជាបានសន្យាបន្តការបញ្ជាទិញពីកម្ពុជា ដើម្បីកែលម្អស្ថានភាពឧស្សាហកម្មកាត់ដេរ។ ភាពខុសគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនស៊ុយអែត ប្រហែលជាបង្ហាញអំពីសំឡេងផ្សេងៗគ្នានៅក្នុងសង្គមប្រជាធិបតេយ្យ។
ទោះយ៉ាងណាក៏ដោយវានៅតែពិបាកយល់នៅពេលដែលយើងឃើញថា ដៃម្ខាងកំពុងព្យាយាមជួយកម្ពុជា ប៉ុន្តែដៃម្ខាងទៀតបែរជាធ្វើអ្វីផ្ទុយពីនេះ។
ឧទាហរណ៍នៅពេលសហភាពអឺរ៉ុបកំពុងចលនាធនធានបានប្រមាណ ៥០៤ លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ប៉ុន្តែទន្ទឹមនឹងនេះសហភាពអឺរ៉ុបកំពុងតែត្រៀមខ្លួន ដើម្បីព្យួរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីកម្ពុជា ដែលអាចនឹងកាត់ផ្តាច់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ ចំពោះកម្មករកាត់ដេរ និងអ្នកពឹងអាស្រ័យរបស់ពួកគេចំនួន ២-៣ លាននាក់ទៅវិញ។
នេះមិនមែនបានន័យថា យើងមិនឱ្យតម្លៃដល់ជំនួយអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា នោះទេ។ ប៉ុន្តែសំណួរដែលសំខាន់ដែលត្រូវជជែកដេញដោលនោះ គឺពាក់ព័ន្ធនឹងគោលគំនិត «ពាណិជ្ជកម្ម ប្រសើរជាងជំនួយ» (trade-not-aid)។
សម្រាប់ប្រទេសកម្ពុជា ការជំរុញពាណិជ្ជកម្ម គឺស្មើនឹងការផ្តល់ប្រាក់ចំណូលដោយផ្ទាល់ដល់ប្រជាជន។ នៅពេលដែលពាណិជ្ជកម្មកាន់តែសម្បូរបែប ប្រាក់ចំណូលនឹងជ្រៀតចូលកាន់តែទូលំទូលាយដល់គ្រប់ស្រទាប់នៃប្រជាពលរដ្ឋដោយផ្ទាល់។ សម្រាប់ប្រទេសកម្ពុជា ពាណិជ្ជកម្មនឹងផ្តល់ឱកាសកាន់តែខ្លាំងក្នុងការពង្រឹងឯករាជភាពផ្នែកសេដ្ឋកិច្ច និងការពឹងផ្អែកលើខ្លួនឯង។ យ៉ាងណាក្តីចំណុចខ្សោយរបស់ប្រទេសកម្ពុជា គឺនៅត្រង់ថា ទីផ្សារមានទំហំតូច និងសមត្ថភាពផលិតនៅខ្សោយ បើប្រៀបធៀបជាមួយប្រទេសជិតខាងធំៗ ២ គឺថៃ និងវៀតណាម។
បើនិយាយរឿងជំនួយវិញ ទោះបីជាប្រទេសចិន និងជប៉ុន ជាម្ចាស់ជំនួយធំបំផុតរបស់កម្ពុជាក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសទាំង ២ នៅមានទំហំតូចបើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាក់ស្តែង ប្រទេសកម្ពុជា បាននាំចេញទំនិញមានតម្លៃត្រឹមតែ ១,៣ ពាន់លានដុល្លារទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០១៨ និង ១,៧ ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន នៅឆ្នាំ ២០១៩ បើប្រៀបធៀបនឹង ៣,៨ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ និង ៦ ពាន់លានដុល្លារ ទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំ ២០១៨។
ឥឡូវនេះប្រទេសកម្ពុជា កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជប៉ុន ហាក់ដូចជានៅឆ្ងាយ។ ប្រទេសខ្លះផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជាច្រើន ប៉ុន្តែពួកគេផ្តល់ឱ្យតែលើមុខទំនិញដែលកម្ពុជាគ្មានសមត្ថភាពផលិតប៉ុណ្ណោះ។ វិធានការមិនមែនពន្ធក៏ត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយលទ្ធភាពនាំចេញរបស់កម្ពុជា។ បើមើលពីសម្បកខាងក្រៅ ហាក់បីដូចជាប្រទេសទាំងនោះបានផ្តល់សម្បទានច្រើនខ្លាំងណាស់ដល់កម្ពុជា។
ចំពោះការពិភាក្សាលើប្រធានបទ «ពាណិជ្ជកម្ម ប្រសើរជាងជំនួយ» អត្ថបទរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ កាលពីឆ្នាំ ១៩៩៩ នៅតែមានសារៈសំខាន់រហូតទល់សព្វថ្ងៃ។
«ពិតហើយថា ពួកគេត្រូវព្រួយបារម្ភអំពីការងារអំពីសិទ្ធិមនុស្ស អំពីពលកម្មកុមារ អំពីបរិស្ថាន អំពីការធ្វើអាជីវកម្មលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងវេជ្ជសាស្រ្ត។ល។ ប៉ុន្តែ វាមិនត្រឹមត្រូវទាល់តែសោះដែលត្រូវដាក់កម្រិតលើការធ្វើពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាគោលនយោបាយផ្សេងដែលមិនពាក់ព័ន្ធនឹងពាណិជ្ជកម្មនោះ។ ការដាក់បន្ទុកបន្ថែមលើភាពក្រីក្រ និងរារាំងការអភិវឌ្ឍ តាមរយៈការដាក់កម្រិតលើពាណិជ្ជកម្មបែបនេះ ជាទូទៅតែងតែធ្វើឱ្យបញ្ហាកាន់តែដុនដាប ពោលគឺមិនបានជួយដោះស្រាយបញ្ហានោះទេ» «ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រទេសកំពុងអភិវឌ្ឍន៍មានមន្ទិលសង្ស័យចំពោះអ្នកដែលអះអាងថា កំពុងតែជួយពួកគេនៅពេលដែលអ្នកទាំងនោះបែរជាដាក់លក្ខខណ្ឌ ឬការរឹតត្បិតបន្ថែមទៀតទៅលើពាណិជ្ជកម្ម។ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេប្រាប់ម្តងហើយម្តងទៀតថា ពាណិជ្ជកម្មសេរីគឺសំខាន់ណាស់ ហើយពួកគេត្រូវបើកចំហសេដ្ឋកិច្ចរបស់ពួកគេ។ ជាក់ស្តែង ប្រទេសកំពុងអភិវឌ្ឍន៍បានបើកសេដ្ឋកិច្ចរបស់គេរួចទៅហើយទោះបីជាត្រូវខាតបង់ច្រើនក៏ដោយ»។
នៅពេលដែលប្រទេសកម្ពុជា កំពុងឈានទៅមុខនៅលើជណ្តើរនៃការអភិវឌ្ឍគោលគំនិត “ពាណិជ្ជកម្ម ប្រសើរជាងជំនួយ” ប្រហែលជានឹងត្រូវក្លាយជាប្រធានបទសំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងប្រទេសដៃគូ ប្រសិនបើប្រទេសដៃគូទាំងនោះ ពិតជាមានឆន្ទៈពិតប្រាកដក្នុងការគាំទ្រដល់ការពង្រឹងការពឹងផ្អែកលើខ្លួនឯង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា មែននោះ៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)