ឆ្នាំ ២០២២ ជិតមកដល់ហើយ ហើយប្រទេសកម្ពុជាក៏នឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣។ តួនាទីនេះអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផងដែរ។
អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ ទោះបីជាកម្ពុជា ជាអ្នកមកយឺតក្នុងកិច្ចការអាស៊ានក្តី កម្ពុជាតែងតែបានបង្ហាញថា ខ្លួនជាអ្នកគាំទ្រដ៏សកម្ម និងមានលក្ខណៈស្ថាបនាសម្រាប់ការកសាងសហគមន៍អាស៊ាន។ ភាពក្លាហានរបស់កម្ពុជាក្នុងការទទួលធ្វើជាប្រធានអាស៊ានលើកដំបូងក្នុងឆ្នាំ ២០០២ បន្ទាប់ពីចូលជាសមាជិកបានរយៈពេល ៣ ឆ្នាំទៅក្នុងសមាគមតំបន់មួយនេះបានបង្ហាញនូវឆន្ទៈនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តឥតងាករេរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាចំពោះសមាហរណកម្មតំបន់ និងពហុភាគីនិយម។ ការប្តេជ្ញាចិត្តទាំងនេះនៅតែស្ថិតស្ថេរជានិច្ច ហើយកាន់តែខ្លាំងក្លាជាងមុន។
យើងមានមោទនភាពដែលបានក្លាយជាតួអង្គសកម្មម្នាក់នៅក្នុងសហគមន៍អាស៊ានដែលជាស្ថាប័នដែលមានការពាក់ព័ន្ធ និងចូលរួមខ្លាំងនៅក្នុងសហគមន៍អន្តរជាតិ។ ទោះបីមានការរិះគន់ថា អាស៊ានគ្រាន់តែជា “វេទិកាព្រោកប្រាជ្ញ” ក្តី ក៏ប្រទេសនៅក្រៅតំបន់ជារឿយៗតែងតែចង់ប្រើប្រាស់វេទិកាអាស៊ានដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៅក្នុងតំបន់ស្វែងរកគោលដៅវិនិយោគ និងដៃគូពាណិជ្ជកម្ម និងផលប្រយោជន៍ផ្សេងទៀតដែលវេទិកាពហុភាគីនិយមអាចផ្តល់ជូន។
ជាការពិតចំពោះមុខនៃបញ្ហាប្រឈមពីការរីករាលដាលនៃជំងឺកូវីដ ១៩ អាស៊ានប្រហែលជាស្ថាប័នតំបន់ដែលសកម្មបំផុតមួយ ដែលកំពុងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវដំណោះស្រាយដែលមានការច្នៃប្រឌិត និងជំរុញការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មាន។
ការបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបចំពោះកូវីដ ១៩, ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF), ក្របខ័ណ្ឌការរៀបចំច្រកធ្វើដំណើរអាស៊ាន (TCAF) និងការស្នើបង្កើតឱ្យមានមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់សុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និងការអភិវឌ្ឍប្រព័ន្ធសម្របសម្រួលបន្ទាន់ផ្នែកសុខភាពសាធារណៈអាស៊ាន (APHECS) ជាដើម គឺជាភ័ស្តុតាងសំខាន់ដែលបញ្ជាក់ពីការងារសម្របសម្រួលគោលនយោបាយដែលមានលក្ខណៈបុរេសកម្មរបស់អាស៊ាន ហើយដែលសកម្មភាពសម្របសម្រួលជាលក្ខណៈតំបន់បែបនេះ យើងស្ទើរតែពុំឃើញមាននៅក្នុងតំបន់ផ្សេងទៀតទូទាំងពិភពលោក។
ក្នុងនាមជាពលរដ្ឋអាស៊ាន យើងគួរតែមានមោទនភាពចំពោះស្នាដៃទាំងនេះ ជាជាងការទទួលយកការដាក់ឈ្មោះថា “អាស៊ានជាវេទិកាព្រោកប្រាជ្ញ”។
តើអ្វីទៅដែលនឹងក្លាយជាកិច្ចការសំខាន់សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ ២០២២?
ជាដំបូង និងសំខាន់ជាងគេ គឺយើងត្រូវកំណត់និន្នាការសកលសំខាន់ៗ (mega trends) ដែលមានឥទ្ធិពលលើតំបន់។ បញ្ហាជំងឺរាតត្បាតកូវីដ១៩ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រទេសនៅជុំវិញពិភពលោកដែលកំពុងតែស្វិតស្វាញស្វែងរកវិធីសាស្ត្រស្តារសេដ្ឋកិច្ច និងធុរកិច្ចដែលស្ទើរតែដួលរលំ។ យើងដឹងថា លទ្ធភាពនៃការធ្វើដំណើរមកចូលរួមប្រជុំដោយផ្ទាល់នៅកម្ពុជានៅតែមានបញ្ហានៅឡើយ ទោះបីជាកម្ពុជាមានបំណងរៀបចំកិច្ចប្រជុំនៅក្នុងឆ្នាំ ២០២២ ដោយមានវត្តមានផ្ទាល់ក៏ដោយ។
ការប្រកួតប្រជែងរវាងមហាអំណាចនឹងនៅតែបន្តមានភាពតានតឹងហើយការបែងចែកពិភពលោកជា ២ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម លម្ហឌីជីថល និងបច្ចេកវិទ្យាគឺជាសេចក្តីកង្វល់ដ៏ធំមួយ។
នៅក្នុងតំបន់របស់យើង សេចក្តីកង្វល់អំពីសន្តិសុខជាប្រពៃណី ដូចជា ការកើតមាននូវជម្លោះផ្ទៃក្នុងរបស់ប្រទេសសមាជិក, បញ្ហាដ៏ស្មុគស្មាញនៃព្រំដែនគោក និងព្រំដែនសមុទ្រជាដើមនឹងនៅតែបន្តមាន។ ចំពោះបញ្ហាសន្តិសុខមិនប្រពៃណី មានដូចជាគ្រោះមហន្តរាយធម្មជាតិ, ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ជនបាត់បង់ទីលំនៅក្នុងស្រុក, ការផ្លាស់ប្តូរអាកាសធាតុ ជាដើមនឹងបន្តក្លាយជាបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញឡើង។
ជាការពិតប្រទេសកម្ពុជាមិនអាចសម្តែងថា យើងនឹងមានលទ្ធភាពទទួលជោគជ័យក្នុងការផ្លាស់ប្តូររបត់សម្រាប់និន្នាការសកលធំៗទាំងនោះទេ នៅពេលដែលតួនាទីជាប្រធានរបស់យើងនឹងបញ្ចប់។ យើងដឹងច្បាស់ថា អ្វីទៅគឺជាការអនុវត្តប្រកបដោយភាពប្រាកដនិយម និងសេចក្តីស្រមៃដែលយើងចង់បាន។
កម្ពុជានឹងបោះជំហានឆ្ពោះទៅរកសេចក្តីស្រមៃប្រកបដោយភាពប្រាកដនិយម។ កម្ពុជាដឹងថា ភាពជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជា មិនមែនជាជោគជ័យ ឬបរាជ័យ ដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ។ ភាពជាប្រធានរបស់កម្ពុជា គឺជាការប្តូរវេនជាមួយនឹងប្រធានមុនៗ ដូច្នេះរាល់សមិទ្ធផល ឬវឌ្ឍនភាពទាំងឡាយគឺជាស្នាដៃរួមរបស់សមាជិកអាស៊ានទាំង ១០។
នេះគឺជាសារៈសំខាន់នៃ “មាគ៌ាអាស៊ាន” ក្នុងការថែរក្សាមជ្ឈភាពអាស៊ាន និងសារៈសំខាន់របស់អាស៊ាន នៅពេលប្រឈមនឹងនិន្នាការសកលដែលលំបាក និងប្រកបដោយការរើសអើងបែងចែក។ ការណ៍ដែលស្ថាប័នអាស៊ាននៅតែមានភាពស្អិតល្មួតផ្ទៃក្នុងមិនប្រេះឆា គឺដោយសារតែយើងរក្សាបាននូវគោលការណ៍ប្រតិបត្តិមូលដ្ឋានដែលជា “មាគ៌ាអាស៊ាន” ដែលផ្តល់តម្លៃទៅលើការឯកភាពគ្នានៅក្នុងភាពចម្រុះ, ការគោរពគោលការណ៍កុងសង់ស៊ីស, ការខិតខំជំរុញការសន្ទនា និងពិគ្រោះយោបល់ ដែលមានលក្ខណៈស្ងាត់ស្ងៀមដែលគោរពអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកនៅរាល់ពេលដែលយើងជួបប្រទះបញ្ហាលំបាក។ ពីព្រោះថា អាស៊ានតែងតែលើកកម្ពស់ការឯកភាពគ្នាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែអាស៊ានមិនជំរុញឱ្យមានការឯកភាពគ្នា ដើម្បីជំរុញការប្រឈមមុខដាក់គ្នានោះទេ។
ជាមួយនឹងនិន្នាការសកលធំៗខាងលើអាទិភាពសំខាន់បំផុតរបស់កម្ពុជាក្នុងឆ្នាំ ២០២២ គឺយើងត្រូវបន្តរក្សា និងគ្រប់គ្រងស្ថានភាព/បរិស្ថានដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។
ដូចប្រធានអាស៊ានទាំងអស់ផ្សេងទៀតដែរ កម្ពុជានឹងខិតខំជំរុញរបៀបវារៈទាំងឡាយណាដែលចងភ្ជាប់យើងទាំងអស់គ្នា ជាជាងបញ្ហាដែលបែងចែកយើងទាំងអស់គ្នា។ នេះមិនមែនមានន័យថា អាស៊ានកំពុងគេចវេះពីបញ្ហានោះទេ ប៉ុន្តែអាស៊ានតែងតែប្រកាន់ជំហរជាក់ស្តែងនិយមនៅពេលដែលយើងជួបប្រទះនូវបញ្ហាប្រឈមណាមួយ។ ឧទាហរណ៍ ជាការអនុវត្តជាក់ស្តែង អាស៊ានពុំអាចធ្វើអ្វីបានច្រើនឡើយចំពោះបញ្ហាការប្រកួតប្រជែងរវាងមហាអំណាច។
ដូច្នេះ ប្រសិនបើមហាអំណាចទាំង ២ អាចស្វែងរក ឬជួយអាស៊ានក្នុងការស្វែងរករបៀបវារៈទាំងឡាយណាដែលជំរុញកិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំង ២ ជំនួសឱ្យការចោទប្រកាន់ និងការលាបពណ៌ដាក់គ្នាឥតឈប់ឈរ នោះប្រហែលជាប្រធានអាស៊ានទាំងអស់នឹងមានភាពធូរស្រាលក្នុងចិត្ត។ ប៉ុន្តែនេះប្រហែលបានត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ។
អ្វីដែលសំខាន់ដែរនោះ គឺយើងត្រូវព្យាយាមលើកកម្ពស់ “ភាពជាក់ស្តែង”(tangibility) នៃផលប្រយោជន៍សម្រាប់ប្រជាជន។
នេះគឺជាការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងសំណួរដែលសាមញ្ញ ប៉ុន្តែ ពិបាកឆ្លើយចំពោះពលរដ្ឋអាស៊ានថា តើសហគមន៍អាស៊ានមានផលប្រយោជន៍អ្វីខ្លះសម្រាប់ពួកគេ?
ក្នុងការកំណត់អាទិភាពសម្រាប់ការធ្វើជាប្រធានឆ្នាំ ២០២២ យើងព្យាយាមផ្តោតលើវិធីសាស្ត្រដែលយើងអាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ាន។ ផលប្រយោជន៍ដែលអាចប៉ះបាន និងអាចដឹងឮបាន ដើម្បីឱ្យយើងអាចផ្តល់ឱ្យពលរដ្ឋអាស៊ាននូវមោទនភាព និងក្តីសង្ឃឹមសម្រាប់អនាគត និងទំនុកចិត្តសម្រាប់សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយរបស់អាស៊ាន ដោយគ្មានបោះបង់នរណាម្នាក់ឡើយ។
ក្នុងស្មារតីនេះ យើងកំពុងព្យាយាមពិនិត្យមើលវិធីដែលយើងអាចលើកកម្ពស់ “ភាពជាក់ស្តែង” នៃផលប្រយោជន៍សម្រាប់ប្រជាជនតាមរយៈសកម្មភាពរបស់យើងទៅលើជំងឺកូវីដ១៩, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត, ពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន, សេដ្ឋកិច្ចឌីជីថល, ការពង្រឹងការការពារពលករចំណាកស្រុក, ការពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ, ការផ្លាស់ប្តូរអាកាសធាតុ, ការតភ្ជាប់ផ្លូវដែក, ការតភ្ជាប់រវាងតំបន់ឧស្សាហកម្ម ជាដើម បន្ថែមទៅលើអត្ថប្រយោជន៍ជាក់ស្តែងដែលកំពុងមានស្រាប់ ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការរវាងសមាជិកអាស៊ាន, ការតភ្ជាប់ផ្លូវហាយវ៉េអាស៊ាន, ឱកាសផ្លាស់ប្តូរយុវជន និងអាហារូបករណ៍, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការវិនិយោគដោយផ្ទាល់ពីបរទេស,ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពីដៃគូ ជាដើម។ល។
យើងក៏ព្យាយាមធ្វើឱ្យមានតុល្យភាពផងដែររវាងសសរស្តម្ភទាំង ៣ របស់អាស៊ាន នោះគឺសហគមន៍សន្តិសុខនយោបាយ, សហគមន៍សេដ្ឋកិច្ច, និងសហគមន៍សង្គមវប្បធម៌។ ជាទិដ្ឋភាពក្នុងប្រទេស យើងមានបំណងធានាថា យើងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ានជាប្រវត្តិសាស្ត្រនេះ។
ជាទិដ្ឋភាពក្នុងតំបន់ យើងចង់ធានាថា រាល់អត្ថប្រយោជន៍ទាំងអស់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ត្រូវបានចែករំលែកដល់គ្រប់កម្រិត និងគ្រប់វិស័យ និងជាពិសេសបានទៅផ្ទាល់ដល់ប្រជាជនអាស៊ានដែលយើងមានកាតព្វកិច្ចបម្រើ៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)