
ស្ត្រីម្នាក់កំពុងបំបៅដោះកូន បន្ទាប់ពីឆ្លងទន្លេរួច។ រូបថត សហការី
មិនថាប្រទេសអភិវឌ្ឍន៍ ឬក៏ប្រទេសកំពុងអភិវឌ្ឍន៍នោះទេនិន្នាការជាសកលទៅហើយ សម្រាប់ការវិវត្តពីការបំបៅកូនដោយទឹកដោះម្តាយ មកការបំបៅកូនដោយទឹកដោះគោមកជំនួសនោះ។ ប្រទេសណាក៏ជួបបញ្ហាការបំបៅដោះកូនដោយទឹកដោះម្តាយនេះដូចគ្នា ដោយសារតែគម្លាតម្តាយ ដែលជាអ្នកបំបៅដោយទឹកដោះធម្មជាតិសុទ្ធនោះតាមរយៈស្វែងរកការងារ គោលនយោបាយនៅកន្លែងធ្វើការមិនអំណោយផលការចំណាកស្រុក ការបញ្ចុះបញ្ចូលផ្សាយពាណិជ្ជកម្មពីផលិតផលម្សៅទឹកដោះគោរបស់ក្រុមហ៊ុន ជាដើម។
តាមរយៈរបាយការណ៍អង្កេតថ្នាក់ជាតិស្តីពីប្រជាសាស្ត្រ និងសុខភាពឆ្នាំ ២០១៤ បានបង្ហាញថា មានការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់ទារកអាយុ ៦ ខែដំបូងមក ៦៥ ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១០ មានដល់ទៅ ៧៤ ភាគរយ។
បើទោះបីជាគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបន្ថែមទឹកដោះគោ និងអាហារបំប៉នក៏ដោយក៏ម្តាយនៅតែត្រូវបានលើកទឹកចិត្តឲ្យបំបៅដោះកូនដោយទឹកដោះម្តាយដដែល រហូតដល់កុមារមានអាយុ ២ ឆ្នាំ។ សេចក្តីណែនាំនេះគឺមានគោលបំណងលើកទឹកចិត្តម្តាយឲ្យស្វែងយល់ពីសុខភាពខ្លួនឯងផង និងសុខភាពរបស់កូនៗផង ជាពិសេសបង្ហាញពីសេចក្តីស្រឡាញ់បន្ថែមទៀតរវាងម្តាយ និងទារក និងការកាត់បន្ថយការចំណាយមិនចាំបាច់។
ជាក់ស្តែងបច្ចុប្បន្ននេះម្តាយ និងទារក ឬកុមារចាប់ផ្តើមមានគម្លាតគ្នាក្នុងការបីបាច់ថែរក្សាកូនៗ មិនថាអ្នកធូរធារ ឬអ្នកក្រទេ នៅពេលម្តាយទៅធ្វើការបាត់ៗពីផ្ទះនៅសល់តែយាយតា ឬក៏ពូមីងអ៊ំ ឬ ក៏ម៉ែដោះដែលជាឈ្នួលមកមើលថែទាំនោះ គឺត្រូវទទួលបន្ទុកចំណាយបន្ថែមទៅលើម្សៅទឹកដោះគោប្រមាណ ១០០ ដុល្លារអាមេរិកសម្រាប់ទារកក្រោម ៦ ខែ ហើយបើលោតែថែមខោទឹកនោម និងលាមកទៀតគឺថែម ៥០ ដុល្លារអាមេរិក ទើបបានគ្រាន់ក្នុងមួយខែៗ។ អ៊ីចឹងហើយបានម្តាយខ្លះបានគិតគូរឡើងវិញថាតើគាត់គួរតែទៅធ្វើការក្រោយសម្រាកលំហែមាតុភាព ឬក៏បន្តសម្រាកឲ្យបានពេញលេញដើម្បីមើលថែទាំទារកដែលទើបនឹងកើតរបស់គាត់។
ចំណុចនេះធ្វើឲ្យមាតាមួយចំនួន មានការរារែកចិត្តរវាងការមើលថែទាំកូន ដោយបំបៅទឹកដោះម្តាយពេញលេញ (Exclusive breastfeeding) និងការទៅធ្វើការងារដោយប្រើសារធាតុចិញ្ចឹមដោយម្សៅទឹកដោះគោជំនួសទឹកដោះម្តាយ បើទោះបីជាដឹងថាវាចំណេញដល់ទៅ ១០០ ដុល្លារ ក្នុង ១ ខែក៏ដោយ ប្រសិនបើបំបៅដោះម្តាយតែ ១ មុខ។ ចុងក្រោយមាតាមួយចំនួននោះនៅតែយកជម្រើសមកធ្វើការឲ្យកូនបៅម្សៅទឹកដោះគោនៅផ្ទះ ជាជាងទឹកដោះម្តាយ បើទោះបីជាកន្លែងធ្វើការអនុញ្ញតឲ្យយកកូនពីផ្ទះមកបំបៅដោះម្តាយនៅការិយាល័យក៏ដោយ។
ម្យ៉ាងវិញទៀតក្រុមហ៊ុនកាត់ដេរដែលបានចុះបញ្ជីត្រឹមត្រូវហើយឆ្លើយតបទៅនឹងស្តង់ដារបស់ក្រសួងការងារគឺក្រុមហ៊ុនបានផ្តល់ជម្រើសដល់កម្មការិនីដែលតម្រូវឲ្យផ្តល់ទឹកដោះម្តាយដល់ទារករបស់ពួកគេ។ ទី១- បង្កើតទារកដ្ឋានសម្រាប់ស្ត្រីមានកូនខ្ចីដើម្បីឲ្យមានពេលវេលាបំបៅដោះកូនហើយអនុញ្ញតឲ្យម្តាយចេញមុន ១ ម៉ោងបាន។ ទី២- ផ្តល់ម្សៅទឹកដោះគោឲ្យម្តាយ ដើម្បីឲ្យអ្នកមើលថែទាំកូនជាអ្នកផ្តល់ទៅកូនរបស់គាត់។ ទី៣- ផ្តល់លុយ ជំនួសថ្លៃម្សៅទឹកដោះគោតែម្តងហើយម្តាយមកធ្វើការដូចធម្មតាបាន។
ករណីនេះ កម្មការិនីនៅតែមិនយកជម្រើសទី ១ ដែលតម្រូវឲ្យម្តាយបំបៅដោះកូនដោយទឹកដោះតែមួយមុខនោះទេ ព្រោះគាត់បាត់បង់ឱកាសធ្វើការបន្ថែមម៉ោង។ នេះបើតាមការចែករំលែកបទពិសោធរបស់អ្នកគ្រូពេទ្យ ដែលធ្វើការជាមួយរោងចក្រកាត់ដេរជិត ២០ ឆ្នាំកន្លងមក។
លក្ខខណ្ឌរបាំងដ៏ចម្បងមួយទៀតសម្រាប់អ្នកមានការងារធ្វើពីកម្រិតល្អបង្គួរ ដល់ល្អ មានការិយាល័យអង្គុយធ្វើការត្រឹមត្រូវនៅស្ថាប័នមួយដែលមានឱកាសផ្តល់ការបំបៅដោះកូន ដោយទឹកដោះម្តាយក៏ដោយ មិនថាការិយាល័យរបស់រដ្ឋ ឬក៏អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការជាតិ ឬក៏ក្រុមហ៊ុនធំៗនោះទេគឺភាគច្រើននៅមិនទាន់មានបន្ទប់ជាក់លាក់មួយ សម្រាប់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅឡើយទេ។
រីឯការធ្វើចំណាកស្រុក មិនថានៅក្រៅស្រុក ឬក៏ក្នុងស្រុកទេគឺដឹងតែបរាជ័យក្នុងការផ្តល់ទឹកដោះម្តាយតែមួយមុខហ្នឹងហើយ។ តែអ្វីដែលនៅសេសសល់ ក្នុងការលើកទឹកចិត្តម្តាយឲ្យបំបៅដោះកូននោះគឺដោយសារតែបញ្ហាផ្សាយពាណិជ្ជកម្ម និងការបញ្ចុះបញ្ចូលពីក្រុមហ៊ុនគ្រប់រូបភាព បើនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យគឺគេបញ្ជ្រាបបញ្ចូលទៅតាមរយៈគ្រូពេទ្យឆ្មបហ្នឹងតែម្តង ដើម្បីសម្របសម្រួលផ្តល់ឱកាសឲ្យភ្នាក់ងារភ្ជាប់ជាមួយម្តាយទារកតែម្តង។
រីឯនៅតាមគ្លីនិកឯកជនវិញគឺងាយនឹងទទួលផលប្រយោជន៍ពីក្រុមហ៊ុនម្សៅទឹកដោះគោណាស់ ព្រោះក្រុមហ៊ុនឲ្យសម្ភារ ឬក៏សេវាលើកទឹកចិត្តដល់ម្ចាស់គ្លីនិក ឬក៏បុគ្គលិកសកម្មឲ្យជួយទាក់ទាញស្ត្រីដែលទើបតែឆ្លងទន្លេហើយ ដូចជាផ្តល់ទូរទស្សន៍ទំនើប កុំព្យូទ័រយួរដៃ អាយផេត (iPad) ទូរស័ព្ទស្មាតហ្វូន សំបុត្រយន្តហោះទៅលេងនៅអឺរ៉ុប ប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េជាដើម។ សកម្មភាពទាំងនេះគឺខុសច្បាប់ទាំងស្រុងនឹងអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។
តាមរយៈរបាយការណ៍ការស្រាវជ្រាវរបស់អង្គការ Helen Keller/ARCH នៅរាជធានីភ្នំពេញឆ្នាំ ២០១៤ បានរកឃើញថា ៨៦ ភាគរយនៃម្ដាយ រាយការណ៍អំពីការសម្រុះសម្រួលពាណិជ្ជកម្មសម្រាប់ការជំនួសទឹកដោះម្តាយ និង ១៨ ភាគរយរាយការណ៍ថា ទទួលបានការណែនាំពីគ្រូពេទ្យវិជ្ជាជីវៈឲ្យប្រើម្សៅទឹកដោះគោជំនួស (Breast-milk substitutes)។
ក្រៅពីនេះក៏មានចំណុចខ្វះខាតទៅលើបច្ចេកទេសរបស់បុគ្គលិកពេទ្យឆ្មបតែម្តងក្នុងការធ្វើយ៉ាងណាឲ្យម្តាយមានទឹកដោះពេញលេញ និងការដាក់ទីតាំងឲ្យកុមារបៅដោះឲ្យបានត្រឹមត្រូវ និងជំនឿរបស់ម្តាយទៅលើការបំបៅដោះម្តងខាងឆ្វេង បានបន្តិចត្រូវដូរខាងស្តាំដើម្បីកុំឲ្យដោះរីកម្ខាងធំម្ខាងតូច។ ការជឿបែបនេះគឺខុសទៅនឹងទ្រឹស្តីបច្ចេកទេសក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយ ដែលខ្ញុំបានរៀនគឺតម្រូវឲ្យម្តាយបំបៅដោះឲ្យអស់ម្ខាងៗដើម្បីឲ្យទារកទទួលបានទឹកដោះខាប់ពេញលេញ។
ម្យ៉ាងវិញទៀតការរៀបចំប្រព័ន្ធតាមដានថា តើម្តាយគាត់បំបៅដោះកូនគាត់តែមួយគត់ក្នុងរយៈពេល ៦ ខែដំបូងយ៉ាងដូចម្តេច? នៅពេលដែលចេញពីពេទ្យទៅផ្ទះ យាយលួចបន្តក់ទឹកឲ្យផឹក ពេលម្តាយមិននៅ? ឬពេលកើតមកភ្លាម យាយលួចឲ្យទឹកចៅផឹកភ្លាម ឃើញចៅយំស្រេកទឹក ខ្លាចចៅស្លាប់នោះ? បើកើតមានដូចនេះមែន តាមទ្រឹស្តីគេមិនហៅថា ការបំបៅដោះដោយទឹកដោះម្តាយសុទ្ធតែ ១ មុខនោះទេ។
ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទាំងអស់គួរតែគិតគូររួមគ្នារកយន្តការលើកកម្ពស់សុខភាពថ្មីលើកម្មវិធីដែលមានបង្ហាញខាងលើស្រាប់ ដើម្បីលើកទឹកចិត្តម្តាយ និងក្រុមគ្រួសារឲ្យយល់ថា ការបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធពិតជាបានចូលរួមចំណែកក្នុងការជួយជីវភាពគ្រួសារបានប្រសើរឡើងមែន ប្រសិនបើមិនយកលុយទិញម្សៅទឹកដោះគោ គឺលុយហ្នឹងសល់សម្រាប់ធ្វើអ្វីផ្សេងបាននៅក្នុងគ្រួសារ។ ដូចថ្មីៗនេះនៅទិវាជាតិអាហារូបត្ថម្ភលើកទី ៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ថែមការយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការបំបៅកូនដោយទឹកដោះម្តាយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com