យោងតាមទ្រឹស្តីនៃទំនាក់ទំនងអន្តរជាតិ ពិភពលោកគឺស្ថិតនៅក្នុងសភាពអនាធិបតេយ្យជានិច្ច ដូច្នេះហើយប្រទេសទាំងឡាយតែងតែស្វែងរកតុល្យភាពអំណាច ដើម្បីរក្សាការពារសន្តិសុខរបស់ខ្លួន។ ជាមួយនឹងភាពលេចធ្លោរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងយោធា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមានការភ័យខ្លាចក្នុងការបាត់បង់តុល្យភាពអំណាចដែលគាំទ្រដល់ការគ្រប់គ្រងរបស់អាមេរិកនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន។ អាមេរិកចាត់ទុកចិនថាជា “រដ្ឋកែប្រែនិយម” (revisionist state) ហើយបានសម្តែងការព្រួយបារម្ភ និងចោទចិនពីការអនុវត្តនយោបាយវាតទីនិយមយោធា និងការប៉ុនប៉ងឈានទៅរកអនុត្តរភាព (hegemony) (អំណាចខ្លាំងលើសគេ)។
បើយើងក្រឡេកមើលពីចំណុចក្តៅយុទ្ធសាស្ត្រជាច្រើននាពេលបច្ចុប្បន្ន ដូចជា សមុទ្រចិនខាងត្បូងតៃវ៉ាន់ សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យា ជាដើមធ្វើឱ្យយើងគិតថា លទ្ធភាពនៃការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំង ២ ហាក់ដូចជាចៀសមិនរួច។ តើអាចនឹងមានសង្គ្រាមរវាងចិន និងអាមេរិកពីភាពតានតឹងនាពេលបច្ចុប្បន្នដែរឬទេ? បើមានតើសង្គ្រាមនឹងមានទម្រង់បែបណា?
បើយើងមើលពីប្រវត្តិសាស្ត្រ យើងអាចប្រមើលមើលពីទម្រង់ ៣ នៃសង្គ្រាមដែលអាចកើតមានឡើងរវាងចិន និងអាមេរិកគឺ៖ សង្គ្រាមលោកលើកទី ៣ សង្គ្រាមត្រជាក់ទី ២ និងសង្គ្រាមដោយតួអង្គតំណាង (proxy wars) តាមតំបន់។
សង្គ្រាមលោកលើកទី ៣ គឺជាទម្រង់នៃការប្រមើលមើលដែលមានលក្ខណៈជ្រុលនិយម។ នៅពេលដែលចិនត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងសន្តិសុខ និងជាប្រទេសដែលចង់ច្បាមយកអំណាចខ្លាំងលើសគេដោយយោធា តើយើងគួរចាត់ទុកចិន ដូចជាអាល្លឺម៉ង់ និងជប៉ុនក្នុងសម័យសង្គ្រាមលោកទាំង ២ លើកដែរឬទេ?
តើចិនមានបានឈ្លានពាន និងកាន់កាប់ប្រទេសណាមួយហើយឬនៅ? តើចិនមានដាក់នឹមអាណានិគមចក្រពត្តិនិយមដែរឬទេ? តើចិនមានបានសម្លាប់រង្គាលប្រជាជនប្រទេសណា ១ ឬទេ? តើចិនគឺជារដ្ឋភេរវករឬយ៉ាងណា?
តើនឹងអាចមានព្រឹត្តិការណ៍ស្រដៀងនឹងការវាយឆ្មក់របស់ជប៉ុនលើកំពង់ផែយោធា Pearl Harbor របស់អាមេរិក ដែលជាកត្តាជំរុញឱ្យអាមេរិកប្រឡូកក្នុងសង្គ្រាមលោកដែរឬទេ? ទម្រង់ទី ២ នៃសង្គ្រាមគឺ “សង្គ្រាមត្រជាក់ទី ២” ដែលត្រូវបានគេពិភាក្សាយ៉ាងផុសផុលថា អាចក្លាយជាការពិត ឬកំពុងតែកើតឡើងរួចទៅហើយនាពេលបច្ចុប្បន្ន។ ប៉ុន្តែបើកើតមានពិតមែនសង្គ្រាមត្រជាក់លើកនេះគឺមិនមែនជាជម្លោះមនោគមន៍វិជ្ជាការប្រកួតប្រជែងជើងឯកអវកាស ឬការរត់ប្រណាំងសព្វាវុធនុយក្លេអ៊ែរ ដូចសង្គ្រាមត្រជាក់លើកមុននោះទេ។
លើកនេះ គឺមានទិដ្ឋភាពផ្សេង ដូចជា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមអ៊ីនធឺណិត ការប្រកួតដណើ្តមឥទ្ធិពលលើស្ថាប័នអភិបាលកិច្ចសកល ឬក៏សង្គ្រាមចម្រុះទិដ្ឋភាព។ ការប្រកួតប្រជែងត្រួតត្រាលើក្របខ័ណ្ឌពហុភាគីក៏អាចជាសមរភូមិមួយនៅក្នុងសង្គ្រាមត្រជាក់ទី ២ ដែលបាននិងកំពុងបែងចែកប្រទេសនានាតាមប៉ូលអំណាចនីមួយៗ ឧទាហរណ៍ដូចជា ការប្រកួតប្រជែងរវាង “គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់” របស់ចិនជាមួយនឹង “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់អាមេរិកជាដើម។
ប៉ុន្តែបើសង្គ្រាមត្រជាក់ទី ២ កំពុងតែកើតមានពិតមែន សង្គ្រាមនេះអាចនឹងមានសមរភូមិតិចជាងសង្គ្រាមត្រជាក់ទី ១ ដោយសារថា ចិនមានការអល់អែកក្នុងការឈានទៅប្រកួតប្រជែងដណ្តើមការដឹកនាំនៅគ្រប់សមរភូមិជាមួយអាមេរិក ដូចអ្វីដែលសហភាពសូវៀតបានព្យាយាមធ្វើក្នុងសម័យសង្គ្រាមត្រជាក់លើកមុន។
ការប្រើពាក្យ “ប្រកួតប្រជែង” គ្រប់គ្រងក្របខ័ណ្ឌពហុភាគីក៏មិនត្រឹមត្រូវទាំងស្រុងដែរ ពីព្រោះថាថវិកាវិភាគទានរបស់ចិនចំពោះប្រព័ន្ធពហុភាគីនៅទាបនៅឡើយ បើប្រៀបធៀបជាមួយអាមេរិក ហើយវាក៏មិនមែនជាការប្រកួតប្រជែងដែរ ប្រសិនបើអាមេរិកគិតតែពីដកខ្លួនចេញពីប្រព័ន្ធពហុភាគី និងអង្គការអន្តរជាតិជាច្រើនដែលខ្លួនបានខិតខំចូលរួមបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី ២ តួយ៉ាងដូចជាការដកខ្លួនពីអង្គការ UNESCO អង្គការសុខភាពពិភពលោក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុជាដើម។
ប្រទេសចិនសម័យទំនើប តាមពិតបានអាស្រ័យផលជាច្រើនពីប្រព័ន្ធអភិបាលកិច្ចពិភពលោក ដែលបង្កើតឡើងដោយអំណាចគ្រប់គ្រងរបស់អាមេរិក ហើយចិនក៏ពុំទាន់បានបង្កើតនូវប្រព័ន្ធអភិបាលកិច្ចសកលណាមួយនៅឡើយទេ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ចិនហាក់ដូចជាមិនទាន់បានសម្តែងមហិច្ឆតាចង់ដាក់បន្តុបប្រព័ន្ធនយោបាយរបស់ខ្លួន ឬពង្រីកប្រព័ន្ធនយោបាយរបស់ខ្លួនទៅលើប្រទេសដទៃដែរ ហើយមកទល់ពេលនេះក៏ពុំទាន់មានប្រទេសណាក្នុងលោកដែលប្រកាសទទួលយកប្រព័ន្ធអភិបាលកិច្ចតាមបែបចិនដែរ។
ទម្រង់ទី ៣ នៃសង្គ្រាមនោះគឺសង្គ្រាមដោយតួអង្គតំណាងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាវេទិកាប្រកួតប្រជែងចម្បងរវាងអាមេរិក និងចិន។ ដូចក្នុងសង្គ្រាមត្រជាក់លើកទី ១ ការប្រកួតប្រជែងរវាងអាមេរិក និងចិនអាចឈានទៅរក “សង្គ្រាមក្តៅ” រវាងប្រទេសដែលគាំទ្រប៉ូលនីមួយៗ។ តំបន់ក្តៅដូចជា សមុទ្រចិនខាងត្បូង និងតៃវ៉ាន់គឺសុទ្ធតែជាចំណុចដែលអាចធ្វើឱ្យសង្គ្រាមក្តៅផ្ទុះឡើង។
សម្រាប់តំបន់មេគង្គ លទ្ធភាពនៃការផ្ទុះឡើងនៃ “សង្គ្រាមវៀតណាមទី ២” គឺមិនអាចផាត់ចោលបានឡើយ នៅពេលដែលវៀតណាម និងចិនតែងតែប្រឈមមុខដាក់គ្នាជារឿយៗនៅសមុទ្រចិនខាងត្បូង។ កម្ពុជាធ្លាប់មានបទពិសោធទទួលរងពីឥទ្ធិពលនៃ “សង្គ្រាមវៀតណាមទី ១” រួចហើយ តាមរយៈសង្គ្រាមដោយតួអង្គតំណាង។ នៅពេលដែលកម្ពុជាជួយវៀតណាម ដោយអនុញ្ញាតឱ្យប្រើប្រាស់ “ផ្លូវលំសីហនុ” (Sihanouk Trail) នៅលើទឹកដីរបស់ខ្លួនដើម្បីឱ្យកងទ័ពវៀតណាមខាងជើងដឹកជញ្ជូនស្បៀង និងអាវុធ អាមេរិកបានទម្លាក់គ្រាប់បែកលើកម្ពុជាជាង ២ លានតោន ធ្វើឱ្យប្រជាជនខ្មែរស្លាប់ និងរបួសយ៉ាងតិច ១០ ម៉ឺននាក់ និងបាត់បង់ទីជម្រកជាង ២ លាននាក់។
ការទម្លាក់គ្រាប់បែករបស់អាមេរិកត្រូវបានគេចាត់ទុកថា ជាកត្តាមួយដែលជួយពង្រឹងការកាន់កាប់អំណាចរបស់ក្រុមប្រល័យពូជសាសន៍ ប៉ុល ពត។ នៅក្នុងសម័យសង្គ្រាមត្រជាក់ នៅពេលដែលផ្នែកផ្សេងទៀតនៃអាស៊ីអាគ្នេយ៍មានសន្តិភាព ប្រទេសពាក់កណ្តាលនៃអនុតំបន់មេគង្គបានរងគ្រោះដោយសង្គ្រាមបង្ហូរឈាមដែលអូសបន្លាយរហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលសង្គ្រាមស៊ីវិលបានបិទទំព័រចុងក្រោយរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ១៩៩៨។ ពិតណាស់ថា ទាំងអាមេរិក និងចិនមិនចង់ប្រឈមមុខដាក់គ្នាដោយសង្គ្រាមនោះទេ។ ចំពោះចិន និងវៀតណាមវិញក៏ដូចគ្នា។
ទោះបីជាពួកគេប្រឈមមុខច្រើននៅក្នុងសមុទ្រចិនខាងត្បូងក្តី ពួកគេក៏មិនចង់មានសង្គ្រាមតទល់ដោយផ្ទាល់ដែរ ដោយសារតែពួកគេមានទំនាក់ទំនងស្អិតរមួតរវាងគណបក្សកុម្មុយនីស្តទាំង ២ និងទំនាក់ទំនងពាណិជ្ជកម្មដែលធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ (លើសពី ១០០ ប៊ីលានដុល្លារក្នុង ១ ឆ្នាំ)។
យ៉ាងណាក្តី គេក៏មិនអាចបំភ្លេចដែរថាក្រោយសង្គ្រាមលោកលើកទី ២ ប្រទេសទាំង ២ ធ្លាប់មានសង្គ្រាមច្រើនលើកច្រើនសាជាមួយគ្នា បូករួមទាំងការប្រយុទ្ធបង្ហូរឈាមនៅឆ្នាំ ១៩៧៤ ដណ្តើមកាន់កាប់ប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រចិនខាងត្បូង។
ដូច្នេះទោះបីជាចិន និងអាមេរិកមិនចង់តទល់ផ្ទាល់ដោយសង្គ្រាមក៏ដោយ សង្គ្រាមដោយតួអង្គតំណាងអាចនឹងលេចឡើងសាជាថ្មី ហើយប្រទេសតូចតាចនឹងត្រូវទទួលរងគ្រោះ ឧទាហរណ៍ដូចក្នុងករណីសង្គ្រាមវៀតណាមលើកទី ១ ដែរ។
ទាំងនេះគឺជាការប្រមើលមើលពីទម្រង់ផ្សេងៗ និងលទ្ធភាពនៃការកើតឡើងនៃសង្គ្រាមរវាងចិន និងអាមេរិក។ ដូចក្នុងសង្គ្រាមត្រជាក់លើកទី ១ ដែរមហាអំណាចមិនអាចលើកលែងចំពោះការប្រកាន់ជំហរស្ងៀមស្ងាត់ និងអព្យាក្រឹត្យភាពបានឡើយ។ មានជម្រើសតិចណាស់សម្រាប់រដ្ឋតូចតាច។ ទោះចង់ ឬមិនចង់ ជម្រើសទាំងនោះតែងតែមានហានិភ័យខ្ពស់ចំពោះឯករាជ្យ និងអធិបតេយ្យភាពរបស់រដ្ឋតូច។
ប្រទេសនានាអាចការពារសុវត្ថិភាព និងសន្តិសុខរបស់ខ្លួនបានទាល់តែយើងរៀនពីមេរៀនប្រវត្តិសាស្ត្រ។ ជាអកុសល សម្រាប់កម្ពុជាប្រវត្តិសាស្ត្រនៃការឈ្លោះគ្នារវាងមហាអំណាចគឺជាប្រវត្តិសាស្ត្រដែលគួរឱ្យខ្លាច ឃោរឃៅ និងដាបដោយឈាម ពីព្រោះថា សង្គ្រាមត្រជាក់គឺត្រជាក់តែរវាងប្រទេសមហាអំណាចប៉ុណ្ណោះ តែវាក្តៅសម្រាប់ប្រទេសតូចតាច៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)