ក្រុងព្រះសីហនុលែងជាតំបន់ដែលគ្មានការអភិវឌ្ឍ និងជាឆ្នេរដ៏ស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរសាក់កាដូទៀតហើយ។ តថភាពថ្មីនេះ គឺជាអ្វីដែលយើងគ្រប់គ្នាស្វាគមន៍។ ប៉ុន្តែការវិវត្តយ៉ាងលឿន នៃទីក្រុងបានជះឥទ្ធិពលសង្គមនិងបរិស្ថានដែលមិនអាចមើលរំលងបាន។ កង្វះខាត “អត្តសញ្ញាណខ្មែរ” និង “បរិយាប័ន្ន” គឺជាបញ្ហាដែលយើងគួរតែពិចារណា។
ទីក្រុងទាំងមូលស្ថិតនៅក្នុងស្ថានភាពកំពុងសាងសង់ ជាមួយនឹងឡានដឹកស៊ីម៉ងត៍ជាច្រើនបរចុះឡើងលើផ្លូវដែលមិនទាន់ធ្វើរួច។ គ្រឿងយន្តស្ទូចនៅពាសពេញទីក្រុង ហាក់កំពុងត្រៀមរៀបបន្តុបអគារខ្ពស់ៗពីមួយទៅមួយ។
ទីក្រុងព្រះសីហនុបានកែប្រែដល់កម្រិតមើលលែងស្គាល់ ទៅជាទីក្រុងដែលផុសផុលដោយឧស្សាហកម្មសំណង់ និងកាស៊ីណូ។
សម្រាប់ប្រជាជនខ្មែរគ្រប់រូប នៅពេលដែលទៅទស្សនាក្រុងព្រះសីហនុ យើងតែងតែចោទសួរខ្លួនឯងអំពីអត្តសញ្ញាណជាតិរបស់ខ្លួន។ ភាពអន្ទះអន្ទែងកើតឡើងដោយសារសមត្ថភាពគ្រប់គ្រងកំណើនយ៉ាងគំហុកនៅមានកម្រិត និងកង្វះខាតអត្តសញ្ញាណខ្មែរនៅក្នុងដំណើរការអភិវឌ្ឍ។ ក្រុងព្រះសីហនុត្រូវទទួលការហូរចូលយ៉ាងគំហុកនូវមូលធននៅពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាននៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។
ទីក្រុងហុយដីនៅខែប្រាំង និងមានភក់ជ្រាំនៅខែវស្សា ជាមួយនឹងផ្លូវដែលធ្វើមិនទាន់រួច។ ផ្លូវខ្លះពុំទាន់ត្រូវបានរៀបចំដោយសារតែការអភិវឌ្ឍថ្មីពេក និងលឿនពេក។ តម្រូវការមូលដ្ឋានដូចជាការគ្រប់គ្រងសំរាម លូទឹកកខ្វក់ និងប្រព័ន្ធទឹកស្អាត បានកើនហួសពីកម្រិតសមត្ថភាពដើមរបស់ទីក្រុង។
ផលប៉ះពាល់អវិជ្ជមានដែលផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្មកាស៊ីណូ ក៏ជាបញ្ហាកង្វល់រួម ដែលសូម្បីតែស្ថានទូតចិន នៅកម្ពុជា ក៏ជារឿយៗតែងតែអំពាវនាវឲ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមុខមាត់ចិន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។
កង្វះខាតអត្តសញ្ញាណខ្មែរគឺបានស្តែងចេញយ៉ាងច្បាស់។ ស្លាកសញ្ញានានា ត្រូវបានសរសេរលើផ្ទាំងពណ៌ក្រហម ហើយចាប់ផ្តើមដោយពាក្យ “ចុងគ័រ” ដែលប្រែថា “ប្រទេស ចិន”។ ស្លាកសញ្ញាខ្លះបានសរសេរខុសអក្ខរាវិរុទ្ធខ្មែរ ដោយចម្លងចេញទាំងស្រុងពី Google-translate ដោយគ្មានការផ្ទៀងផ្ទាត់ ហើយឈ្មោះទាំងនោះបែរទៅជាមានន័យផ្សេង និងចម្លែក។
ទោះបីជាឆ្នេរសមុទ្រគឺជាសម្បត្តិសាធារណៈក្តីប៉ុន្តែពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីឲ្យប្រជាជនខ្មែរជាច្រើនស្រទាប់ អាចមកលំហែកាយបាន ឧទាហរណ៍ដូចជាកង្វះខាតសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានខ្មែរ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងស្រុកជាដើម។
ការវិនិយោគជាច្រើនសន្ធឹកសន្ធាប់របស់ចិន មានធាតុចូលរបស់កម្ពុជាតិចតួច។ ប្រជាជនខ្មែរទទួលផលប្រយោជន៍តែអំពីការជួល ឬទិញលក់អចលនវត្ថុ ហើយផលទាំងនេះទៀតសោត មានតែប្រជាជនដែលមានអចលនវត្ថុប៉ុណ្ណោះដែលអាចទទួលបាន។ ផលប្រយោជន៍ចេញពីតម្លៃបន្ថែមនៃការអភិវឌ្ឍ ក្រៅពីការជួល និងទិញលក់អចលនវត្ថុ ហាក់ពុំទាន់បានរីកសាយភាយដល់ស្រទាប់ប្រជាជនទូលំទូលាយនៅឡើយ។
ក្រៅពីការងារដែលមិនត្រូវការជំនាញ យើងក៏ត្រូវចោទសួរថា តើប្រជាជនខ្មែរមានឱកាសទទួលការងារកម្រិតគ្រប់គ្រង ឬការងារជំនាញ ឬការងារវិស្វកម្ម បានកម្រិតប៉ុនណាពីការវិនិយោគរបស់ចិននៅក្រុងព្រះសីហនុ? តើផលិតកម្មក្នុងស្រុក ទាំងផ្នែកទន់ និងផ្នែករឹង ត្រូវបានប្រើប្រាស់ជាធាតុចូលបានច្រើនប៉ុនណានៅក្នុងដំណើរការអភិវឌ្ឍទីក្រុងព្រះសីហនុ?
ចំពោះសំណួរខាងលើ អាចមានចម្លើយថា មកពីកម្ពុជាខ្វះខាតកម្មករជំនាញ ប៉ុន្តែ ការលើកឡើងបែបនេះមិនអាចផ្តល់ទឡ្ហីករណ៍គ្រប់គ្រាន់ចំពោះតថភាពបច្ចុប្បន្ន ដែលចិនគ្រប់-គ្រងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋានតាំងពីការលក់គ្រឿងទេសកំប៉ិកកំប៉ុក រហូតដល់ជាងកាត់សក់ អាហារដ្ឋានតាមផ្លូវ និងគ្លីនិកសុខភាពនោះទេ។
ពិតណាស់ថា យើងស្វាគមន៍ការវិនិយោគរបស់ចិន ដែលបានមកដាស់ទីក្រុងមួយ ដែលធ្លាប់តែដេកលក់ដោយគ្មានសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែ ដំណើរការវិវត្តហាក់ផ្តេកផ្តួលទាំងស្រុងទៅលើយន្តការទីផ្សារសេរីឬដែលសេដ្ឋវិទូលោក អាដាម ស្មុីត ហៅថា “បាតដៃអរូបីរបស់ព្រះ”។ ប្រសិនបើយើងគ្មាន ការគ្រប់គ្រងបានល្អ និងគ្មានការបញ្ចូលឲ្យបានគ្រប់គ្រាន់នូវទស្សនវិស័យរបស់កម្ពុជា យន្តការទីផ្សារសេរី ឬ “បាតដៃអរូបីរបស់ព្រះ" ក៏អាចប្រែក្លាយទៅជាផលប៉ះពាល់មិនល្អដល់ផលប្រយោជន៍ប្រជាជនមូលដ្ឋានដែរ។
យ៉ាងណាមិញ បញ្ហាដែលបានលើកឡើងខាងលើពុំមែនជាការពិភាក្សាអំពីការបាត់បង់អធិបតេយ្យភាពជាតិនោះទេ ព្រោះថា សិទ្ធិសម្រេច និងអំណាចអនុវត្តច្បាប់ គឺស្ថិតនៅលើដៃកម្ពុជាទាំងស្រុង ហើយបន្ថែមលើនេះ ស្ថានទូតចិននៅកម្ពុជាក៏តែងតែថ្កោលទោសជាសាធារណៈ ចំពោះរាល់សកម្មភាពខុសច្បាប់របស់ចិននៅកម្ពុជា និងបានស្នើឲ្យកម្ពុជាពង្រឹងការអនុវត្តច្បាប់ដើម្បីជួយការពារមុខមាត់ចិន ដែលខំជួយអភិវឌ្ឍកម្ពុជា។
វាមានសារៈសំខាន់ចាំបាច់ ដែលយើងត្រូវធានាថា ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន គឺមានផលប្រយោជន៍ទាំងសងខាង ជាពិសេស គឺត្រូវធានាថា ផ្លែផ្កានៃការអភិវឌ្ឍទាំងនេះ មានការចែកចាយបានទូលំទូលាយដល់ប្រជាជនខ្មែរគ្រប់ស្រទាប់។
បញ្ហាដែលយើងត្រូវចោទសួរគឺថា តើយើងធ្វើដូចម្តេចដើម្បីរក្សាអត្តសញ្ញាណខ្មែរនិងបញ្ចូលទស្សនវិស័យខ្មែរនៅក្នុងការអភិវឌ្ឍក្រុងព្រះសីហនុ? តើយើងត្រូវធ្វើដូចម្តេចដើម្បីធានាបាននូវបរិយាប័ន្ននៃការអភិវឌ្ឍ?
ពិតណាស់ថា អាចមានដំណោះស្រាយជាច្រើន ប៉ុន្តែ ដំណោះស្រាយទាំងឡាយ សុទ្ធតែទាមទារឲ្យមានភាពបត់បែន និងនវានុវត្តន៍ក្នុងការគ្រប់គ្រងការអភិវឌ្ឍ។ កម្ពុជាក៏មានបំណងយកទីក្រុងព្រះសីហនុ ដើម្បីទទួលថ្នាក់ដឹកនាំប្រទេសអាស៊ាន នៅឆ្នាំ ២០២២ ផងដែរ ប៉ុន្តែ ទំហំនៃបញ្ហាប្រឈមនៅពេលបច្ចុប្បន្នអាចធំហួសពីកម្រិតដែលអាជ្ញាធរខេត្តអាចដោះស្រាយបានតែម្នាក់ឯង។
ប្រសិនបើកម្ពុជាចង់អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គណៈកម្មាធិការជាតិមួយដែលផ្តោតលើការអនុវត្តគួរតែត្រូវបានបង្កើតឡើង ហើយគួរត្រូវបានដឹកនាំដោយឥស្សរជនដែលអាចសម្របសម្រួល ឬមានឥទ្ធិពលឈូសឆាយរាល់បញ្ហារាំងស្ទះ ដែលកើតឡើងពីការសម្របសម្រួលអន្តរក្រសួង។
គណៈកម្មាធិការនេះគួរទទួលបានអំណាចក្នុងការអនុវត្ត និងសម្រេចលើ “ជោគវាសនានៃ ការអភិវឌ្ឍ” ខេត្តព្រះសីហនុទាំងមូល ជាពិសេសការបង្កើនល្បឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាផ្លូវថ្នល់ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងការគ្រប់គ្រងសំរាម។ យើងអាចប្រើប្រាស់ធនធាននៃចំណេះធ្វើដែលកម្ពុជាមានស្រាប់ដូចជា គំរូនៃអាជ្ញាធរអប្សរាដែលគ្រប់គ្រងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌអង្គរជាដើម។
ទាក់ទងនឹងការរៀបចំក្រុង គួរតែមានគោលនយោបាយកំណត់តំបន់ឲ្យបានច្បាស់ដូចជាតំបន់កាស៊ីណូ តំបន់លំហែកាយសាធារណៈជាលក្ខណៈគ្រួសារ និងតំបន់ឧស្សាហកម្មជាដើម។ ការបែងចែកនេះទៀតសោតក៏គួរធានាឲ្យមានលំហសាធារណៈដែលប្រជាជនក្នុងស្រុកអាចទៅលំហែកាយបាន ជាមួយនឹងទីតាំងសណ្ឋាគារផ្ទះសំណាក់ និងភោជនីយដ្ឋានខ្មែរ ដែលមានតម្លៃសមស្របសម្រាប់ប្រជាជនក្នុងស្រុក។
ថ្វីដ្បិតតែពិបាកក្នុងការអនុវត្តជាក់ស្តែងនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែកម្ពុជាក៏គួរមានគោលនយោបាយដាក់កម្រិតលើសកម្មភាពធុរកិច្ចរបស់បរទេស ដែលអាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មតូចតាច របស់ប្រជាជនខ្មែរ ដូចជា ហាងកាត់សក់ ឬហាងបោះពុម្ពស្លាកសញ្ញា ជាដើម។
ចំពោះការពង្រឹងសមត្ថភាពអនុវត្តច្បាប់ យើងអាចសង្ឃឹមបានថា នឹងមានការកែលម្អកាន់តែប្រសើរបន្ទាប់ពីមានទស្សនកិច្ចថ្មីៗនេះរបស់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រទេសចិន និងនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិទៅសហរដ្ឋអាមេរិក។
និយតកម្មហិរញ្ញវត្ថុ និងការពង្រឹងការប្រមូលពន្ធ ក៏ជាវិធានការមួយដើម្បីជួយធានាថាប្រទេសកម្ពុជាទាំងមូលអាចទទួលផលពីការវិនិយោគ ក្រៅតែពីការជួល ឬទិញលក់អចលនវត្ថុ។ មានពាក្យដែលគេនិយាយថា ភាពជោគជ័យ គឺមានមេបាច្រើន រីឯភាពបរាជ័យ ប្រៀបបានដូចជាកូនកំព្រា។
យើងមិនគួរទុកឲ្យការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយទៅជាកូនកំព្រាដោយសារតែបរាជ័យក្នុងការធានានូវអត្តសញ្ញាណខ្មែរ និងបរិយាប័ន្ននៃការអភិវឌ្ឍនោះទេ។ ជោគវាសនានៃការអភិវឌ្ឍនេះ គឺជាការទទួលខុសត្រូវរបស់កម្ពុជា ជាពិសេស លើការពង្រឹងការអនុវត្តច្បាប់ និងការធានានូវការអនុវត្តជាក់ស្តែងនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ។
ដោយ ស៊ឹម វីរៈទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)