"ចរិតខ្មែរ" គឺជាសៀវភៅដែលសរសេរដោយ ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកប្រឆាំងនឹងរាជានិយម ប្រឆាំងអាណានិគមបារាំង អ្នកនយោបាយសាធារណរដ្ឋ និងជាសមាជិកខ្មែរឥស្សរៈ។ បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៧៣ សៀវភៅនេះបានពិពណ៌នាអំពីការដណ្តើមអំណាចផ្ទៃក្នុងក្នុងនយោបាយកម្ពុជា និងអាកប្បកិរិយាមិនល្អរបស់អ្នកនយោបាយ និងមន្ត្រីរាជការមួយចំនួនក្នុងអំឡុងពីទសវត្សរ៍ឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៧០។
ដើមឡើយក្រុមឧទ្ទាមនេះត្រូវបានបង្កើតឡើងដើម្បីប្រជាជន ប៉ុន្តែ ក្រោយមក សមាជិកមួយចំនួននៃខ្មែរឥស្សរៈបានបង្កើនអំណាចរបស់ខ្លួនដល់កម្រិតស្តេចត្រាញ់ និងប្រកាន់និន្នាការតស៊ូដណ្តើមអំណាចដោយបង្ហូរឈាមយ៉ាងព្រៃផ្សៃហើយអ្វីៗទាំងអស់នេះត្រូវបានលោក ប៊ុណ្ណ ចន្ទម៉ុល អធិប្បាយថាជា “ចរិតខ្មែរ”។
ថ្វីបើសៀវភៅនេះបានបំពេញគោលបំណងរបស់អ្នកនិពន្ធក៏ដោយ ប៉ុន្តែវាធ្វើឲ្យមានលក្ខណៈភាន់ច្រឡំនៅពេលដែលគាត់ដាក់ចំណងជើងសៀវភៅជាលក្ខណៈទូទៅថា ជា "ចរិតខ្មែរ" ព្រោះថា គាត់រៀបរាប់តែចំពោះអ្នកនយោបាយ និងមន្ត្រីរាជការមួយចំនួនប៉ុណ្ណោះ។ បរិបទនៃសៀវភៅនេះគឺនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៧០ នៅពេលដែលកម្ពុជាមិនដែលស្គាល់ទាល់តែសោះអ្វីទៅដែលហៅថា សន្តិភាពជាប់លាប់។
អាណានិគមនិយម សង្គ្រាមឧទ្ទាម ការដណ្តើមអំណាចផ្ទៃក្នុង គឺជាអ្វីដែលកម្ពុជាធ្លាប់តែបានស្គាល់ដឹងឮ ហើយសង្គមកម្ពុជាមិនដែលមានឱកាសអប់រំប្រជាពលរដ្ឋភាគច្រើនរបស់ខ្លួនឡើយក្នុងរយៈពេល ៥ សតវត្សរ៍នៃភាពវឹកវរគ្មានទីបញ្ចប់។ ទន្ទឹមនឹងការលើកឡើងនូវរាល់ចំណុចអវិជ្ជមាន គាត់ពុំបានវែកញែកទេថា តើអ្វីទៅដែលជាចរិតខ្មែរដែលយើងគួរប្រកាន់យក។ នេះគឺជាប្រធានបទដែលខ្ញុំចង់លើកមកពិភាក្សា។
ជាលក្ខណៈប្រៀបធៀបខ្ញុំនឹកឃើញដល់កម្រិតសីលធម៌ដ៏ខ្ពស់របស់ប្រជាជនជប៉ុន ដែលសុខចិត្តឈរតម្រង់ជួរយ៉ាងវែងដើម្បីទិញអាហារ ដោយគ្មានការឆក់ប្លន់ បំផ្លាញហាងទំនិញ ឬដំឡើងថ្លៃទំនិញ នៅក្រោយគ្រោះមហន្តរាយនៃរលកយក្សស៊ូណាមិនៅឆ្នាំ ២០១១។
ជយលាភីរង្វាន់ណូបែលលោក អាម៉ាធៀ សេន តែងតែរំលេចជានិច្ចថា ការអភិវឌ្ឍដ៏អស្ចារ្យនៃសង្គមជប៉ុន គឺដោយសារតែការសម្រេចបាននូវការអប់រំជាមូលដ្ឋាន ដែលជប៉ុនបានសម្រេចនូវអក្ខរកម្មជាសកលរបស់ប្រជាជនខ្លួន នៅរយៈកាល ៤០ ឆ្នាំ ក្រោយពីការចាប់ផ្តើមបដិវត្តន៍មេជិ នៅឆ្នាំ ១៨៦៨។
នៅក្នុងអំឡុងពេលនោះ ប្រទេសកម្ពុជាទើបតែបានធ្លាក់ក្រោមអាណានិគមនិយមបារាំងហើយការអប់រំមហាជនមិនមែនជាគោលបំណងនៃអាណានិគមសោះឡើយ។
ឥឡូវនេះ ប្រទេសកម្ពុជា កំពុងរីករាយនឹងសន្តិភាពជាប់លាប់យ៉ាងហោចណាស់ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ហើយប្រជាជនកម្ពុជាភាគច្រើនមានឱកាសទទួលការអប់រំ។
របាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៥ បង្ហាញថា អត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យបានកើនឡើងរហូតដល់ ៨០,៥%។ ថវិការដ្ឋសម្រាប់វិស័យអប់រំបានឈានដល់ ៨៥០ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៨ ដែលស្មើនឹង ១ ភាគ ៤ នៃថវិការដ្ឋសរុប។ រដ្ឋក៏មានគោលដៅកសាងវិទ្យាល័យនៅគ្រប់ស្រុក អនុវិទ្យាល័យនៅគ្រប់ឃុំ និងសាលាបឋមសិក្សានៅគ្រប់ភូមិផងដែរ។
ខណៈពេលដែលអត្រាចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាឈានដល់ ៩៣,៥% សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ មានតែ ៥៥,៧% និង ២៥,១% ប៉ុណ្ណោះ ដែលបានចុះឈ្មោះចូលរៀនកម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ។ តួលេខក៏បង្ហាញផងដែរថា ប្រជាជន ២០,៧% មិនមានការអប់រំ ៣៦% មានការអប់រំខ្លះហើយមានតែ ២២% ប៉ុណ្ណោះដែលបានបញ្ចប់កម្រិតបឋមសិក្សា។ អ្នកបញ្ចប់កម្រិតមធ្យមសិក្សាមានត្រឹមតែ ១៦,៧% ប៉ុណ្ណោះ។
ទោះបីជាប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងដំណាក់កាលដំបូងនៃការកសាងស្ថាប័នក៏ដោយ ជាមួយនឹងតួលេខខាងលើនេះប្រទេសកម្ពុជាមានហេតុផលជាច្រើនក្នុងការសង្ឃឹមថា "ចរិតខ្មែរ" នឹងមិនដូចអ្វីដែលធ្លាប់មានក្នុងសម័យសង្គ្រាម និងអ្វីដែលបានពិពណ៌នានៅក្នុងសៀវភៅខាងលើនោះទេ។
ដូច្នេះតើអ្វីទៅដែលគួរហៅថា “ចរិតខ្មែរ” ដែលជាគុណតម្លៃដែលប្រជាជនកម្ពុជាគួរប្រាថ្នាចង់បាន? តើអ្វីទៅដែលជាគុណតម្លៃដែលជនជាតិខ្មែរអាចកំណត់ហៅថាជាអត្តសញ្ញាណរួមគ្នានិងភាពជាបងប្អូន? តើគុណសម្បត្តិខ្មែរអ្វីខ្លះ ដែលកូនខ្មែរជំនាន់ក្រោយគួរមានមោទនភាពក្នុងការរៀនសូត្រតម្រង់ទិសរបស់ពួកគេ?
ពិតណាស់មានគុណសម្បត្តិជាច្រើននៃលក្ខណៈខ្មែរដែលកម្ពុជាអាចប៉ងប្រាថ្នា ដោយការក្រឡេកទៅមើលសម័យអង្គរ នៅពេលដែលអាណាចក្រខ្មែរបានឈានដល់កម្រិតកំពូលនៃអរិយធម៌។ ខ្ញុំចង់លើកឡើងនូវគុណសម្បត្តិ ៤ ដែលខ្ញុំគិតថា អាចកំណត់អត្តសញ្ញាណប្រកបដោយគុណតម្លៃខ្ពស់នៃចរិតខ្មែរ។ គុណតម្លៃទាំងនោះគឺ ទី១ មេត្តាធម៌ ភាពអត់ឱន និងសប្បុរសធម៌ ទី២ គឺការគោរពបុព្វបុរសនិងចាស់ទុំ ទី ៣ គឺភាពឧស្សាហ៍ព្យាយាមការងារជាក្រុមនិងសាមគ្គីភាព និងទី៤ គឺស្មារតីជាអ្នកប្រយុទ្ធ។
ខ្ញុំហៅគុណតម្លៃទាំងនេះថា ជា គុណតម្លៃនៃ “ខ្មែរអ្នកសាងអង្គរ” និង “ខ្មែរពូជអ្នកចម្បាំងអង្គរ។ មេត្តាធម៌ ភាពអត់ឱន និងសប្បុរសធម៌គុណតម្លៃទាំងនេះ គឺជាធម៌មួយនៅក្នុងចំណោម “ព្រហ្មវិហារធម៌” ពោលគឺ មេត្តា ករុណា មុតិតា និងឧបេក្ខា។ មានការពន្យល់ជាច្រើនទៅលើអត្ថន័យនៃព្រហ្មមុខ ៤ នៅប្រាសាទបាយ័ន ហើយក្នុងនោះដែរ ក៏មានការលើកឡើងថា មុខ ៤ នេះគឺតំណាងឲ្យគុណតម្លៃព្រហ្មវិហារធម៌របស់ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្មែរ។
ឧទាហរណ៍ជាក់ស្តែងនៃការអនុវត្តធម៌ទាំងនេះ ក៏មានសម្បូរបែបផងដែរនាសម័យបច្ចុប្បន្ន។ ទោះបីជាកម្ពុជាធ្លាប់នៅក្រោមអាណានិគមបារាំងជិត ១ សតវត្សរ៍ ហើយរងគ្រោះពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរពីអាមេរិកក្តីក៏ប្រជាជនខ្មែរមិនមានគំនុំគុំកួនជាមួយនឹងជនជាតិបារាំង និងអាមេរិកដែរ។
ការណ៍ដែលប្រជាជនខ្មែរអាចរស់-នៅដោយសុខដុមជាមួយនឹងកងឧទ្ទាមខ្មែរក្រហម ដោយទុកនូវអតីតកាលនៃភាពឃោរឃៅ និងសង្គ្រាមផ្ទៃក្នុងមួយឡែក គឺជាសក្ខីភាពនៃកម្រិតអត់ឱនដ៏ខ្ពស់ក្រៃលែងរបស់ប្រជាជនខ្មែរ។ ការរួមរស់ជាមួយគ្នាដោយសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព នាពេលបច្ចុប្បន្ន ដែលពិបាកនឹងអាចកើតមានឡើងនៅក្នុងសង្គមនានានៅលើពិភពលោកដែលបានឆ្លងកាត់នូវប្រវត្តិជម្លោះផ្ទៃក្នុងដ៏យូរអង្វែង។
ការគោរពបុព្វបុរស និងចាស់ទុំ
មិត្តភក្តិពីបស្ចិមប្រទេសបានយំខ្សឹកខ្សួលនៅពេលដែលបានចូលរួមជាមួយគ្រួសាររបស់ខ្ញុំ ទៅគោរពផ្នូរដូនតា។ គាត់បាននិយាយថា ប្រជាជនខ្មែរ នៅតែគោរពដល់ឪពុកម្តាយរបស់ខ្លួន ទោះបីគាត់លាចាកឋានក្តី ដែលខុសពីរូបគាត់ដែលគាត់ត្រូវរស់នៅឯកោដោយគ្មានការថែទាំពីកូនចៅ។ ចំណងគ្រួសារ និងការគោរពចំពោះចាស់ទុំឪពុកម្តាយនិងបុព្វបុរសនៅតែចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌និងប្រពៃណីខ្មែរបើទោះបីជាមានការរីកចម្រើនសេដ្ឋកិច្ចនិងទំនើបកម្មសង្គមក៏ដោយ។
បើគ្មានគុណតម្លៃនេះទេ ចំណេះដឹងប្រពៃណី និងជំនាញសិល្បៈផ្សេងៗ នឹងមិនអាចត្រូវបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់បានឡើយ។ ការពូនជ្រុំនូវបទពិសោធបច្ចេកទេសក៏មិនអាចកើតឡើងដូចគ្នា។ នៅរាល់ពេលមុនការចាប់ផ្តើមសម្តែងវប្បធម៌ខ្មែរ យើងតែងតែសង្កេតឃើញមានពិធីតូចមួយដើម្បីរំឭកគុណដល់បុព្វបុរស។ ភាពឥតខ្ចោះនិយម និងការទាមទារភាពប្រណីត នៅលើតួប្រាសាទបន្ទាយស្រី របាំព្រះរាជទ្រព្យដ៏ស្រស់ត្រកាល និងទម្រង់សិល្បៈខ្មែរផ្សេងទៀតដែលជាបេតិកភណ្ឌពិភពលោក គឺមិនមែនជាទម្រង់ដែលអាចបង្កើតឡើងក្នុងមួយជំនាន់មនុស្សនោះទេ។
គុណតម្លៃនេះ កើតឡើងពីការដែលប្រជាជនខ្មែរការពារ និងគោរពនូវសមិទ្ធផលអតីតកាល ទន្ទឹមគ្នានឹងការបន្តស្ថាបនាកសាងជាតិ និងការបន្តទាមទារភាពល្អឥតខ្ចោះ។
ពីការដាក់បន្តុបដុំថ្មធំៗពី ១ ដុំទៅ ១ ដុំ ទៅក្នុងទម្រង់ស្ថាបត្យកម្ម រហូតដល់ការឆ្លាក់រចនាលើប្រាង្គប្រាសាទអង្គរវត្ដ និងប្រាសាទនានា ការងារទាំងនេះ នឹងមិនអាចសម្រេចបានឡើយប្រសិនបើគ្មានចំណងនៃបច្ចេកទេសបន្តវេន និងការបន្តនូវសេចក្តីប៉ងប្រាថ្នា និងផែនការរបស់បុព្វបុរស ព្រោះថា ប្រាសាទខ្លះត្រូវបានសាងសង់ឡើងដោយព្រះមហាក្សត្រជាច្រើនអង្គ។
ភាពឧស្សាហ៍ព្យាយាម ការងារជាក្រុមនិងសាមគ្គីភាព
គុណតម្លៃនេះ គឺពាក់ព័ន្ធនឹងគុណតម្លៃខាងលើ។ ការទទួលបន្តនូវជំនាញបច្ចេកទេសគឺមានភាពតភ្ជាប់ទៅនឹងភាពឧស្សាហ៍ព្យាយាម ការងារជាក្រុមនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរ។
កំហុសឆ្គងតែមួយនៃការឆ្លាក់ អាចធ្វើឲ្យខូចខាតដល់ចម្លាក់ទាំងមូលនៅ លើថ្មដែលបានបន្តុបរួចហើយ។ ការឆ្លាក់ដ៏សែនជ្រៅនៅលើប្រាសាទបន្ទាយស្រី គឺជាភាពល្អឥតខ្ចោះដែលកើតចេញពីភាពឧស្សាហ៍ព្យាយាមក្រៃលែង។ ប្រាសាទមួយដែលត្រូវបានសាងឡើងក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំ មានន័យថា ទាមទារដាច់ខាតឲ្យមានការពង្រឹងការងារជាក្រុមនិងសាមគ្គីភាព។ បើមិនដូច្នេះទេ គេមិនអាចរក្សាបាននូវការងារសាងសង់ដ៏យូរអង្វែងនៃប្រាសាទនីមួយៗបានឡើយ ហើយក៏មិនអាចរក្សានូវសង្គតិភាពនៃរចនាប័ទ្ម និងទ្រង់ទ្រាយនៃស្ថាបត្យកម្មបានដែរ។
ស្មារតីប្រយុទ្ធ
គេតែងតែយកគុណតម្លៃនេះទៅពិភាក្សាក្នុងន័យអវិជ្ជមាន ដោយសំអាងថា “ខ្មែរពូជអ្នកចម្បាំង” គឺជាដើមហេតុនៃជម្លោះផ្ទៃក្នុងឥតឈប់ឈរ។ ការលើកឡើងបែបនេះគឺមិនត្រឹមត្រូវទេ ព្រោះថា “អ្នកចម្បាំងអង្គរ” គឺជាបរិបទដែលបង្ហាញពីការតស៊ូប្រយុទ្ធរបស់ប្រជាជនខ្មែរប្រឆាំងនឹងបរទេសឈ្លានពាន ពុំមែនសំដៅលើការប្រយុទ្ធរវាងខ្មែរ នឹងខ្មែរនោះទេ។ ចម្លាក់នៅលើប្រាសាទបាយ័នក៏ស្តែងយ៉ាងច្បាស់អំពីគំរូវីរភាព និងអំណាចខ្លាំងក្លានៃអ្នកចម្បាំងអង្គរប្រឆាំងនឹងកម្លាំងបរទេស។
សូម្បីតែតួអង្គវីរបុរសក្នុងព្រេងនិទានដូចជាឧកញ៉ាឃ្លាំងមឿង ជាដើម ក៏ជានិមិត្តរូបនៃស្មារតីប្រយុទ្ធរបស់ប្រជាជនខ្មែរដែរ។
ជាជាងការចុះញ៉ម មេទ័ពក្នុងព្រេងនិទានម្នាក់នេះសុខចិត្តសម្លាប់ខ្លួនដើម្បីប្រមូលទ័ពខ្មោចគាំទ្រដល់កងទ័ពខ្មែរ ដើម្បីបង្ក្រាបបរទេសឈ្លានពាន។ នេះគឺជាភាពខ្លាំងនៃស្មារតីប្រយុទ្ធរបស់ខ្មែរនាសម័យបុរាណ ដែលស្រដៀងគ្នានឹងស្មារតីសាមូរ៉ៃរបស់ជប៉ុនដែលសុខចិត្តស្លាប់ដោយកិត្តិយសជាជាងការទទួលបរាជ័យ។ ស្មារតីប្រយុទ្ធក្នុងការការពារអធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដី គឺនៅបន្តមានរហូតដល់សព្វថ្ងៃ។
នៅក្នុងសម័យទំនើប ការប្រយុទ្ធគឺមិនមែនសំដៅលើសង្គ្រាមនោះទេ ប៉ុន្តែ គឺសំដៅលើការប្រកួតប្រជែងលើការរីកចម្រើននៃចំណេះដឹង និងទំនើបកម្មសេដ្ឋកិច្ច។ ស្មារតីប្រយុទ្ធរបស់ខ្មែរគួរតែអាចត្រូវបានកែសម្រួល ទៅក្នុងបរិបទថា តើប្រជាជនខ្មែរប្រកួតប្រជែងខ្លាំងប៉ុនណានៅក្នុងតំបន់ និងពិភពលោក នៅលើសូចនាករប្រកួតប្រជែងលើការអភិវឌ្ឍជាវិជ្ជមាន។
ការពិភាក្សាខាងលើគឺជាការព្យាយាមសាកល្បងពិភាក្សាលើគំរូនៃ “ចរិតខ្មែរ” សម្រាប់ខ្មែរជំនាន់ក្រោយ។ នៅពេលដែលយើងបានស្តាប់ឮនូវរាល់ឥរិយាបថមិនល្អដែលត្រូវចៀសវាង យើងក៏ត្រូវពិភាក្សាផងដែរថា តើអ្វីទៅដែលជាឥរិយាបថត្រឹមត្រូវល្អប្រពៃដែលប្រជាជនខ្មែរគួរអនុលោមតាមនិងកសាងខ្លួន។ យើងទាំងអស់គ្នាគួរបញ្ឆេះឡើងវិញនូវស្មារតីនៃ “ខ្មែរអ្នកសាងអង្គរ” និង “ខ្មែរពូជអ្នកចម្បាំងអង្គរ” ដើម្បីអនាគតរបស់កម្ពុជាដែលមានសន្តិភាពជាប់លាប់ និងវិបុលភាពសម្រាប់ប្រជាជនខ្មែរគ្រប់រូប៕
ដោយ ស៊ឹម វីរៈ, ភ្នំពេញ