នៅខែកញ្ញាខាងមុខនេះ វៀតណាមដែលជាប្រធានប្តូរវេនអាស៊ាននឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ។
នេះគឺជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រជាងកន្លះសតវត្សរ៍របស់អាស៊ានដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានប្រចាំឆ្នាំត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ជំងឺនេះក៏បានបង្អាក់រាល់សកម្មភាពប្រជុំ និងកម្មវិធីជាច្រើនរបស់អាស៊ានរហូតដល់មានសំណួរលើកឡើងពីលទ្ធភាពដែលវៀតណាមអាចនឹងពន្យារអាណត្តិជាប្រធានអាស៊ានរបស់ខ្លួននៅឆ្នាំក្រោយទៀត ប៉ុន្តែការណ៍នេះត្រូវបានវៀតណាមបដិសេធ។
ក្នុងឆ្នាំ ២០២០ វៀតណាមបានជ្រើសរើសមូលបទ “ភាពស្អិតល្មួត និងការឆ្លើយតប” ដែលមានអត្ថន័យជាការឆ្លុះបញ្ចាំងអំពីការពង្រឹងឯកភាព និងសាមគ្គីភាពអាស៊ាន ការពង្រឹងមជ្ឈភាពអាស៊ាន និងលើកកម្ពស់ការចូលរួមចំណែកដ៏សកម្មរបស់អាស៊ានក្នុងបុព្វហេតុសន្ដិភាព និងស្ថិរភាពតំបន់។ ក្នុងបរិបទនៃវិបត្តិសុខាភិបាលសកលលោក យើងសង្កេតឃើញថា អាស៊ាននៅតែមានលទ្ធភាពរក្សាបាននូវភាពធន់ និងសាមគ្គីភាពរបស់ខ្លួន។
អាស៊ានប្រហែលជាស្ថាប័នតំបន់តែ ១ គត់ដែលនៅតែបន្តការប្រាស្រ័យទាក់ទងរបស់ខ្លួនទោះជាតាមរយៈប្រព័ន្ធវីដេអូក្តី ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺរាតត្បាត និងផលប៉ះពាល់សេដ្ឋកិច្ចដោយឈរលើគោលគំនិត “ជួយសង្គ្រោះជីវិត ជួយសង្គ្រោះជីវភាព”។
អាស៊ានបានជួយគ្នាទៅវិញទៅមក និងចែករំលែកព័ត៌មានទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងបានទាក់ទាញឱ្យប្រទេសដៃគូជាច្រើនចូលរួមក្នុងយុទ្ធនាការនេះតាមរយៈយន្តការដែលមានស្រាប់របស់អាស៊ាន។ អាស៊ានបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ឧទាហរណ៍ដូចជាការបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណ: និងជំងឺដែលកំពុងលេចឡើងក៏ដូចជា ការអភិវឌ្ឍនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយ។
នេះគឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះយន្តការពហុភាគីនិយមដែលបានចូលរួមដោះស្រាយបញ្ហាកង្វល់ និងបញ្ហាប្រឈមរួមក្នុងតំបន់នៅពេលដែលសកលលោកកំពុងតែប្រឈមនឹងបញ្ហាជាច្រើនដូចជា សង្គ្រាមពាណិជ្ជកម្ម ការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងប្រទេសមហាអំណាច ការងើបឡើងនៃនិន្នាការគាំពារនិយម ការធ្លាក់ចុះនៃពហុភាគីនិយមដែលបាន និងកំពុងបង្កជាសម្ពាធដល់ដំណើរការកសាងសហគមន៍អាស៊ានក៏ដូចជាតួនាទីនាំមុខ និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់។
ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយភាពតានតឹងរវាងមហាអំណាចអាមេរិក និងចិនបានបង្កភាពស្មុគស្មាញដល់អាស៊ាន និងដាក់សម្ពាធឱ្យអាស៊ានកាន់ជើងភាគីណាមួយ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំង ២ បានរាលដាលលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ មិនថានយោបាយ សេដ្ឋកិច្ច យោធា បច្ចេកវិទ្យាសុខាភិបាល និងការអភិវឌ្ឍ ហើយការប្រើវេទិកាអាស៊ាន ដើម្បីឈ្លោះគ្នា ឬឈានទៅបង្កភាពតានតឹងដែលប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់គឺជាអ្វីដែលអាស៊ានមានការបារម្ភ។
យ៉ាងណាក្តីយើងក៏សង្កេតឃើញថាអាស៊ានមានការប្រុងប្រយ័ត្ន និងថ្លឹងថ្លែងខ្ពស់ក្នុងការចូលដៃចូលជើងជាមួយមហាអំណាចណាមួយប្រឆាំងនឹងមហាអំណាចផ្សេងទៀត។ សមាជិកអាស៊ានជាច្រើនបានបញ្ជាក់គោលជំហរជាសាធារណៈថា មិនកាន់ជើងភាគីណាមួយឡើយ។ សម្រាប់កម្ពុជាវិញបើមើលលើកត្តាប្រវត្តិសាស្ត្រកម្ពុជាមានការខ្លាចរអាចំពោះសង្គ្រាម ព្រោះយើងជាប្រទេសដែលមានសន្តិភាពក្រោយគេបង្អស់។ សង្គ្រាមដោយតួអង្គតំណាង (proxy war) នៅក្នុងសម័យសង្គ្រាមត្រជាក់ ឧទាហរណ៍ដូចជាសង្គ្រាមវៀតណាមបានរីករាលដាលដល់កម្ពុជា ហើយបានបង្កជាសោកនាដកម្មជាច្រើនរាប់មិនអស់ សម្រាប់ប្រជាជាតិខ្មែរ។ “សង្គ្រាមត្រជាក់” គឺត្រជាក់តែរវាងប្រទេសមហាអំណាចប៉ុណ្ណោះ ហើយប្រទេសតូចតាចត្រូវទទួលរង “សង្គ្រាមក្តៅ” ដោយសារមហិច្ឆតាដណ្តើមឥទ្ធិពលរបស់ប្រទេសមហាអំណាច។
គឺជារឿងធម្មតាដែលប្រទេសតូចតាចតែងតែត្រូវបានគេចោទថា ជាអាយ៉ងរបស់ប្រទេសមានអំណាច។ កម្ពុជា ជារឿយៗត្រូវបានគេចោទប្រកាន់ថា កាន់ជើងចិនលើបញ្ហាសមុទ្រចិនខាងត្បូង ហើយការអាក់ខានក្នុងការចេញសេចក្តីថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានបានក្លាយជាទឡ្ហីករណ៍ដ៏ងាយស្រួល និងសាមញ្ញបំផុត។ ក្រោយមកទោះបីជាកម្ពុជាមិនធ្វើជាប្រធានអាស៊ានក្តី ការចោទប្រកាន់នេះនៅតែលេចឡើងជានិច្ច ជាពិសេសនៅមុនពេល ឬក្រោយពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
កម្ពុជាបានក្លាយជាប្រទេសដែលគេសន្មតទម្លាក់កំហុសនៅរាល់ពេលដែលមានការរាំងស្ទះណាមួយកើតឡើង បើទោះបីជាប្រធានប្តូរវេនផ្សេងៗទៀតមិនអាចសម្រេចវឌ្ឍនភាពអ្វីលើបញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ។ ឆ្នាំនេះ ឬឆ្នាំក្រោយៗទៀត ក៏ប្រាកដជានឹងមានការចោទប្រកាន់ដូចគ្នា ព្រោះថាជម្លោះសមុទ្រចិនខាងត្បូងគឺជាជម្លោះដែលកើតមានរាប់សតវត្សរ៍មកហើយ ហើយក៏ពុំមែនជាជម្លោះដែលអាចដោះស្រាយបានដោយងាយៗក្នុងអនាគតដ៏ឆាប់ខាងមុខនេះដែរ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី K.Shanmugam បានថ្លែងនៅក្នុងសភាសិង្ហបុរីកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១២ ថា “យើងមិនមែនជារដ្ឋទាមទារអធិបតេយ្យ (ក្នុងជម្លោះសមុទ្រចិនខាងត្បូង) នោះទេ ហើយយើងតែងតែប្រកាន់ជំហរថា ជាសារធាតុជម្លោះដែនអធិបតេយ្យណាមួយនៅសមុទ្រចិនខាងត្បូងអាចត្រូវបានដោះស្រាយដោយភាគីពាក់ព័ន្ធផ្ទាល់ប៉ុណ្ណោះ។ …វាសាមញ្ញពេក ហើយក្នុងការទាមទារកំណត់អត្តសញ្ញាណថា តួអង្គមួយណា ឬមូលហេតុមួយណាដែលបង្កឱ្យមានហេតុការណ៍នៅភ្នំពេញ។ មានតួអង្គច្រើន និងមូលហេតុច្រើននៅក្នុងព្រឹត្តិការណ៍នេះ។ ...ខ្ញុំសូមគូសបញ្ជាក់ថា អាស៊ានក្នុងនាមជាស្ថាប័នមិនអាចកាន់ជើង និងគាំទ្រលើភាពត្រឹមត្រូវនៃការទាមទារដែនអធិបតេយ្យណាមួយនោះទេ ហើយយើងក៏គ្មានបំណងនឹងដោះស្រាយជម្លោះអធិបតេយ្យនេះដែរ។ នេះគឺជាបញ្ហាសម្រាប់ភាគីពាក់ព័ន្ធផ្ទាល់ប៉ុណ្ណោះ”។
ក្នុងនាមជារដ្ឋមិនទាមទារអធិបតេយ្យលើសមុទ្រចិនខាងត្បូងជំហររបស់កម្ពុជាមិនខុសគ្នាពីសិង្ហបុរីប៉ុន្មានឡើយ។ កម្ពុជាមិនអាចគាំទ្រការស្នើដាក់បញ្ចូលឈ្មោះទីតាំងនៃជម្លោះនៅក្នុងសេចក្តីថ្លែងការណ៍រួម ដូចការទាមទារនៅឆ្នាំ ២០១២ បានឡើយ។ យើងមិនអាចកាន់ជើងភាគីចិន ឬរដ្ឋទាមទារអធិបតេយ្យណាមួយឡើយ។ បញ្ហាសមុទ្រចិនខាងត្បូងគឺជាបញ្ហាជម្លោះអធិបតេយ្យរវាងចិន និងប្រទេសអាស៊ាន ៤ គឺវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី ពោលគឺមិនមែនជាជម្លោះរវាងចិន និងអាស៊ានទាំងមូលនោះទេ។ គួរកត់សម្គាល់ផងដែរថា ការប្រកាន់ជំហរអព្យាក្រឹតលើជម្លោះដែនអធិបតេយ្យគឺជាការអនុវត្តជាទូទៅនៅក្នុងទំនាក់ទំនងអន្តរជាតិជាក់ស្តែងក្នុងជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារក្តី ទោះបីជាកម្ពុជាមានសាលក្រមដល់ទៅ ២ លើក ពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេក្តី ក៏ពុំមានប្រទេសណាមួយអាចកាន់ជើង ឬគាំទ្រកម្ពុជាបានដែរ។ មានតែកម្ពុជា និងថៃទេដែលត្រូវដោះស្រាយជម្លោះអធិបតេយ្យរបស់ខ្លួន ដោយសន្តិវិធី និងយោងតាមច្បាប់អន្តរជាតិដើម្បីកុំឱ្យវិវាទរាលដាលប៉ះពាល់ដល់សន្តិភាពក្នុងតំបន់។
យ៉ាងណាក្តី អាស៊ានមានកិច្ចការដែលត្រូវធ្វើច្រើនលើសពីបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានយោបាយសន្តិសុខនានា។ អាស៊ានមានការវិវឌ្ឍច្រើនពីការកសាងសហគមន៍ ហើយអាស៊ានគឺជាឧទាហរណ៍គំរូដែលបានបង្ហាញឲ្យឃើញថា សមាហរណកម្មតំបន់គឺអាចសម្រេចបាន ទោះបីជាមានភាពខុសគ្នារវាងប្រទេសសមាជិកលើកត្តាសាវតារ វប្បធម៌ និងកម្រិតនៃការអភិវឌ្ឍក៏ដោយ។ ឆ្លងកាត់ការវិវឌ្ឍពាក់កណ្តាលសតវត្សរ៍របស់អង្គការតំបន់ដែលបើកទូលាយមួយនេះ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅចុងឆ្នាំ ២០១៥ ត្រូវបានគេចាត់ទុកថាជាសមិទ្ធផលដ៏ធំបំផុតមួយដែលអាស៊ានសម្រេចបាន។ ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ បាន និងកំពុងផ្តល់ទិសដៅ និងវិធានការយុទ្ធសាស្ត្រដើម្បីឈានទៅសម្រេចបាននូវសហគមន៍មួយដែលមានកម្រិតសមាហរណកម្មខ្ពស់ទន្ទឹមគ្នានឹងឯកសារគោលផ្សេងទៀតដូចជា ទស្សនវិស័យសហគមន៍អាស៊ាន ២០២៥ ផែនការសហគមន៍នយោបាយសន្តិសុខ ២០២៥ និងផែនការសហគមន៍សង្គមវប្បធម៌ ២០២៥។
អាស៊ាន គឺជាវេទិកាដែលមិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជាក្នុងការបង្កើនស្តង់ដារបស់ខ្លួននៅលើគ្រប់វិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អាស៊ានបានជំរុញកម្ពុជាឱ្យខិតខំអភិវឌ្ឍថែមទៀត ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍រវាងសមាជិកអាស៊ានចាស់ និងសមាជិកអាស៊ានថ្មី ដើម្បីធានាឱ្យមានការធ្វើសមាហរណកម្មតំបន់ប្រកបដោយបរិយាប័ន្ន។
បើពិនិត្យលើផ្នែកសេដ្ឋកិច្ច អាស៊ានមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៥ នៅលើពិភពលោករួចទៅហើយជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួនជាង ៣ ទ្រីលានដុល្លារអាមេរិក។ ជាមួយនឹងប្រជាជន ៦៥០ លាននាក់ អាស៊ានក៏ជាអំណាចទីផ្សារដ៏ធំមួយក្នុងពិភពលោកដែលទាក់ទាញការវិនិយោគជាច្រើនមកក្នុងតំបន់ ហើយកម្ពុជាក៏ទទួលផលពីកត្តាទាំងនេះផងដែរ។
ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ជាច្រើនទៀតនៅឆ្នាំ ២០២០ នេះអាស៊ានក៏នឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោកដែលនេះគឺជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់អាស៊ានក្នុងការលើកស្ទួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើវិធានច្បាប់។
ប្រទេសកម្ពុជាក៏នឹងខិតខំជំរុញពាណិជ្ជកម្មក្នុងតំបន់ពង្រឹងការតភ្ជាប់ និងការរៀបចំសេដ្ឋកិច្ចឌីជីថល។
កម្ពុជាមើលឃើញពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការកៀរគរប្រភពថវិកាដែលមានលក្ខណៈច្នៃប្រឌិតដើម្បីសម្រេចឱ្យបាននូវផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ (MPAC) ២០២៥ និងការខិតខំស្វែងរកលក្ខណៈបំពេញបន្ថែមនៃគំនិតផ្តួចផ្តើម និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលផ្តោតលើការតភ្ជាប់តំបន់។ ដូចគ្នានេះដែរ អាស៊ានមានតម្រូវការក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់ប្រកបដោយភាពរស់រវើកដែលអាចតភ្ជាប់បង្គោលសេដ្ឋកិច្ចសំខាន់ៗ និងរួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច។
ទាំងនេះគឺជាអ្វីដែលកម្ពុជាអាចរំពឹងទទួលផលដោយផ្ទាល់ និងដោយប្រយោលពីការរីកចម្រើនឥតឈប់ឈរនៃការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល។
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)