ក្នុងនាមជាក្រសួងនយោបាយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រហែលជាក្រសួងដែលពិបាកវាស់ស្ទង់ទិន្នផលការងារជាងគេ។ បើប្រៀបធៀបក្រសួងសាធារណការដែលធ្វើផ្លូវឃើញផ្លូវធ្វើស្ពានឃើញស្ពានតើយើងវាស់ទិន្នផលការងារការបរទេសដោយរបៀបណា? តើការងារការបរទេសគឺជាការងារប្រជុំពាក់ក្រវាត់ក ជល់កែវស្រាក្រហម ហើយថតរូប ឬយ៉ាងណា? តើទៅប្រជុំបានលទ្ធផលអ្វីក្រៅពីសេចក្តីថ្លែងការណ៍ ៤-១០ ទំព័រនោះ?
ទិន្នផលការងារការបរទេសពឹងអាស្រ័យភាគច្រើនលើទស្សនៈយល់ឃើញរបស់សាធារណៈ (public perception) ហើយក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកនូវទិដ្ឋភាព ៣ យ៉ាងដែលជាកត្តាវាស់ស្ទង់ទិន្នផលការងារការបរទេស។
ទី១ ក្រសួងការបរទេសគឺជា “អ្នកបើកទ្វារកាលានុវត្តភាព”។ ក្រសួងការបរទេស គឺជាអ្នកស្វែងរកជាអ្នកគោះទ្វារ និងអ្នកបើកទ្វារកាលានុវត្តភាព លើវិស័យវិនិយោគពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍អាហារូបករណ៍វគ្គបណ្តុះបណ្តាល ការងារកម្មសិក្សា កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងយុវជន។ល។
បើការបរទេសមិនអាចចរចាដាក់បញ្ចូលក្នុងរបៀបវារៈនូវគម្រោងផែនការសកម្មភាព ដែលមានប្រយោជន៍ដល់ខ្មែរ ឬដាក់បញ្ចូលអាទិភាពអភិវឌ្ឍជាតិក្នុងរបៀបវារៈអន្តរជាតិនោះ ក៏ពុំមានការចាប់កកើតនូវសកម្មភាពការវិយោគសាធារណៈ និងឯកជនលើហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹងរបស់កម្ពុជាដែរ។ ពិតណាស់ថា ក្រសួងការបរទេសមិនមែនជាតួអង្គឯកតួអង្គទោលនោះទេ តែយើងអាចនិយាយបានថា ជាតួអង្គដែលបើកទ្វារដំបូងគេ។
ថ្វីដ្បិតតែក្រសួងជំនាញជាអ្នកទទួលធនធាន និងទទួលខុសត្រូវ អនុវត្តផ្ទាល់ក៏ដោយ ក៏ការស្នើគម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវធ្វើឡើងតាមក្រសួងការបរទេស ហើយជាមួយប្រទេសខ្លះគឺត្រូវមានការចុះហត្ថលេខាលើលិខិតប្តូរសាររវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងទូត ឬតំណាងការបរទេសនៃប្រទេសដៃគូជាមុនសិនមុននឹងក្រសួងជំនាញឈានដល់ដំណាក់កាលអនុវត្តគម្រោង។ វេទិកានៃសំណើរាល់គម្រោងសំខាន់ៗនានាគឺធ្វើឡើងនៅក្នុងជំនួបអន្តររដ្ឋាភិបាលដែលមានក្រសួងការបរទេសជាសេនាធិការសម្របសម្រួល។
ជាឧទាហរណ៍ជាក់ស្តែង សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ និងផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាឯកសារយោងដ៏សំខាន់សម្រាប់ក្រសួងជំនាញលើកជាសំណើគម្រោងដែលពាក់ព័ន្ធនឹងវិស័យអាទិភាព ដើម្បីសុំថវិកាទ្រទ្រង់ពីមូលនិធិពិសេសនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងហើយតួអង្គចម្បងក្នុងការចរចាខ្លឹមសារនៃសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពនេះគឺក្រសួងការបរទេសគឺជាអ្នកចរចាបញ្ចូលទិសដៅអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងប្រមែប្រមូលធាតុចូលនានាពីក្រសួងជំនាញ។
គម្រោងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែលើកឡើងដោយយោងទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ឬផែនការសកម្មភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការណាមួយ។
ការសាងសង់ស្ពានអ្នកលឿងត្រូវឆ្លងកាត់ការចរចាជិត ១០ ឆ្នាំហើយអ្នកការទូតកម្ពុជាត្រូវទៅជួបពន្យល់សមាជិកសភាជប៉ុនដែលប្រឆាំងនឹងគម្រោងនេះ ហើយក្រសួងការបរទេសតែងតែបញ្ចូលក្នុងចំណុចពិភាក្សារបស់ថ្នាក់ដឹកនាំកម្ពុជាអំពីសារៈសំខាន់នៃស្ពានអ្នកលឿងស្ទើរតែគ្រប់វេទិកាទាំងកម្រិតទ្វេភាគី អនុតំបន់មេគង្គ និងក្របខ័ណ្ឌអាស៊ាន ទម្រាំយើងទទួលបានគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមមួយនេះ។
បើនិយាយឲ្យងាយយល់ជាងនេះឧបមាថា បើយើងគ្មានទូត តើនរណាជាបង្អួចចរចាស្នើសុំការបង្កើតឱកាសការងារដល់ពលករខ្មែរ? តើនរណាដែលបរទេសត្រូវទាក់ទងដំបូង ដើម្បីសាកសួរពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ?
ថ្វីដ្បិតតែការរីកចម្រើននៃបច្ចេកវិទ្យាអាចឲ្យគេស្វែងរកព័ត៌មានបានច្រើនពីកម្ពុជាក៏ដោយ ក៏អន្តរជាតិនៅតែត្រូវការស្តាប់សំឡេងផ្ទាល់របស់តំណាងកម្ពុជា ដើម្បីថ្លឹងថ្លែងវិនិច្ឆ័យពីសភាពការណ៍ពិតនៅក្នុងប្រទេស។ ម្យ៉ាងក៏ព្រោះថា ព័ត៌មានដ៏ច្រើនលើសលប់ក៏មិនប្រាកដថា សុទ្ធតែជាព័ត៌មានពិតទាំងស្រុងមានប្រយោជន៍ចំពោះកម្ពុជា ឬគ្មានរបៀបវារៈនយោបាយបរទេសដែរ។
ត្រង់នេះគឺយើងចូលដល់ចំណុច ទី២ ដែលក្រសួងការបរទេសមានតួនាទីជា “អ្នកបង្ការទប់ស្កាត់វិបត្តិ”។ ការការពារវិបត្តិគឺពិបាកនឹងមើលឃើញ ព្រោះពេលខ្លះ ការឡបប៊ីត្រូវធ្វើឡើងក្រោយឆាកចៀសវាងទទួលរងការរិះគន់ពីតួអង្គដែលប្រឆាំងនឹងភាពល្អូកល្អិននៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងប្រទេសដៃគូ។
នៅពេលដែលមានវិបត្តិកើតឡើងមានការវាយប្រហារលើភាពស្របច្បាប់របស់រាជរដ្ឋាភិបាលកិត្យានុភាពជាតិ និងសមិទ្ធផលជាក់ស្តែងរបស់រដ្ឋាភិបាល និងប្រជាជន ឬមានការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្រសួងការបរទេសគឺជាទាហានឈានមុខដែលមិនមែនជាកងប្រដាប់អាវុធដែលធ្វើជាខែលការពារដំបូងគេ។
វិបត្តិនយោបាយរបស់កម្ពុជាមិនមែនកើតឡើងដោយសារតែតួអង្គក្នុងប្រទេសនោះទេ គឺមានការលូកដៃចូលយ៉ាងជ្រាលជ្រៅពីតួអង្គនៅក្រៅប្រទេសទាំងជនជាតិខ្មែរ និងបរទេស។
ប្រឈមនឹងការវាយប្រហារបែបនេះ តួនាទីការងារការបរទេសមានសារៈសំខាន់ខ្លាំងក្នុងការការពារស្ថិរភាពម៉ាក្រូទាំងសេដ្ឋកិច្ច និងនយោបាយ និងសេចក្តីថ្លៃថ្នូរ និងកិត្តិនាមរបស់ប្រជាជន និងប្រជាជាតិខ្មែរ។
បើគ្មានតំណាងឯក្រៅប្រទេសទេ បរទេសភាគច្រើនដែលគ្មានព័ត៌មានអ្វីក្រៅពីអ៊ីនធឺណិតប្រាកដជាគិតថាខ្មែរវេទនាដូចឋាននរកស្រមៃឃើញតែរបបប្រល័យពូជសាសន៍ គ្រាប់មីន អសន្តិសុខ គ្មានស្ថិរភាព។ល។ ហើយងាយនឹងយល់ច្រឡំថា កម្ពុជាមិនមែនជាទីស្ថាននៃការវិនិយោគ ឬជាដៃគូពាណិជ្ជកម្មដែលមានប្រយោជន៍។
នៅពេលមានការឈ្លានពានពីប្រទេសដទៃ តើមាននរណាដែលជាអ្នកចរចាព្រំដែន ដើរពន្យល់ប្រទេសដទៃថា កម្ពុជាជាជនរងគ្រោះ នៅពេលដែលភាគីម្ខាងទៀតនៃជម្លោះអាចមានស្ថានទូតលើសពី ១០០ មានមន្ត្រីទូតដែលមានសមត្ថភាពអាចពន្យល់គ្រប់ទិដ្ឋភាពច្បាប់ និងនយោបាយហើយថែមទាំងមានទំនាក់ទំនងពាណិជ្ជកម្មរឹងមាំជាងកម្ពុជាទៀតនោះ?
ទិដ្ឋភាពចុងក្រោយគឺអ្នកការទូតប្រៀបបានដូចជា “ទែរម៉ូម៉ែត្រមនុស្ស” (human thermometer)។ អ្នកការទូតគឺជាអ្នកស្ទង់ដឹងមុនគេនូវស្ថានភាពក្តៅត្រជាក់នៃទំនាក់ទំនងជាមួយប្រទេសដៃគូ ឬស្ថានភាពតំបន់ និងសកលដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិកម្ពុជា។
អ្នកការទូត គឺជាអ្នកស្ទង់ដឹងមុនគេនៅពេលណាដែលប្រទេសណាមួយមានបំណងអមិត្តចំពោះកម្ពុជាចង់ដាក់ទណ្ឌកម្ម ឬសម្ពាធនយោបាយការទូត និងសេដ្ឋកិច្ចមកលើកម្ពុជា ហើយក៏ជាអ្នកដឹងជាងគេថា តើតួអង្គណាខ្លះដែលមានបំណងល្អ ឬអាក្រក់ចំពោះកម្ពុជា ហើយយើងត្រឡប់ទៅចំណុចទី ២ វិញ ពោលគឺតាមរយៈព័ត៌មានទាំងនេះអ្នកការទូតត្រូវដើរតួឈានមុខក្នុងការការពារវិបត្តិការទូត កុំឲ្យកើតមានឡើង ឬបើកើតមានហើយក្តី ត្រូវដើរតួជាអ្នកដោះស្រាយ បង្រួមជម្លោះ បង្កើនការយោគយល់គ្នា និងកសាងការជឿទុកចិត្តឡើងវិញ។
ជារួមយើងអាចមានការបកស្រាយច្រើនអំពីទិដ្ឋភាពការងារការបរទេស ប៉ុន្តែ ខាងលើនេះគឺជាទិដ្ឋភាព ៣ ត្រួសៗដែលសុទ្ធសឹងជាការងារអរូបី គ្មានរង្វាស់ខ្នាត និងសូចនាករ ប៉ុន្តែទន្ទឹមនឹងនេះគឺសុទ្ធតែជាការងារស្នូលដែលមិនអាចខ្វះខាតបានទាក់ទងនឹងផលប្រយោជន៍ជាតិកម្ពុជា៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)