
វេជ្ជបណ្ឌិត ម៉ាណាបុ ឧកាវ៉ាដា ផ្ដល់បទសម្ភាសដល់ ភ្នំពេញ ប៉ុស្ដិ៍ នៅមន្ទីរពេទ្យសាន់រ៉ាយ។ ហុង មិនា
ភ្នំពេញ: អង្គុយនៅមុខកុំព្យូទ័រក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រចនាប័ទ្មកុមារ មានសូរភ្លេងតិចៗយ៉ាងមនោរម្យ លោកវេជ្ជបណ្ឌិត ម៉ាណាបុ ឧកាវ៉ាដា (Dr. Manabu Okawada)បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកយកព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ដែលចង់ដឹងថា តើទម្លាប់ថែទាំកុមារនៅកម្ពុជាត្រឹមត្រូវ ឬត្រូវកែខៃយ៉ាងណានោះ?
លោកវេជ្ជបណ្ឌិតជំនាញផ្នែកកុមារមកពីប្រទេសជប៉ុនបានពន្យល់យ៉ាងក្បោះក្បាយតាមរយៈសំណួររបស់យើង ដោយផ្អែកតាមការកត់សម្គាល់អំពីវិធីជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាមជ្ឈដ្ឋានរស់នៅក្នុងបរិយាកាសបច្ចុប្បន្នដូច្នេះថា៖
លោកវេជ្ជបណ្ឌិត តើអ្នកជំងឺកុមាររបស់ លោក ជាទូទៅមានបញ្ហាសុខភាពអ្វីដែរ?
ជាដំបូងខ្ញុំមានការភ្ញាក់ផ្អើលណាស់ ដែលបានដឹងថាប្រជាជនកម្ពុជា [ដែលមានធនធាន] បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ជាដើម ដើម្បីស្វែងរកការព្យាបាលសម្រាប់កូនៗរបស់ពួកគេ។ ជាការពិតពេល ដែលខ្ញុំបានមកធ្វើការនៅទីនេះ ខ្ញុំកត់សម្គាល់ឃើញថា អ្នកជំងឺកុមាររបស់ខ្ញុំគឺភាគច្រើនពួកគេមានបញ្ហាលើសទម្ងន់ គឺព្រោះតែបញ្ហាផ្នែករបបអាហារ។
តើលោកវេជ្ជបណ្ឌិតយល់ឃើញថា បញ្ហានេះកើតឡើងដោយសារអ្វី?
ជាការពិត អ្នកជំងឺរបស់ខ្ញុំសុទ្ធតែជាអ្នកមានធនធាន។ ឪពុក ម្តាយពួកគេ តែងផ្តល់អាហារជាច្រើនសម្រាប់កូនៗរបស់ពួកគ ដោយមិនដឹងអំពីរបៀបគ្រប់គ្រងរបបអាហារនេះ។ ប្រាកដណាស់ពួកគេមានលុយ ប៉ុន្តែពួកគេ ក៏មិនដឹងដូចគ្នា ដូច្នេះវាចាំបាច់ណាស់យើងត្រូវតែអប់រំពួកគេ ដែលជាឪពុក ម្តាយ រួមជាមួយនឹងកូនៗពួកគេផងដែរ។
បន្ទាប់មកគឺប្រព័ន្ធអបរំតែម្តង យើងមិនត្រឹមតែគិតអំពីអ្នកមានធនធាននៅទីនេះទេ តែអ្នកទូទៅផងដែរ។ អ្វីដែលខ្ញុំព្រួយបារម្ភខ្លាំងនោះ គឺជាមនុស្សវ័យជំទង់ ដែលកំពុងប្រឈមនឹងបញ្ហាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមវាស្រដៀងគ្នានូវអ្វីដែលបានកើតឡើងនៅប្រទេសជប៉ុន។ ដូច្នេះវាពិតជាសំខាន់ណាស់សម្រាប់យើងនៅក្នុងការផ្តោតលើការអប់រំ។ ឥឡូវនេះ យើងបានចាប់ផ្តើមផ្តល់សេវាកម្មត្រួតពិនិត្យសុខភាពទាំងសម្រាប់កុមារផងដែរ។
បើបញ្ហានេះនៅតែបន្ត តើវានឹងប៉ះពាល់ដូចម្តេចខ្លះ?
បេសកកម្មរបស់យើងនៅទីនេះ គឺដើម្បីផ្តល់សេវាកម្មវេជ្ជសាស្ត្រស្តង់ដារជប៉ុន។ ដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនទៅមុខវាមានសារៈសំខាន់ណាស់ក្នុងការអប់រំឪពុកម្តាយអំពីសារៈសំខាន់នៃការផ្តល់របបអាហារត្រឹមត្រូវសម្រាប់កុមារ ដែលជាអនាគតរបស់ប្រទេសនេះ វានឹងមានផលប៉ះពាល់រួម ដូច្នេះខ្ញុំកំពុងរៀបចំឯកសារមួយចំនួនដើម្បីផ្សព្វផ្សាយជាសាធាណៈលើបណ្តាញសង្គមដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាទាំងនេះផងដែរ។
តើអ្វីទៅ ជាការព្រួយបារម្ភរបស់លោកចំពោះបញ្ហាសុខភាពផ្សេងទៀត ដែលកើតមានលើកុមារនៅទីនេះ?
ខ្ញុំបានកត់សម្គាល់ផងដែរថា កុមារកម្ពុជាឧស្សាហ៍មានបញ្ហាហៀរសំបោរ នេះវាកើតឡើងដោយសារតែការអាល្លែកហ្ស៊ី ជាពិសេសគឺនៅភ្នំពេញតែម្តង។ នេះដោយសារតែសេដ្ឋកិច្ចកម្ពុជាកំពុងមានភាពប្រសើរជាងមុន បើទោះជាបញ្ហាបំពុលបរិយាកាស មានភាពប្រសើរឡើងក្តី ប៉ុន្តែវាគឺជាដើមចមធ្វើឲ្យមានអាការប្រតិកម្មនេះ។
តើយើងត្រូវធ្វើដូចម្តេចដើម្បីបង្ការបញ្ហានេះ?
ពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំរកឃើញថា វាពិតជាពិបាកដកដង្ហើមមែន ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំង ក៏ដូចជាធូលីដី ហើយវាពិតណាស់ គឺពិបាកផ្លាស់ប្តូរ។ ដូច្នេះខ្ញុំសូមផ្តល់យោបល់ឲ្យប្រើប្រាស់ម៉ាស់ការពារកុមារ។
ជាទូទៅ កុមារខ្មែរនៅទីនេះងាយនឹងមានអាការៈក្តៅខ្លួន។ តើឪពុកម្តាយគួរធ្វើយ៉ាងណាដើម្បីជួយពួកគេ?
ខ្ញុំបានរកឃើញកំហុសមួយដែលអ្នកនៅទីនេះបានអនុវត្ត គឺការប្រើប្រាស់ចាហួយបិទក្បាលនៅពេលកុមារគ្រុនក្តៅ។ បាទវាប្រហែលជាល្អនៅពេលខ្លះ ប៉ុន្តែបើផ្អែកតាមក្បួនវេជ្ជសាស្ត្រ គឺវាគ្មានន័យអ្វីទាំងអស់។ ជាទូទៅ ខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់កញ្ចប់ទឹកកកដាក់ខាងលើ ក ក្លៀក និងក្រលៀន វិធីបញ្ចុះកម្តៅនេះគឺល្អសម្រាប់ការឡើងកម្តៅខ្ពស់។ ដូច្នេះនៅផ្ទះ បើយើងប្រើប្រាស់វិធីនេះវាល្អជាង។ សូមធ្វើការចៀសវាងការប្រើប្រាស់ថ្នាំមុនប្រើវិធីនេះ ព្រោះវាមិនល្អនោះទេ។ បើធ្វើតាមវិធីបែបនេះហើយវានៅតែមិនមានការប្រសើរឡើងទៀត សូមយកក្មេងមកកាន់មន្ទីរពេទ្យ។
គួបញ្ជាក់ថាលោកវេជ្ជបណ្ឌិតឧកាវ៉ាដា គឺជាគ្រូពេទ្យប្រចាំការរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយ ដែលជាមន្ទីរពេទ្យឯកជនគាំទ្រដោយគម្រោងអភិវឌ្ឍន៍ជប៉ុន Jica ដើម្បីនាំយកការថែទាំវេជ្ជសាស្ត្រស្តង់ដារជប៉ុនមកកាន់់ព្រះរាជាណាចក្រកម្ពុជា៕