ភ្នំពេញៈ ប្រជាជនកម្ពុជាបានចំណាយប្រាក់យ៉ាងហោចណាស់ ៤១៣ លានដុល្លារ កាលពីឆ្នាំ ២០១៨ ទៅលើអេឡិចត្រូនិក ដែលជាកំណើនដ៏ខ្លាំងមួយធៀបនឹងឆ្នាំ ២០១៧។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋាន GfK។ របាយការណ៍បង្ហាញថា ប្រជាជនកម្ពុជាបានចំណាយលើការទិញទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់សំខាន់ៗក្នុងលំនៅឋាន ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់។
របាយការណ៍របស់ GfK ដែលត្រូវបានបង្ហាញដោយលោក សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) ដែលជាក្រុមហ៊ុនដៃគូជាមួយ LG Electronics នៅកម្ពុជាកាលពីល្ងាចថ្ងៃពុធ បានឲ្យដឹងថា ទឹកប្រាក់នៃការទិញទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់សំខាន់ៗក្នុងគេហដ្ឋានសរុបមានរហូតដល់ ៤១៣ លានដុល្លារកាលពីឆ្នាំមុន ក្នុងនោះការទិញទូរស័ព្ទដៃមាន ២៨២ លានដុល្លារ និងសម្ភារប្រើប្រាស់សំខាន់ៗក្នុងគេហដ្ឋានមាន ១២១ លានដុល្លារ។
តម្លៃនេះបានកើនឡើង ២៨ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ៣២៣ លានដុល្លារ ក្នុងនោះការទិញទូរស័ព្ទដៃ ២១៤ លានដុល្លារ និងសម្ភារប្រើប្រាស់សំខាន់ៗក្នុងគេហដ្ឋានមាន ១០៩ លានដុល្លារ។
លោក ពិសិដ្ឋ បានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាបានជំរុញកំណើនតម្រូវការឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋាន និងកំណើនការលក់ឧបករណ៍អេឡិចត្រូនិក។
លោកបញ្ជាក់ថា៖ «ការកើនឡើងប្រាក់ចំណូលរបស់ប្រជាជន និងការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃទាបជាងមុនទៅដល់តំបន់ជនបទ បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនការលក់ផលិតផលអេឡិចត្រូនិក»។
លោកបន្ថែមថា នៅពេលការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបបានពង្រីកទៅតំបន់ជនបទ វាមានឥទ្ធិពលភ្លាមៗដល់តម្រូវការទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ខណៈផលិតផលម៉ាស៊ីនត្រជាក់ត្រូវការនៅពេលយូរជាងគេដើម្បីមានកំណើនតម្រូវការ។
ក្រៅពីកត្តាកំណើនប្រាក់ចំណូល ជម្រើសការទូទាត់ដែលអាចបត់បែនបាន ដូចជាកំណើនសេវាការបង់រំលស់ ក៏ជាកត្តាដ៏សំខាន់មួយទៀត ក្នុងការបង្កើនការលក់ផលិតផលនេះនៅកម្ពុជា។ ប្រជាជនមិនចាំបាច់ត្រូវការលុយសុទ្ធទាំងដុលដូចមុនដើម្បីទិញផលិតផលទាំងនេះ ដូចមុននោះទេ ខណៈពេលនេះពួកគេអាចទិញផលិតផលជាច្រើនដោយធ្វើការបង់រំលស់។
អ្នកលក់ឧបករណ៍ប្រើប្រាស់ម្នាក់នៅផ្សារទំនើបអ៊ីអនដែលស្នើមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលមិញថា ការលក់ឧបករណ៍ប្រើប្រាស់បានមើលឃើញកំណើនប្រចាំឆ្នាំ និងភាគច្រើននៃការទិញលក់ផលិតផលត្រូវបានធ្វើឡើងតាមរយៈសេវាបង់រំលស់។
អ្នកលក់រូបនោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «ការលក់របស់យើងអាចនឹងកើនយឺតជាងនេះ ប្រសិនបើយើងមានតែជម្រើសឲ្យអតិថិជនទិញដោយបង់ទាំងអស់តែម្តង។ ប៉ុន្តែនៅពេលនេះប្រជាជនអាចទិញអ្វីដែលពួកគេចង់បានដោយបង់រំលស់តាមប្រាក់ចំណូលជាក់ស្តែងរបស់ពួកគេ»។
ទន្ទឹមនឹងកំណើនខ្លាំងនៃតម្រូវការឧបករណ៍ប្រើប្រាស់អេឡិចត្រូនិក លោក សុខ ពិសិដ្ឋ បានឲ្យដឹងថា ក្រុមហ៊ុនចែកចាយផ្លូវការដូចជា G-Gear កំពុងប្រឈមបញ្ហាដ៏ធំមួយ គឺការប្រកួតប្រជែងមិនស្មើភាព ខណៈមានអ្នកនាំចូលក្រៅផ្លូវការដោយរត់ពន្ធផលិតផលទាំងនោះមកប្រទេស កម្ពុជា និងលក់បង្ខូចតម្លៃ៕LA