
រថយន្តដឹកដំឡូងមីស្រស់តាមផ្លូវជាតិលេខ ៧ ឆ្ពោះទៅប្រទេសវៀតណាម។ ហេង ជីវ័ន
ភ្នំពេញ: ប្រទេសកម្ពុជា បាននាំចេញផលិតផលពីដំឡូងមីជិត ៣ លានតោន ទៅកាន់ទីផ្សារអន្តរជាតិយ៉ាងហោច ១០ ប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ដោយមានកំណើនជិត ៤៩ ភាគរយ ក្នុងរយៈពេល ៩ ខែដើម ឆ្នាំ ២០២០ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេលនេះកម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួនជាង ១,៧៨ លានតោន និងចំណិតដំឡូងមីក្រៀមចំនួនជាង ១,២ លានតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម និងថៃ និងការនាំចេញម្សៅដំឡូមីចំនួន ១២ ០០០ តោន ទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌា ចិន បែលហ្ស៊ិក ហូឡង់ ប៉ាគីស្ថាន សាធារណរដ្ឋឆែក ក្រូអាស៊ី និងអ៊ីតាលី។
ក្រសួងពាណិជ្ជកម្មក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីឆ្នាំ ២០១៨ បានដាក់ចេញនូវគោលនយោបាយជាតិដំឡូងមីដំបូងបំផុតដែលមានបំណងប្រែក្លាយកម្ពុជាទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងដែលមានព្រំប្រទល់ជាប់ប្រទេសថៃបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ៩ ខែដំឡូងមីរបស់ខេត្តនេះត្រូវបាននាំចេញទៅប្រទេសថៃ សរុបចំនួន ១២៦ ២៥០ តោន។ ក្នុងនោះដំឡូងមីក្រៀមចំនួន ១១៥ ០០០ តោន និងដំឡូងមីស្រស់ចំនួន ១១ ២៥០ តោន។
លោកបន្តថា ក្នុងអំឡុងពេលនេះដំឡូងមីស្រស់មានតម្លៃចន្លោះពី ១៦៩ ទៅ ២៨៦ រៀល ក្នុង ១ គីឡូក្រាម និង ដំឡូងមីក្រៀមមានតម្លៃចន្លោះពី ៥៥៨ ទៅ ៨២០ រៀលក្នុង ១ គីឡូក្រាម។
ការដាំដុះដំណាំដំឡូងមីរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងរហូតមកដល់ពេលនេះសម្រេចបានលើផ្ទៃដីចំនួន ១៤១ ១៣២ ហិកតា ដោយទិន្នផលតាមការប៉ាន់ស្មានជាមធ្យម ២៦,៤៣ តោន ក្នុង ១ ហិកតា ខណៈដែលផ្ទៃដីប៉ះពាល់ និងខូចខាតដំឡូងមីដោយទឹកជំនន់ប្រហែល ៨០ ភាគរយ នៃផ្ទៃដាំដុះសរុបអំឡុងពេលនេះ។ នេះបើតាមលោក ហួត។
អ្នកស្រី សុខ ហុក កសិករដាំដំឡូងមីនៅស្រុកសំពៅលូន ខេត្តបាត់ដំបងដែលដាំដំឡូងមីលើផ្ទៃដី ១០ ហិកតា ដោយ ២ ហិកតា ទទួលរងជំនន់ទឹកភ្លៀងបានឱ្យដឹងថា អ្នកស្រីនឹងចាប់ផ្តើមប្រមូលផលដំឡូងមីនៅក្នុងខែមករាឆ្នាំក្រោយ ដោយរំពឹងថានឹងប្រមូលផលចន្លោះពី ១០០ ទៅ ២០០ តោន។
អ្នកស្រីនិយាយ៖ «ទិន្នផលអាចថយជាងឆ្នាំមុន ព្រោះទឹកភ្លៀងបានជន់លិចចម្ការរបស់ខ្ញុំប៉ះពាល់ជាង ២ ហិកតា។ ឥឡូវទឹកស្រកវិញបន្តិចហើយ ប៉ុន្តែប្រសិនបើទឹកជំនន់បន្តអូសបន្លាយរហូតដល់ចុងខែតុលា វានឹងធ្វើឱ្យដំឡូងមីរលួយអស់មួយចំនួន»។
អ្នកស្រីរំពឹងថា ដំឡូងមីក្រៀមនឹងមានតម្លៃប្រហែលឆ្នាំមុនគឺចន្លោះពី ៦០០ ទៅ ៧០០ រៀល ក្នុង ១ គីឡូក្រាម ដោយបញ្ជាក់ថា៖ «ដាំឡូងមីមានទីផ្សារ និងតម្លៃល្អជាងដំណាំពោត»។
ដំឡូងមី ត្រូវបានគេដាំដុះក្នុងខែឧសភា និងចាប់ប្រមូលផលពីខែវិច្ឆិការហូតដល់ខែកុម្ភៈក្នុងឆ្នាំនីមួយៗ។
កាលពីខែសីហា ឆ្នាំនេះ រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥ បន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិរួមគ្នាអភិវឌ្ឍឯកសារគោលរយៈពេល ២ ឆ្នាំ។ គោលនយោបាយជាតិដំឡូងមីនេះបានកំណត់គោលដៅសំខាន់ៗចំនួន ៣ រួមមានៈ ទី ១ ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម និងការអនុវត្តតាមគោលការណ៍បច្ចេកទេសកសិកម្មដែលកសិករអាចទទួលបានប្រាក់ចំណូលខ្ពស់ ការប្រើប្រាស់ដីប្រកបដោយចីរភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ទី ២ គឺគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកែច្នៃផលិតផលដំឡូងមីដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមក្នុងដំណាំកសិឧស្សាហកម្មនេះ និងទី ៣ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ព្រមទាំងកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់ និងសម្របសម្រួលជាមួយអន្តរវិស័យដែលពាក់ព័ន្ធការនាំចេញ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា កម្ពុជានាំចេញដំឡូងមីជាង ៣,២៩ លានតោន កាលពីឆ្នាំ ២០១៩ កើនឡើង ២៧ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមាន ២,៥៩ លានតោន៕LA