ភ្នំពេញៈ ចំនួនទេសចរចិន ដែលមកទស្សនាប្រទេស កម្ពុជា ក្នុងឆ្នាំ ២០១៨ មានប្រមាណ ២ លាននាក់ កើនឡើងជាង ៧០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលបានជំរុញឲ្យចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើងដល់ជាង ៦ លាននាក់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួង ទេសចរណ៍កម្ពុជា។
លោក ថោង ខុន បានឲ្យដឹងថា ទេសចរបរទេសមកទស្សនាកម្ពុជានៅឆ្នាំ ២០១៨ មានចំនួន ៦,២ លាននាក់ កើនឡើង ១១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ហើយទេសចរចិននៅតែបន្តឈានមុខគេ ២ ឆ្នាំជាប់គ្នា។
ការបង្ហាញពីទិន្នន័យចំនួនទេសចរនេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា កំណើនភ្ញៀវទេសចរចិន ជាកាលានុវត្តន៍ដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងការបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀតនៅក្នុងប្រទេស កម្ពុជា។
លោកថ្លែងថា៖ «ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យមកទស្សនាកម្ពុជាកាន់តែច្រើននៅឆ្នាំ ២០១៩ កម្ពុជាក៏ត្រូវការឲ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មី ប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍»។
លោក ថោង ខុន បន្តថា៖ «យើងខ្ញុំក៏សូមសំណូមពរ ឯកឧត្តមរដ្ឋមន្ត្រី ជួយជំរុញឲ្យមានការហោះហើរត្រង់ចេញពីចិនមកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតដើម្បីជំរុញកំណើនទៅវិញទៅមក»។
ទំនាក់ទំនងរវាងកម្ពុជា និង ចិនត្រូវបានគេមើលឃើញថា កាន់តែស្អិតល្មួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈកម្ពុជាកំពុងរងការព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធនាំចេញទំនិញទៅសហភាពអឺរុប ដែលជាទីផ្សារធំជាងគេរបស់កម្ពុជា។
លោក ឡ ស៊ូកាង ក៏បានជួបលោកពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរសម្រាប់ការប្រកាសឆ្នាំ វប្បធម៌ និងទេសចរណ៍ ២០១៩ កម្ពុជា ចិន ដែលជំនួបនេះជាការបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំង ២ ឲ្យកាន់តែរីកចម្រើន។
ដំណើរមកកាន់កម្ពុជារបស់លោក ឡ ស៊ូកាង ធ្វើឡើងតែជាង ១ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅចិន ដែលបាននាំមកនូវកិច្ចព្រមព្រៀងអភិវឌ្ឍន៍ជាច្រើន ជាមួយនឹងការសន្យាជំនួយជាង ៦០០ លានដុល្លារពីចិន។
ក្នុងសុន្ទរកថា របស់លោក ថោង ខុន បានចាត់ទុកអនាគតនៃវិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ លោកថ្លែងថា៖ «កម្ពុជាយល់ច្បាស់ពីនិន្នាការនេះ និងបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលភ្ញៀវទេសចរ និងវិនិយោគិនចិន ពិសេសការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ និងវិនិយោគរបស់មហាមិត្តចិននៅកម្ពុជា។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសាទរចំពោះកំណើននេះ និងបានចាត់ទុកថា វាកើតចេញពីស្ថិរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា។ អ្នកស្រីបន្តថា៖ «ការបើកចំហជើងមេឃ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់កាន់តែច្រើន ការ ពង្រឹងសេវាកម្ម និងការកែលម្អក្នុងវិស័យទេសចរណ៍របស់កម្ពុជាបានជំរុញឲ្យមានកំណើនទាំងនេះ»។
ទោះបីយ៉ាងនេះក្តី អ្នកស្រីបន្តថា កំណើនយ៉ាងគំហុកនៃការមកដល់ភ្ញៀវទេសចរចិនបានផ្តល់ភាពអវិជ្ជមានខ្លះទាក់ទងនឹងសេវាកម្ម។ អ្នកស្រីបន្តថា ភាពអវិជ្ជមាន គឺសំដៅដល់ការមិនទាន់ត្រៀមខ្លួនរួចរាល់របស់អ្នកផ្តល់សេវាក្នុងស្រុក ដែលជំរុញឲ្យទេសចរចិនងាកទៅប្រើប្រាស់សេវា ដែលផ្តល់ដោយជនជាតិចិននៅកម្ពុជា។
អ្នកស្រីអះអាងថា៖ «នៅពេលលំហូរចូលទេសចរចិនយ៉ាងគំហុកបែបនេះ យើងត្រៀមខ្លួនអត់ទាន់ដើម្បីទទួលពួកគេ សេវារបស់យើងនៅមានកម្រិតធ្វើឲ្យគេរត់ទៅរកសេវារបស់គ្នាគេ»។ ទោះយ៉ាងណាក៏ដោយអ្នកស្រីអះអាងថា ប្រជាពលរដ្ឋនៅតំបន់ទេសចរក៏ទទួលបានអត្ថប្រយោជន៍ច្រើនទាំងផ្ទាល់ និងប្រយោលផងដែរ។
លោក ថោង ខុន បានលើកឡើងនៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធថា កម្ពុជារំពឹងថា នៅឆ្នាំ ២០២០ នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣ លាននាក់ ហើយនឹងកើនឡើងដល់ ៥ លាននាក់នៅ ឆ្នាំ ២០២៥ និង ៨ លាននាក់នៅឆ្នាំ ២០៣០។
កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៥,៦ លាននាក់កាលពីឆ្នាំ ២០១៧ ក្នុងនោះទេសចរចិនមានជាង ១,២ លាននាក់។ កម្ពុជារកចំណូលបាន ៣,៦ ពាន់លានដុល្លារពីវិស័យទេសចរណ៍កាលពីឆ្នាំ ២០១៧៕ LA