ភ្នំពេញៈ កម្ពុជាសង្ឃឹមថា នឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេស តួកគី ឲ្យធ្វើដំណើរមកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីថ្នាក់ដឹកនាំវិស័យទេសចរណ៍កម្ពុជា បានទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ EMITT 2019 លើកទី ២៣ នៅប្រទេស តួកគី។ នេះបើតាមអ្នកនៅក្នុងវិស័យទេសចរណ៍កម្ពុជា។
ក្នុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ EMITT 2019 ពីថ្ងៃ ទី ៣១ ខែមករា ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានដឹកនាំក្រុមប្រតិភូកម្ពុជាទៅជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួនដូចជា Emirates Airlines, Asiana Airlines និងក្រុមការងាររបស់ទីក្រុង Bursa ជាដើម។
គោលបំណងនៃការជួបពិភាក្សា គឺដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារតួកគី និងពិភពលោកឲ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។
EMITT គឺជាពិព័រណ៍ដ៏ធំមួយនៅអឺរ៉ុប ដែលមានអ្នកចូលរួមជាង ៦ ម៉ឺននាក់មកពីប្រមាណ ៩០ ប្រទេស។ ក្នុងព្រឹត្តិការណ៍នោះក៏មានការចូលរួមពីក្រុមហ៊ុនខ្មែរចំនួន ៣ គឺ Younes Tourism, Charming Cambodia Tour និង Eurasie Travel។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បាននិយាយថា តួកគីជាប្រទេសធំ មានសេដ្ឋកិច្ចរឹងមាំ តែកន្លងមកទំនាក់ទំនងជាមួយកម្ពុជាមិនសូវមានច្រើននោះទេ ខណៈប្រទេសជិតខាងរបស់យើងគេមានទំនាក់ទំនងខ្លាំងជាមួយប្រទេស តួកគី លើគ្រប់វិស័យ។
លោកបានបន្តថា ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរតួកគីជាច្រើននាក់បានធ្វើដំណើរទៅប្រទេស ថៃ និងវៀតណាម រហូតនៅទីនោះមានសហគមន៍ទេសចរណ៍តួកគីទៀតផង។
លោកនិយាយថា៖ «សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងដែលទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ EMITT 2019 ពិតជាចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជានាពេលអនាគត»។
លោកអះអាងថា៖ «កម្ពុជាគួរតែធ្វើសកម្មភាពបែបនេះឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍របស់ខ្លួនទៅកាន់ប្រទេសនានា»។
លោកប្រាប់ទៀតថា តួកគី មិនមែនត្រឹមតែជាប្រទេស ដែលមានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ប៉ុណ្ណោះទេ តែប្រទេសនេះក៏មានសក្តានុពលខ្ពស់ផ្នែកកសិកម្មផងដែរ។
ដោយសារកម្ពុជា និងតួកគី មិនសូវមានទំនាក់ទំនងជាមួយគ្នានោះ កន្លងមកការវិនិយោគរបស់វិនិយោគិនតួកគីនៅកម្ពុជា គឺមានវិស័យអប់រំប៉ុណ្ណោះ (សាលា Zaman)។ នេះបើតាមលោក ស៊ីណាន។
បច្ចុប្បន្នកម្ពុជា កំពុងរៀបចំបង្កើតស្ថានទូតកម្ពុជានៅទីក្រុងអង់ការ៉ា ដែលអាចនឹងលេចចេញជារូបរាងនៅក្នុងអំឡុងឆ្នាំ ២០១៩ នេះ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ពីមុនមកកម្ពុជា និងតួកគី មិនសូវមានទំនាក់ទំនងជាមួយគ្នាទេ ប៉ុន្តែបន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំមុនមក ឃើញថា ទំនាក់ទំនងរវាងប្រទេសកាន់តែមានភាពល្អជាលំដាប់។
ខណៈមានក្តីរំពឹងថា នៅពេលឆាប់ៗខាងមុខ នឹងមានជើងហោះហើរត្រង់ពីតួកគីមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នោះ លោក វណ្ឌី បានថ្លែងថា៖ «ការចូលរួមព្រឹត្តិការណ៍ EMITT 2019 នេះអាចនិយាយថា ជាស្ពានមួយក្នុងការតភ្ជាប់រវាងប្រទេសទាំង ២ ឲ្យកាន់តែមានភាពរឹងមាំ ដែលអាចនាំយកភ្ញៀវទេសចរតួកគី និងអឺរ៉ុបមកកម្ពុជាកាន់តែច្រើន»។
ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរតួកគី ចំនួន ៦ ៩២១ នាក់ ធ្លាក់ចុះចំនួន ៥,៧៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ដែលមានចំនួន ៧ ៣៤៥ នាក់៕ LA