ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករ ៣៨៩ ២៦៤ តោន ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីក្រសួងកសិកម្ម ខណៈអ្នកនៅក្នុងឧស្សាហកម្មនេះបានចាត់ទុកការធ្លាក់ចុះនេះ ដោយសារតែកង្វះស្រូវក្នុងស្តុក។
យោងតាមទិន្នន័យចេញផ្សាយកាលពីដើមខែនេះ ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ការនាំចេញអង្ករបានធ្លាក់ចុះ ៨,៤ ភាគរយ ពី ៤២១ ៩៦៦ តោនក្នុងរយៈ ពេល ៩ ខែដំបូងកាលពីឆ្នាំមុន មកនៅត្រឹម ៣៨៩ ២៦៤ តោននៅឆ្នាំនេះ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការធ្លាក់ចុះការនាំចេញអង្ករ ដោយសារតែកង្វះស្រូវស្តុកទុក ដើម្បីផ្គត់ផ្គង់ឧស្សាហកម្មនេះ។
លោកថ្លែងថា៖ «ទីផ្សារអង្ករពិភពលោកនៅឆ្នាំនេះល្អ ដូច្នេះ មានឈ្មួញជាច្រើនទិញស្រូវដោយផ្ទាល់ពីកសិករ ខណៈសមត្ថភាពឃ្លាំងស្តុករបស់យើងមិនទាន់រួចរាល់»។
លោកបន្តថា៖ «ដូច្នេះនិន្នាការការនាំចេញអង្ករនៅឆ្នាំនេះគឺធ្លាក់ចុះ ទោះបីជាយើងមានអ្នកទិញក៏ដោយ ប៉ុន្តែយើងមិនមានស្រូវនៅក្នុងដៃដើម្បីកិនសម្រាប់នាំចេញនោះទេ»។
ការអះអាងបែបនេះ ហាក់ដូចជាផ្ទុយគ្នានឹងទិន្នន័យដែលកត់ត្រាដោយរដ្ឋាភិបាល ដែលប្រកាសថាប្រទេសនេះមានស្រូវលើសតម្រូវការរហូតដល់ជាង ៣ លានតោនក្នុងមួយឆ្នាំ។
ថ្លែងទៅកាន់អ្នកចូលរួម ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ ប្រទេស ជប៉ុន កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងថា ប្រទេស កម្ពុជា សល់ស្រូវរហូតដល់ ៤ លានតោនក្នុង ១ ឆ្នាំៗ។
ប៉ុន្តែការនាំចេញ ត្រូវបានព្យាករថា នឹងកើនឡើងត្រឹមរដូវប្រមូលផលក្រោយ ខណៈអង្ករកម្ពុជាបានឈ្នះពានរង្វាន់ជាអង្ករល្អបំផុតមួយលើពិភពលោកក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមលោក ហ៊ុន ឡាក់។
លោកថ្លែងថា ពានរង្វាន់នេះនឹងជាឱកាសល្អ ក្នុងការបង្កើតសញ្ញាពាណិជ្ជកម្ម អង្គរម្លិះ លើទីផ្សារពិភពលោក។
លោកលើកឡើងថា៖ «វាគឺជាឱកាសមួយសម្រាប់ការបង្កើតស្លាកសញ្ញាពាណិជ្ជកម្ម»។
លោកបន្តថា៖ «ពានរង្វាន់នេះ នឹងផ្ដល់ការលើកទឹកចិត្តកាន់តែខ្លាំងដល់កសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់យើង ក្នុងការបង្កើនល្បឿនការផលិតប្រកបដោយគុណភាព»។
ផែនការអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)
ពេលនេះសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងពិភាក្សាពីលទ្ធភាពនៃការដក EBA របស់សហភាពអឺរ៉ុប ដើម្បីស្វែងរកដំណោះស្រាយ បើវិធានការនេះត្រូវបានធ្វើឡើង។ នេះបើតាមលោក ហ៊ុន ឡាក់។
លោកថ្លែងថា៖ «យើងរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើបញ្ហានេះ ជាមួយសមាជិកផងដែរ យើងពិបាកក្នុងការនិយាយណាស់នៅពេលនេះ ដោយសារតែវានៅតែមានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ ហើយយើងមិនរំពឹងថាវានឹងប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មនោះទេ ដោយសារវាមានសក្ដានុពលច្រើនសម្រាប់ការអភិវឌ្ឍ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Co.Ltd បានឲ្យដឹងថា កម្ពុជាមិនគួរផ្ដោតតែលើអង្ករក្រអូបនោះទេ ហើយត្រូវការធ្វើពិពិធកម្ម អង្ករប្រភេទផ្សេងទៀត ដូចដែលវៀតណាម និងថៃបានធ្វើ។
លោកបញ្ជាក់ថា៖ «នៅពេលនេះយើងកំពុងផ្ដោតលើការនាំចេញអង្ករក្រអូប ខណៈប្រភេទអង្ករសធ្លាក់ចុះ ដូច្នេះនិន្នាការនៃការនាំចេញប្រែទៅជាធ្លាក់ចុះ ហើយវានឹងប៉ះពាល់ដល់ឧស្សាហកម្មអង្ករទាំងមូល»។
លោកបន្ថែមថា៖ វាមិនទាន់ជាការបារម្ភនៅឡើយទេ ទាក់ទងនឹងលទ្ធភាពនៃការដកចេញ EBA។
លោកថ្លែងថា៖ «អ្នកទិញរបស់យើងស្ថិតនៅក្នុងកិច្ចព្រមព្រៀងនៅឡើយទីផ្សារអង្ករនៅតែមានស្ថិរភាពសម្រាប់ពួកយើង ខណៈយើងនៅតែរក្សាបាននូវគុណភាព និងការបង្កើនទីផ្សារ»៕LA