ភ្នំពេញៈ តម្លៃមូលបត្របំណុលសាជីវកម្មរបស់ធនាគារ PPCBank ជួញដូរនៅលើផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃអង្គារបានកើនឡើង ១០៥ ៣០៩ រៀល ធៀបនឹងតម្លៃដំបូង ១០០ ០០០ រៀល ដែលជាការកើនឡើងជាប្រវត្តិសាស្ដ្រនៃទីផ្សារមូលបត្របំណុលរបស់កម្ពុជា បន្ទាប់ពីដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ។
បើយោងតាមទិន្នន័យបានពី CSX សន្ទស្សន៍មូលបត្របំណុល FX-index របស់ PPCBank ត្រូវបានជួញដូរនៅក្នុងទីផ្សារបន្ទាប់ក្នុងអត្រាទិន្នផលចំនួន ៤,៥ ភាគរយ ដែលទាបខ្លាំងជាងអត្រាទិន្នផលចំនួន ៦,៥ ភាគរយ នៅពេលមូលបត្របំណុលបានបោះផ្សាយដំបូង ដែលមានន័យថា តម្លៃមូលបត្របំណុលរបស់ PPCbank បានកើនដល់ ១០៥ ៣០៩ រៀល ធៀបទៅនឹងតម្លៃការចេញដំបូង ១០០ ០០០ រៀល។
សន្ទស្សន៍មូលបត្របំណុល FX-index គឺជាមូលបត្របំណុលដែលមានអត្រាការប្រាក់ខ្ពស់ និងការទូទាត់ប្រាក់ដើមជាប់ទាក់ទងនឹងអត្រាប្តូរប្រាក់។ ជារួមមូលបត្របំណុលនេះនឹងត្រូវបានការពារដោយហានិភ័យអត្រាប្តូរប្រាក់ជាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ ខណៈដែលអត្រាទិន្នផលមានន័យថា ជាអត្រាប្រាក់ចំណេញសរុបរបស់មូលបត្របំណុល ប្រសិនបើវាត្រូវបានគេរក្សាទុករហូតដល់ពេលវេលាកំណត់។
លោក Jong Weon Ha អនុប្រធាន CSX បានឱ្យដឹងថា លទ្ធផលរបស់ PPCBank បង្កើតសមិទ្ធផលដ៏ល្អមួយនៃទីផ្សារមូលបត្របំណុលសាជីវកម្មរបស់កម្ពុជា។
លោកថ្លែងថា៖ «នេះជាការរីកចម្រើនដ៏ខ្លាំងសម្រាប់ទីផ្សារមូលបត្របំណុលសាជីវកម្មដែលទើបដាក់ដំណើរការនៅពេលថ្មីៗនេះ។ តាមពិត ទីផ្សារមូលបត្របំណុលមិនត្រូវគេសន្មតថា ជាការប្តូរជាប្រាក់ដូចភាគហ៊ុនទេ ដោយសារតែក្រុមវិនិយោគិនរបស់ខ្លួនភាគច្រើនគឺជាវិនិយោគិនជាស្ថាប័នដែលចង់ទិញ និងរក្សាទុកសម្រាប់ប្រាក់ចំណូលថេរ ប៉ុន្តែទីផ្សារនេះពិតជាធំណាស់»។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities បានឱ្យដឹងថា ការធ្លាក់ចុះទិន្នផល ២,០០ ភាគរយ កំពុងឆ្លុះបញ្ចាំងពីកម្រិតដ៏សំខាន់នៃការធ្លាក់ចុះផ្នែកអត្រាការប្រាក់ទីផ្សារជារួមជាផលវិបាកមួយនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលជំរុញដោយការរីករាលដាលជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «ចំណុចសំខាន់ ២ បានពីប្រតិបត្តិការមូលបត្របំណុលកាលពីថ្ងៃអង្គារគឺជាតម្លៃមួយដ៏គួរឱ្យកត់សម្គាល់។ ទី ១ វាបង្ហាញព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ដ្រទីផ្សារមូលបត្រកម្ពុជា ដែលប្រតិបត្តិការមូលបត្របម្រើជាសូចនាករនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន (ធម្មតាករណីនៅក្នុងទីផ្សាររីកចម្រើនខ្លាំង) ខណៈដែលយើងនៅតែប្រុងប្រយ័ត្នចំពោះការធ្វើសេចក្ដីសន្និដ្ឋានរហ័ស ដោយសារការពិតដែលថា ទំហំប្រតិបត្តិការនេះមានសារៈសំខាន់បើធៀបនឹងសកម្មភាពការផ្ដល់កម្ចីរបស់ធនាគារ និងថា វាមិនមែនជាអថេរដែលកំណត់តម្លៃទីផ្សារនោះទេ»។
លោកបន្ថែមថា៖ «ទោះយ៉ាងណាច្បាស់ណាស់វាជាវិធានការដ៏សំខាន់ និងមានប្រយោជន៍ដែលចង្អុលបង្ហាញពីស្ថានការណ៍សេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្ន។ ទី ២ ប្រតិបត្តិការនេះពន្យល់ពីសារៈសំខាន់របស់ទីផ្សារមូលធនថា ជាកន្លែងលើកកម្ពស់ប្រសិទ្ធភាពលំហូរមូលធនដែលអ្នកលក់ត្រូវការសន្ទនីយភាពជួបអ្នកទិញដែលមានទ្រព្យសកម្ម ហើយអាចវិនិយោគលើសពីតម្រូវការ»។
PPCBank បានចេញមូលបត្របំណុលជាផ្លូវការនៅ CSX កាលពីចុងខែមេសា ប្រមូលមូលនិធិបាន ១០ លានដុល្លារ។ កាលពីដើមខែតុលា ធនាគារប្រមូលមូលនិធិបាន ១០ លានដុល្លារជុំទី ២ ពីទីផ្សារ៕LA