ភ្នំពេញៈ កិច្ចព្រមព្រៀងពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងបណ្ដាប្រទេស ៣ ផ្សេងទៀតបានចូលជាធរមានហើយនឹងត្រូវអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ តទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT)។
GDT បានឲ្យដឹងថា កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលកាលពីឆ្នាំ ២០១៦។
កម្ពុជាបានចុះកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេស ប៊្រុយណេដារុយសាឡិម កាលពីឆ្នាំ ២០១៧ និងជាមួយវៀតណាមក្នុងឆ្នាំ ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
កិច្ចព្រមព្រៀងនេះនឹងការពារប្រទេសនីមួយៗពីការយកពន្ធត្រួតគ្នា ហើយនឹងបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងពាណិជ្ជកម្មរវាងប្រទេសទាំងនោះ។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ ២០១៨ នេះ ដោយទំហំពាណិជ្ជកម្មមានចំនួន ៣,០៦ ពាន់លានដុល្លារ ក្នុងអំឡុងរយៈពេល ១០ ខែដំបូង កើនឡើង ៣៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
តួលេខពាណិជ្ជកម្មបានមកពីអគ្គនាយកដ្ឋានគយវៀតណាម ក្នុងអំឡុងខែមករា ដល់ខែតុលា បានបង្ហាញថា ក្នុងចំណោមពាណិជ្ជកម្មទ្វេភាគីសរុប ៣,០៦ ពាន់លានដុល្លារ ការនាំចេញរបស់វៀតណាមមកកម្ពុជាមានចំនួន ២,២៥ ពាន់លានដុល្លារ ឬ ៧៣ ភាគរយនៃពាណិជ្ជកម្មទ្វេភាគីសរុប។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃ ៦,០៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ការនាំចូលរបស់កម្ពុជាពីប្រទេស ចិន មានតម្លៃ ៥,៣ ពាន់លានដុល្លារ ខណៈទំហំការនាំចេញរបស់កម្ពុជាទៅចិន បានកើនដល់ ៧៥៨ លានដុល្លារ។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងដ៏ល្អក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកថ្លែងថា៖ «ការទូទាត់ពន្ធនឹងមិនមែនជាបន្ទុកសម្រាប់ក្រុមវិនិយោគិនទៀតឡើយ ដូច្នេះក្រុមវិនិយោគិន នឹងកាន់តែរីករាយក្នុងការចូលមកវិនិយោគក្នុងតំបន់នេះ»។ លោកបន្ថែមថា៖ «ប្រទេសទាំងអស់នៅក្នុងតំបន់នេះ នឹងទទួលបានអត្ថប្រយោជន៍សម្រាប់កិច្ចព្រមព្រៀងនេះ»។
អគ្គនាយកដ្ឋានពន្ធដារ បច្ចុប្បន្នកំពុងចរចាលើកិច្ចព្រមព្រៀងដូចគ្នានេះជាមួយនឹងប្រទេសផ្សេងៗទៀតរួមមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន និងជប៉ុន៕ LA