ភ្នំពេញៈ បើទោះបី​តម្រូវការ​នៅលើ​ទីផ្សារ​មិនមាន​កំណើន ប៉ុន្តែ​បរិមាណ​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នា​អំឡុងពេល​ការរីករាល​ជំងឺ​កូវីដ​ ១៩ នេះ​បាន​ស្ទុះ​កើនឡើង​ច្រើន​ជាមួយ​ក្តី​សុទិដ្ឋិនិយម​ថា ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​នឹងត្រូវ​កាត់បន្ថយ​បន្ទាប់ពី​ច្រកព្រំដែន​បើកទូលាយ​ឡើងវិញ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។

វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ក្នុង​ការផ្គត់ផ្គង់​ម្ហូបអាហារ តាមរយៈ​ការពង្រឹង និង​ពង្រីក​សក្តានុពល​ដាំដុះ​ដំណាំ​កសិកម្ម និង​ការចិញ្ចឹមសត្វ​។

កាលពី​ដើម​ខែកក្កដា ឆ្នាំ​ ២០២០ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សារាចរ​មួយ​ដោយ​បាន​សរសេរថា កម្ពុជា​ត្រូវខិតខំ​ជំរុញ​ការចិញ្ចឹម​សត្វ ដើម្បី​ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​សម្រាប់​បំពេញ​តម្រូវការ​ហូបចុក​របស់​ប្រជាជន​ដោយ​ត្រូវ​រៀបចំ​យុទ្ធនាការ​បំផុស​ឱ្យ​កសិករ​ដែល​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ឱ្យ​បង្កើន​ការចិញ្ចឹម​សត្វ​ដែល​មាន​វដ្ត​ផលិតកម្ម​ខ្លី និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា​បញ្ហា​សន្តិសុខ​ស្បៀង​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​លោក ស្រ៊ុន ពៅ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សម្ទុះ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ទាំង​លក្ខណៈ​ក្រុមហ៊ុន និង​គ្រួសារ កំពុង​កើនឡើង​ច្រើន ក្រោយពី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពេល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំ​ ២០១៩ ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្ម​ខិតខំ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើន​ការផលិត និង​ដាំ​ដុះ​ក្នុង​ស្រុក​។

ជាមួយ​នឹង​កំណើន​ការចិញ្ចឹម​ពេលនេះ កម្ពុជា​សង្ឃឹមថា ការនាំចូល​ជ្រូក​ពី​បរទេស​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​នឹងត្រូវ​កាត់បន្ថយ​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​មាន​ប្រហែល​ពី ២០-៣០ ​ភាគរយ​នៃ​តម្រូវការ​ក្នុង​ស្រុក​សរុប​។

បច្ចុប្បន្ននេះ​តម្រូវការ​សាច់ជ្រូក​នៅ​កម្ពុជា​មាន​ប្រមាណ ៧ ០០០ ​ក្បាល​ ទៅ​ ៨ ០០០​ ​ក្បាល​ ក្នុង​ ១ ​ថ្ងៃ ​ក្នុង​នោះ​ជ្រូក​ក្នុងស្រុក​មាន​ប្រមាណ ៦ ០០០ ​ក្បាល​។ តម្រូវការ​ពេលនេះ​បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​មុនពេល​មាន​វត្តមាន​ជំងឺ​កូវីដ​ ១៩ ដោយសារ​តែ​មិនមាន​ភ្ញៀវទេសចរ និង​ការរៀបចំ​ពិធីបុណ្យ ឬ​រៀប​អាពាហ៍ពិពាហ៍​។ នេះ​បើតាម​លោក ស្រ៊ុន ពៅ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​ការនាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​មិនមាន​ច្រើន​ដូច​មុន​ទេ ព្រោះ​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ និង​ការចិញ្ចឹម​ក្នុង​ស្រុក​កើនឡើង​»​។ លោក​បន្ថែមថា​៖ «​ទោះ​យ៉ាងណា​ជាមួយ​នឹង​ស្ថានភាព​សព្វថ្ងៃ ខ្ញុំ​គិតថា​នៅពេល​តម្រូវការ​កើនឡើង​វិញ​ (​បន្ទាប់ពី​កូវីដ​១៩ បញ្ចប់​) ​ការ​នាំចូល​ជ្រូក​នឹង​មិនមាន​ច្រើន​ទៀត​ទេ​»​។

ជ្រូក​រស់​ពេលនេះ​មាន​តម្លៃ​ចន្លោះ​ពី ១០ ១០០-១២ ៥០០ ​រៀល ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មានតម្លៃ​ប្រហែល ៨ ០០០ ​រៀល​។

យោងតាម​លោក ស្រ៊ុន ពៅ ក្នុង​ ១ ​ថ្ងៃ​ជ្រូក​ក្នុងស្រុក​ប្រមាណ ៦ ០០០ ​ក្បាល ​ត្រូវ​បានដាក់​ចូលក្នុង​ទីផ្សារ ដែល​ភាគច្រើន​បានមកពី​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៣ រួមមាន ក្រុមហ៊ុន CP, M''s Pig ACMC Cambodia និង ក្រុមហ៊ុន Betagro​។

លោក លី ឡាវីល ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន M''s Pig ACMC Cambodia co., Ltd បាន​និយាយថា ក្នុង​ពេលនេះ​ការចិញ្ចឹម​ជ្រូក​កំពុង​មាន​កំណើន​ច្រើន ព្រោះ​វា​ត្រូវបាន​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ខ្លាំង ប៉ុន្តែ​អ្វីដែល​លោក​បារម្ភ​គឺ​នៅពេល​កូវីដ​ ១៩ បញ្ចប់​ទៅ​វិស័យ​នេះ​មិនត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​ខ្លាំង​ដូច​ពេលនេះ​។ លោក​បន្ថែមថា អ្នក​ចិញ្ចឹម​កំពុង​មាន​ភាពរីករាយ​ដែល​ជ្រូក​ក្នុងស្រុក​មាន​ទីផ្សារ​ល្អ និង​តម្លៃ​សមរម្យ​។

លោក​ប្រាប់ថា​៖ «​នៅ​អំឡុង​មាន​ការឆ្លង​រាលដាល​កូវីដ​ ១៩ គេ​ (​អាជ្ញាធរ​) ​បាន​ជួយ​ទប់ស្កាត់​ការនាំ​ចូល និង​ជំរុញ​ការចិញ្ចឹម​ក្នុងស្រុក ប៉ុន្តែ​នៅពេល​ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន វា​អាច​នឹង​មាន​ការនាំចូល​កើនឡើង​វិញ ព្រោះ​មិនមាន​ការបិទ​ប្រទេស​ទៀត​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​បង្កើន​ការយកចិត្ត​ទុកដាក់​ឱ្យ​បាន​កាន់តែខ្លាំង​បន្ថែមទៀត​ផងដែរ​។

យោងតាម​លោក ឡាវីល ជា​មធ្យម​ក្នុង ១ ​ថ្ងៃ ​ក្រុមហ៊ុន​ក្នុងស្រុក​ធំៗ​ទាំង ៣ អាច​ផ្គត់ផ្គង់​ជ្រូក​ប្រមាណ​ជាង ៥ ០០០ ​ក្បាល​ទៅក្នុង​ទីផ្សារ​។

លោក ចាន់ សុធា អ្នកគ្រប់គ្រង​ក្រុមហ៊ុន ហុក ហៀង ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រមាណ ៧០០ ​ក្បាល​បាន​ប្រាប់ថា បើទោះបី​កសិដ្ឋាន​របស់លោក​មិនបាន​បង្កើន​ការចិញ្ចឹម ប៉ុន្តែ​លោក​សង្កេតឃើញ​ថា ការចិញ្ចឹម​ជ្រូក​ពេលនេះ​ពិតជា​មាន​សម្ទុះ​កើនឡើង ហើយ​តម្លៃ​ក៏មាន​ស្ថិរភាព​ល្អ​ផងដែរ​។ លោក​បន្តថា​៖ «​បើ​មិនមាន​ជ្រូក​នាំចូល​ច្រើន និង​មិនមាន​ការផ្ទុះ​ជំងឺ​ដូច​មុន ខ្ញុំ​គិតថា ការចិញ្ចឹម​នឹងមាន​ចំនួន​កាន់តែ​ខ្លាំង​នៅពេល​ខាងមុខ​»​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ការចិញ្ចឹម​សត្វ​ទាំង​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម កំពុងមាន​សម្ទុះ​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជិត ១ ​ឆ្នាំ​នេះ​ដោយ​គិតពី​ខែមករា ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​ ២០២០ ការចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម ដូចជា គោ ក្របី ជ្រូក និង​បក្សី​បាន​កើន​ពី ៤២ ០២២ ១៣៧ ក្បាល ដល់ ៤៩ ៤២៣ ៥៥៨ ក្បាល​ដោយ​កើន ១៧,៦០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​។ ដោយឡែក​គិត​មកដល់ពេលនេះ​នៅ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ៥៤៧ កន្លែង​ដែលមាន​ជ្រូក​សរុប​ជាង ១,៣៣ ​លាន​ក្បាល កើន ១៥,៩ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA

វីដេអូ៖