
ក្រសួងប្រកាសដាក់តំបន់ចំនួន ២ សម្រាប់ឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ ដែលមានទំហំសរុបជាង ២០០ គីឡូម៉ែត្រក្រឡា។ រូបថត សហការី
ភ្នំពេញ: ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែថ្មីបន្ថែមទៀត ដើម្បីឲ្យក្រុមហ៊ុនដាក់ពាក្យសុំអាជ្ញាប័ណ្ណរុករករ៉ែលោហៈ និងរ៉ែមាសដែលមានទំហំសរុបជាង ២០០ គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានប្រកាសឲ្យបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរកក្នុងតំបន់សម្បទានស្វែងរករ៉ែចំនួន ២ រួមមានតំបន់សម្បទានស្វែងរករ៉ែទំហំ ១០៧,១ គីឡូម៉ែត្រក្រឡា ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទំហំ ១០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សេចក្តីប្រកាសព័ត៌មានបន្តថា សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដែលចាប់អារម្មណ៍អាចមកស្នើសុំពាក្យសុំអាជ្ញាប័ណ្ណស្វែងរករ៉ែដែលមានត្រាបោះត្រឹមត្រូវនៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលរៀងរាល់ម៉ោងធ្វើការ។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ ក្រសួងរ៉ែ និងថាមពល បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការប្រកាសផ្តល់អាជ្ញាប័ណ្ណស្វែងរករ៉ែនេះ ដោយសារក្រសួងមើលឃើញពីសក្តានុពលធនធានរ៉ែលោហៈនៅតំបន់ទាំងនេះ។
លោកបានថ្លែងថា៖ «យើងប្រកាសឲ្យមានការរុករកធនធានធម្មជាតិនៅតំបន់នោះ ដែលជាតំបន់យើងមើលឃើញពីសក្តានុពលរ៉ែលោហៈ និងរ៉ែមាស ថា តើតំបន់ទាំងនោះមានរ៉ែទំហំប៉ុនណា និងអាចធ្វើអាជីវកម្មបានឬអត់?»។
សព្វថ្ងៃក្រសួងបានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៤០ នៅទូទាំងប្រទេស។ នេះបើយោងតាមលោក មុនីរ៉ាត់។
លិខិតខាងលើបានបញ្ជាក់ថា ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរករ៉ែដែលបានបំពេញរួចរាល់ត្រូវភ្ជាប់មកជាមួយនូវឯកសារ និងរបាយការណ៍តម្រូវពាក់ព័ន្ធនានាដោយដាក់ក្នុងស្រោមសំបុត្របិទជិត ព្រមទាំងបញ្ជាក់ថា «ឯកសារស្នើសុំប្រកួតប្រជែង» រួចដាក់មកការិយាល័យច្រកចេញចូលតែ ១ នៃក្រសួងរ៉ែ និងថាមពលយ៉ាងយូរត្រឹមថ្ងៃទី ៥ ខែតុលា។
កាលពីដើមខែមីនា ក្រុមហ៊ុន Emerald Resources NL ដែលបានចុះបញ្ជីនៅផ្សារហ៊ុនអូស្ត្រាលីបានចុះកិច្ចសន្យាក្នុងតម្លៃ ២៣០ លានដុល្លារ ជាមួយក្រុមហ៊ុន Mining and Civil Australia (MACA) លើគម្រោងរ៉ែមាសអូរខ្វាវនៅកម្ពុជា។
ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេរបស់ Renaissance Minerals (Cambodia) Ltd គ្រោងនឹងទាញយករ៉ែមាសក្នុងគម្រោង ដែលស្ថិតក្នុងខេត្តមណ្ឌលគិរីនៅត្រីមាសទី ២ ឆ្នាំ ២០២១។
បើតាមក្រុមហ៊ុន កិច្ចសន្យានេះមានរយៈពេលជាង ៧ ឆ្នាំរួមមាន ការផ្គត់ផ្គង់ឧបករណ៍ធ្វើរ៉ែ និងសេវាកម្មលើគម្រោងរ៉ែមាសនៅកម្ពុជា។ វិសាលភាពការងារនៃកិច្ចសន្យានេះនឹងគ្របដណ្តប់លើសេវាដឹកជញ្ជូនការទាញយករ៉ែ ខួង និងការបំផ្ទុះ៕ LA