ភ្នំពេញៈ ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាសហគ្រាសចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា នៅត្រីមាសទី១ ឆ្នាំ ២០១៩ នេះបានកើនឡើង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែង ក្នុងខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែ ឧសភា ថា នៅត្រីមាសទី១ ឆ្នាំ ២០១៩ នេះចរាចរណ៍ទំនិញដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានចំនួន ១៣៩ ៨៨៩ TEUs ដោយកើនឡើង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។
របាយការណ៍ដដែលបានឲ្យដឹងថាកាលពីឆ្នាំ ២០១៨ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានចំនួន ៥៤១ ២២៨ TEUs ដែលស្មើនឹងកំណើន ១៧,៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមានតម្លៃទឹកប្រាក់ ៧២ លានដុល្លារនៅឆ្នាំ ២០១៨។ នេះបើតាមលោក ស៊ុន ចាន់ថុល។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ផ្អែកលើកំណើនដ៏រឹងមាំនេះ កំពង់ផែរំពឹងថា បរិមាណកុងតឺន័រឆ្លងកាត់នឹងកើនលើស ៧០០ ០០០ TEUs នៅឆ្នាំ ២០២០ និងលើសពី ១ ០០០ ០០០ TEUs នៅឆ្នាំ ២០២៣។ លោកបន្តថា ដើម្បីអាចឆ្លើយតបនឹងកំណើននាពេលខាងមុខ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏ត្រូវពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការលើកដាក់ទំនិញ និងឃ្លាំងស្តុកទំនិញផងដែរ។
លោកថ្លែងថា៖ «កំពង់ផែក៏ត្រូវមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចជាការបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជីស្ទីក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗទៀតដើម្បីពង្រឹងការប្រកួតប្រជែង»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាននិយាយថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាអង្គភាពសេដ្ឋកិច្ចមួយដែលសំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា នៅក្នុងការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រជាមួយប្រទេសនានាលើពិភពលោក។
កន្លងមកអង្គភាពនេះបានខិតខំយ៉ាងច្រើនក្នុងការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយថ្លៃដឹកជញ្ជូន។ នេះបើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន។
លោកបានថ្លែងថា៖ «ដោយសាររដ្ឋាភិបាលដាក់ចេញនូវការកែទម្រង់មួយចំនួននោះ វាបានធ្វើឲ្យកំពង់ផែនេះបាត់បង់ចំណូលប្រមាណ ២ លានដុល្លារ តែទោះបីយ៉ាងណាវិធានការដែលទើបដាក់ចេញមកថ្មីៗនេះ វាបានធ្វើឲ្យថ្លៃដឹកជញ្ជូនរបស់កម្ពុជាទាបជាងមុន ដែលនឹងធ្វើឲ្យទំនិញរបស់កម្ពុជាទាំងមូលកាន់តែមានសមត្ថភាពប្រកួតប្រជែង»។
ព្រមជាមួយគ្នានេះ លោកក៏បានជំរុញឲ្យបញ្ចប់ការសាងសង់ចំណតកុងតឺន័រថ្មីតាមកាលកំណត់ ដែលនៅពេលនោះនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជាមានកម្រិតប្រហាក់ប្រហែលជាមួយប្រទេសជិតខាង។
តម្លៃភាគហ៊ុនកំពង់ផែព្រះសីហនុជួញដូរកាលពីថ្ងៃម្សិលមិញនៅលើផ្សារហ៊ុនកម្ពុជាគឺ ១២ ៣៤០ រៀល ដែលមានទំហំជួញដូរ ១ ៧០០ ហ៊ុន និងតម្លៃជួញដូរ ២០ ៩៧៨ ០០០ រៀល៕LA