ភ្នំពេញៈ ប្រទេស ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងសរុបជាង ៥២ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណង ៥០០ លានយ៉េន ជាមួយលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឲ្យដឹងថា ចាប់ពីខែមករា ដល់ពាក់កណ្តាល ខែកក្កដា ឆ្នាំ ២០១៩ នេះ កម្ពុជាទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនលើគម្រោងសរុបចំនួន ៣ ដែលមានទឹកប្រាក់ ៥២,៧៦ លានដុល្លារអាមេរិក។
លោកបន្តថា៖ «ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំមួយដល់កម្ពុជា ដែលជំនួយបានឆ្លើយតបទាន់ពេលវេលា ចំគោលដៅ តម្រូវការអភិវឌ្ឍជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ ១៩៩០ ហើយហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។
ក្នុងចំណោមគម្រោងទាំង ៣ នេះ រួមមានគម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិចបឹងទន្លេសាបដែលមានទឹកប្រាក់ ៤៣,៣៦ លានដុល្លារ ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស និងសាងសង់ឃ្លាំងកុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ៤,៨ លានដុល្លារ និង ៤,៦ លានដុល្លារ តាមរយៈការផ្តល់គ្រឿងចក្រចំនួន ១៥ គ្រឿង សម្រាប់ជួសជុលផ្លូវដែលបានចុះហត្ថលេខាកាលពីថ្ងៃពុធ។
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថ្លែងថា បន្ថែមលើហិរញ្ញប្បទាន រដ្ឋាភិបាលជប៉ុនក៏នឹងផ្តល់ឧបករណ៍មួយចំនួនទៀតសម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ឧបករណ៍ជួសជុលផ្លូវថ្នល់ដែលជប៉ុនផ្តល់ឲ្យនេះមានមុខងារពិសេសក្នុងការកាត់បន្ថយរយៈពេលជួសជុលបានច្រើន និងធ្វើឲ្យផ្លូវថ្នល់មានអាយុកាលយូរអង្វែង ខ្ញុំសង្ឃឹមថា ឧបករណ៍ទាំងនោះនឹងមានប្រយោជន៍សម្រាប់ការជួសជុលផ្លូវថ្នល់នៅកម្ពុជានៅពេលអនាគត»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាសង្កេតឃើញថា ជំនួយរបស់ជប៉ុនភាគច្រើនផ្តល់មកកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ។ ទោះបីជាយ៉ាងណា កម្ពុជាត្រូវអនុវត្តគម្រោង និងប្រើប្រាស់ធនធានម្ចាស់ជំនួយប្រកបដោយតម្លាភាព។
លោកថ្លែងថា៖ «យើងឃើញថា ជំនួយរបស់ជប៉ុនជួយអភិវឌ្ឍតាមបែបហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន។ អ្វីដែលចាប់អារម្មណ៍ការផ្តល់ជំនួយរបស់ជប៉ុនបាននាំអ្នកជំនាញជប៉ុនមក ដែលការសង់របស់ជប៉ុនមានគុណភាព សាធារណជនជឿទុកចិត្ត។ តែយ៉ាងណា ខ្ញុំលើកទឹកចិត្តក្នុងនាមជាអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធត្រូវគិតពីប្រយោជន៍ យូរអង្វែងរបស់ម្ចាស់ជំនួយ»។
យោងតាមទិន្នន័យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ប្រមាណ ១៣៤ លានដុល្លារ កាលពីឆ្នាំ ២០១៨ ក្នុងនោះ ជំនួយឥតសំណងប្រមាណជិត ២០ លានដុល្លារ និងឥណទានសម្បទានប្រមាណជាង ១១៤ លានដុល្លារ៕LA