ភ្នំពេញៈ គណៈប្រតិភូមួយក្រុមនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និងក្រសួងការបរទេសអាមេរិកកំពុងធ្វើទស្សនកិច្ចនៅប្រទេស កម្ពុជា នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហាពាណិជ្ជកម្មទ្វេភាគី ដែលដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របគ្នានឹងគណៈប្រតិភូសហភាពអឺរ៉ុបមកកម្ពុជា ដើម្បីពិភាក្សាពីបញ្ហា EBA។
ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែ មិថុនា ដឹកនាំដោយលោក Karl Ehlers ឧបការី តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និង លោក Lewis Karesh ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការងារ ក៏ពិភាក្សាលើបទដ្ឋានបច្ចេកទេសយានយន្ត ក៏ដូចជាស្ថានភាពវិស័យការងារនៅប្រទេស កម្ពុជា ផងដែរ ។
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាបញ្ហាជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និងកម្ពុជា។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃពុធថា រដ្ឋាភិបាលកម្ពុជាបានសម្ដែងការអរគុណដល់អាមេរិក ដែលផ្ដល់ពន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដល់ប្រទេស កម្ពុជា សម្រាប់ការនាំចេញទំនិញធ្វើដំណើរទៅទីផ្សារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
លោកថ្លែងថា៖ «ការផ្ដល់ការអនុគ្រោះពន្ធរបស់អាមេរិក ក៏ទាក់ទាញក្រុមវិនិយោគិនអាមេរិកកាន់តែច្រើនមកកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុនផលិតកាបូប Tumi ជាដើម»។
ទោះបីយ៉ាងនេះក្តីពុំមានលទ្ធផលនៃកិច្ចប្រជុំទាំងនេះត្រូវបានបង្ហាញនោះទេ។
ទិន្នន័យពាណិជ្ជកម្មចុងក្រោយបានពីរដ្ឋាភិបាលអាមេរិកបង្ហាញថា ការនាំចេញរបស់កម្ពុជាចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០១៩ មានចំនួន ១,១២ ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ ធៀបនឹង ៩០៣,៦ លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។
ដំណើរទស្សនកិច្ចនេះស្របគ្នានឹងគណៈប្រតិភូអឺរ៉ុបនៅក្នុងប្រទេស កម្ពុជា ដើម្បីពិភាក្សាពីបញ្ហា EBA ជាមួយរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានគេចាត់ទុកថា អាចជាសញ្ញាដ៏ល្អមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងទាំងពាណិជ្ជកម្ម និងដំណោះស្រាយនយោបាយនៅក្នុងប្រទេស កម្ពុជា។
នៅពេលទាក់ទងតាមអ៊ីមែលកាលពីម្សិលមិញ ដើម្បីចង់ដឹងថា តើដំណើរទស្សនកិច្ចដោយគណៈប្រតិភូអាមេរិក នឹងនាំឲ្យមានសេចក្ដីសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាលកម្ពុជាលើដំណោះស្រាយផ្នែកនយោបាយដែរ ឬយ៉ាងណា លោក Arend C Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិក បដិសេធធ្វើអត្ថាធិប្បាយ។
ប៉ុន្តែលោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពី ខែឧសភាថា អាមេរិកនៅតែបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជា និងការចុះខ្សោយលទ្ធិប្រជាធិបតេយ្យ។
មកទល់នឹងពេលនេះ នៅតែមានភាពមិនច្បាស់លាស់ថា អាមេរិក អាចត្រួតពិនិត្យកិច្ចព្រមព្រៀងពន្ធនាំចូលអនុគ្រោះរបស់ខ្លួនជាមួយប្រទេស កម្ពុជា។
អាមេរិកនៅតែជាទីផ្សារនាំចេញឈានមុខគេតែមួយគត់របស់ប្រទេស កម្ពុជា ហើយកម្ពុជាគឺជាប្រទេសទទួលបានអត្ថប្រយោជន៍ពីការចូលទៅទីផ្សារអាមេរិកដោយរួចពន្ធស្ថិតក្រោមកម្មវិធី GSP របស់អាមេរិក។
ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅអាមេរិក រួមមានវាយនភណ្ឌ និងស្បែកជើង ខណៈការនាំចេញរបស់អាមេរិកមកកម្ពុជា មានរថយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។
លោក Karl Ehlers ឧបការីតំណាងពាណិជ្ជកម្មអាមេរិក ទទួលបន្ទុកការិយាល័យអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានប្រាប់រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធថា កម្ពុជា គឺជាប្រទេសឈានមុខគេទី៨ ដែលទទួលបានអត្ថប្រយោជន៍ពី GSP។ លោកបានថ្លែងថា៖ «ការរីកចម្រើននេះ កំពុងឆ្លុះបញ្ចាំងពីសញ្ញាវិជ្ជមាននៅក្នុងវិស័យកាត់ដេរ និងស្បែកជើងរបស់ប្រទេស កម្ពុជា»។
លោកបានបន្ថែមថា នឹងមានការចរចាជាបន្តបន្ទាប់ទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ៕ LA