ភ្នំពេញៈ រដ្ឋាភិបាលសម្រេចដាក់ឲ្យអភិវឌ្ឍតំបន់បូកគោជាទីក្រុងឆ្លាតវៃ និងជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងក្លាយជាទីតាំងផ្សារភ្ជាប់តំបន់ឆ្នេរនៃច្រករបៀងទេសចរណ៍ភាគខាងត្បូង។ នេះបើតាមអនុក្រឹត្យស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់គោលគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ។
គម្រោងនេះនឹងអភិវឌ្ឍតំបន់បូកគោទៅជាទីក្រុងឆ្លាតវៃ ទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ពាណិជ្ជកម្ម ធុរកិច្ច និងលំនៅឋាន។ នេះបើយោងតាមអនុក្រឹត្យ។
ដីក្នុងប្លង់គោលគម្រោងអភិវឌ្ឍក្រុងបូកគោ ត្រូវបែងចែកជា ៩ តំបន់ រួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាលសាធារណៈ តំបន់លំហសាធារណៈ និងផ្ទៃបៃតង តំបន់វប្បធម៌ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។
អនុក្រឹត្យនេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩។
មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីលម្អិតពីគម្រោងនេះថា អាចនឹងចាប់ផ្តើមអនុវត្តនៅពេលណានោះទេ ដោយលោកអះអាងថា ជាប់រវល់។
ទោះបីយ៉ាងនេះក្តី លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា បន្ទាប់ពីប្លង់គោលគម្រោងដីអភិវឌ្ឍក្រុងបូកគោត្រូវបានសម្រេចជាផ្លូវការ ពេលអនាគតរមណីយដ្ឋានឧទ្យានជាតិភ្នំបូកគោនឹងមានការអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញអ្នកវិនិយោគ។
លោកថ្លែងថា៖ «នៅពេលខាងមុខនឹងមានការសាងសង់សំណង់នានា កាលណាមានសំណង់ មានអ្នកទៅរស់នៅ កាលណាមានអ្នករស់នៅ អាចនឹងផ្សារភ្ជាប់ជាមួយតំបន់រដ្ឋបាល»។
បើតាមលោក ជាវ តាយ ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោមិនគ្របដណ្តប់លើដីគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន សុខាអូតែល របស់លោក សុខ គង់ ទេ។
រមណីយដ្ឋានឧទ្យានជាតិភ្នំបូកគោ មានផ្ទៃដីសរុប ១៥៤ ៤៥៤ ហិកតា ក្នុងនោះប្រភេទដីអាចសាងសង់បានមានទំហំ ២៧ ៩៤៣ ហិកតា និងប្រភេទដីកម្រិតការសាងសង់មានចំនួន ១២៦ ៥១៥ ហិកតា ខណៈទំហំ ១៨ ៩៨៧ ហិកតា ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន សុខាអូតែល របស់លោក សុខ គង់។ នេះបើតាមអនុក្រឹត្យ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងអភិវឌ្ឍន៍នេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។ លោកថ្លែងថា៖ «តាមគោលការណ៍ទេសចរណ៍ ទីណាមានការអភិវឌ្ឍ នឹងមានការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា អគារសម្រាប់ស្នាក់នៅ សណ្ឋាគារ ខណៈតំបន់ឆ្នេរក្នុងខេត្តកំពតនៅខ្វះសេវាកម្មស្នាក់នៅ ដូច្នេះត្រូវការអភិវឌ្ឍបន្ថែមទៀត»។
ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ អាចធ្វើការកែសម្រួលក្នុងរយៈពេល ៥ ឆ្នាំម្តង ក្នុងករណីចាំបាច់នៃអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ចក្ខុវិស័យនៃប្លង់គោលប្រើប្រាស់ដីគ្រោងអភិវឌ្ឍក្រុងបូកគោនេះ សំដៅធ្វើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបនឹងកំណើនប្រជាជន តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដោយធានាបាននូវការការពារធនធានដី ធនធានក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសអភិរក្សតំបន់ទីក្រុងប្រវត្តិសាស្ត្រ។
លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ធ្លាប់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា បើមានការអភិវឌ្ឍទីក្រុងលើភ្នំបូកគោវាជាសញ្ញាវិជ្ជមានមួយចំពោះវិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា៖ «[គម្រោងប្លង់អភិវឌ្ឍក្រុងបូកគោ] នឹងធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃមានហាងឆេងល្អ ខណៈគម្រោងផ្តល់ការចំណេញដល់វិស័យទេសចរណ៍ផងដែរ ដោយសារភ្នំបូកគោយើងទាក់ទងនឹងវិស័យទេសចរណ៍ស្រាប់»៕ LA