ភ្នំពេញៈ ក្រុម​ហ៊ុន​ចុះ​បញ្ជី​ក្នុង​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា (ផ.ម.ក) ប្រ​កាស​ពី​លទ្ធ​ផល​ប្រាក់​ចំ​ណេញ​​របស់​ខ្លួន​​ផ្សេង​ៗ​គ្នា សម្រាប់​ត្រី​មាស​ទី ៣ ឆ្នាំ​ ២០១៨ ខណៈ​ដែល​​ក្រុម​ហ៊ុន​ភ្នំ​ពេញ​ អេស​អ៊ី​ហ្សិត​ ភី​អិល​ស៊ី បាន​ពន្យា​រ​ពេល​ចេញ​ផ្សាយ​របាយ​ការណ៍​​ហិ​រញ្ញ​វត្ថុ​របស់​ខ្លួន។

កំពង់​ផែ​ស្វ​យ័ត​ក្រុង​ព្រះ​សី​ហ​នុ (PAS) ដែល​ជា​សហ​គ្រាស​​រដ្ឋ​ ១ ​​ក្នុង​ចំ​ណោម​​ ៣ ​ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ បាន​ប្រ​កាស​ពី​​កំ​ណើន​ប្រាក់​ចំ​ណេញ​​សុទ្ធ​ខ្ពស់ ២៧,៧៧ ភាគ​រយ​នៅ​ត្រី​មាស​ទី ៣ ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​​នៅ​ឆ្នាំ​មុន ដល់​​ប្រ​ហែល ៥ លាន​​ដុល្លារ​ ខណៈ​​​ប្រាក់​​ចំ​ណូល​កើន​ឡើង ១​៧,​១​៦ ភាគ​រយ​ដល់​ប្រ​មាណ ១៧,៦​៨ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។

ការ​កើន​ឡើង​ប្រាក់​ចំ​ណេញ​នេះ​កើត​មាន​ឡើង​ដោយ​សារ​បរិ​មាណ​ទំ​និញ និង​កុង​តឺ​ន័រ​កើន​​ឡើង ហើយ​ការ​ខាត​បង់​ពី​អត្រា​ប្តូរ​ប្រាក់​យ៉េន​ថយ​ចុះ ដោយ​សារ​​កំពង់​ផែ​នេះ​មាន​​កាតព្វ​កិច្ច​បំ​ណុល​ជា​ប្រាក់​​យ៉េន។

របាយ​ការណ៍​ប្រ​ចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៨ ​របស់​ប្រតិ​បត្តិ​ករ​​កំពង់​ផែ​អន្តរ​ជាតិ​កម្ពុជា​មួយ​នេះ ​បាន​បង្ហាញ​ថា នៅ​ត្រី​មាស​ទី ៣​ ទំ​និញ​ឆ្លង​​កាត់​​កំ​ពង់​ផែ​​មាន​ប្រ​មាណ ១,២​​៩ លាន​តោន កើន ១​២,៩​​៦ ភាគ​រយ ធៀប​នឹង​ត្រី​មាស​ទី ៣ ឆ្នាំ​ ២០១៧។ ទោះ​ជា​យ៉ាង​ណា បរិ​មាណ​នេះ​​បាន​ថយ​ចុះ ៤,០១ ភាគ​រយ​បើ​ធៀប​នឹង​ត្រី​មាស​ទី ២ ឆ្នាំ​នេះ។

យោង​តាម​របាយ​ការណ៍​ដ​ដែល​ ទំ​និញ​នាំ​ចេញ​ធំ​ៗ​ដែល​ឆ្លង​កាត់​កំពង់​ផែ​នេះ​ រួម​មាន​សម្លៀក​បំ​ពាក់ (៣៧ ភាគ​រយ​​​នៃ​ទំ​និញ​នាំ​ចេញ​សរុប ដែល​​មាន​​បរិ​មាណ​ច្រើន​ជាង​គេ) អង្ករ (២២,៨៣ ភាគ​រយ) ស្បែក​​ជើង/​ស្រោម​ជើង (៩,​១៥ ភាគ​រយ) ឈើ​កែ​ច្នៃ (៦,០៦ ភាគ​រយ) ខណៈ​ទំ​និញ​​​នាំ​ចូល​ធំ​ៗ​រួម​មាន ប្រេង​​​ឥន្ធនៈ (៣៧,៣៨ ភាគ​រយ) ក្រ​ណាត់ (៧,២២​ភាគ​រយ) គ្រឿង​ចក្រ​ (៤,៨៦ ភាគ​រយ)។

ដោយ​ឡែក​ ​ក្រុម​ហ៊ុន​ចុះ​បញ្ជី​​មួ​យ​ផ្សេង​ទៀត​គឺ​ក្រុម​ហ៊ុន​ភ្នំ​ពេញ​ អេស​អុី​ហ្សិត​ ភី​អិល​ស៊ី (PPSP) ដែល​ជា​​ក្រុម​ហ៊ុន​គ្រប់​គ្រង​តំ​បន់​សេដ្ឋ​កិច្ច​នៅ​ជាយ​ក្រុង​ភ្នំ​ពេញ បាន​ពន្យារ​ពេល​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រ​ចាំ​ត្រី​មាស​​ទី​ ៣ របស់​ខ្លួន។

យោង​តាម​លិ​ខិត​ចុះ​ថ្ងៃ​ទី​ ២៨ ខែ​ វិច្ឆិកា​ ដែល​ចេញ​ផ្សាយ​លើ​គេហ​ទំ​ព័រ​ ផ.ម.ក កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន PPSP នឹង​​ពន្យារ​ពេល​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​រហូត​ដល់ថ្ងៃ​ទី​ ១៤ ខែ​ ធ្នូ ដោយ​ ​លើក​ឡើង​ពី​បញ្ហា​ស​វ​ន​កម្ម។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​ហ៊ុន ហ្រ្គេន​​ធ្វីន​ អុីន​ធើ​ណេ​សិន​ណល (GTI) បាន​ប្រ​កាស​ពី​​ប្រាក់​ចំ​ណេញ​សុទ្ធ​តិច​ជាង​មុន ​បើ​ទោះ​ជា​​ប្រាក់​ចំ​ណូល​​របស់​ក្រុម​ហ៊ុន​​​កាត់​ដេរ​សម្លៀក​បំ​ពាក់​​តៃ​វ៉ាន់​មួយ​នេះ​កើន​ឡើង​​ដោយ​សារ​​ការ​បញ្ជា​ទិញ​ច្រើន​ជាង​មុន​ក្តី។

យោង​តាម​របាយ​ការណ៍​របស់​​ក្រុម​ហ៊ុន​នេះ ប្រាក់​ចំ​ណេញ​​សុទ្ធ​បាន​ធ្លាក់​ចុះ ៣២,៨៣ ភាគ​រយ​មក​នៅ​ត្រឹម​ប្រ​មាណ ៨៧ ម៉ឺន​ដុល្លារ​ នៅ​ត្រី​មាស​ទី​​ ៣ ឆ្នាំ​នេះ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រាក់​ចំ​ណូល​បាន​កើន​ឡើង​ខ្លាំង ៦៩,៧៨ ភាគ​រយ ដល់​​ ៣៤ លាន​ដុល្លារ។

ការ​ថយ​ចុះ​ប្រាក់​​ចំ​ណេញ​សុទ្ធ​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​លើក​​ឡើង​ថា​ បណ្តាល​មក​ពី​ការ​កើន​ឡើង​ការ​ចំ​ណាយ​លើ​កម្លាំង​ពល​កម្ម និង​កំ​ណើន​​ចំ​ណាយ​លើ​ការ​ដឹក​ជញ្ជូន។

រដ្ឋា​ភិ​បាល​កម្ពុជា​ បាន​ដំ​ឡើង​​ប្រាក់​ឈ្មួល​អប្ប​បរមា​​ជា​បន្ត​បន្ទាប់​សម្រាប់​កម្ម​ករ​ក្នុង​វិ​ស័យ​កាត់​ដេរ ដោយ​នឹង​កើន​ដល់ ១៨២ ដុល្លារ​ក្នុង​ ១ ​ខែ​នៅ​ឆ្នាំ​​ក្រោយ។

ក្នុង​ឱ​កាស​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​កម្ម​ករ និង​កម្ម​កា​រិ​នី​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​នេះ លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា ជា​មួយ​នឹង​កម្រិត​​នេះ​ប្រាក់​ឈ្នួល​ក្នុង​វិ​ស័យ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​ខ្ពស់​ជាង​ប្រ​ទេស​មួយ​ចំ​នួន។

លោក​នា​យក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រ​សាសន៍​​ថា៖ «ពេល​នេះ​កំ​ពុង​អនុ​វត្ត​នូវ​បៀវ​ត្សរ៍​ចំ​នួន ​១៧០ ដុល្លារ នៅ​សល់​តែ​ ១ ​ខែ​ទៀត​ប៉ុ​ណ្ណោះ ក្មួយ​ៗ​កម្ម​ករ កម្ម​កា​រិនី​របស់​យើង​នឹង​ទទួល​បាន​ប្រាក់​បៀវ​ត្សរ៍​អប្ប​បរ​មា​ចំ​នួន ១៨២ ដុល្លារ»។

ក្រុម​ហ៊ុន GTI ផលិត​​សម្លៀក​បំ​ពាក់​ឲ្យ​ក្រុម​ហ៊ុន​ដែល​មាន​ម៉ាក​យី​ហោ​ល្បី​ៗ​ដូច​ជា​ក្រុម​ហ៊ុន Adidas ម៉ាក Reebok​ និង​ម៉ាក​យី​ហោ​ផ្សេង​ៗ​ទៀត​។

ផ្ទុយ​​ពី​ក្រុម​ហ៊ុន GTI ដែល​ទទួល​ថយ​ចុះ​ប្រាក់​ចំ​ណេញ​សុទ្ធ​​​នោះ ក្រុម​ហ៊ុន​ចុះ​បញ្ជី​មួយ​​ផ្សេង​ទៀត​គឺ​កំពង់​ផែ​​ស្វ​យ័ត​ភ្នំ​ពេញ បាន​ប្រ​កាស​ពី​កំណើន​​ប្រាក់​ចំ​ណេញ​សុទ្ធ​ខ្ពស់​​ខ្លាំង ដោយ​កើ​ន​​ជិត​ ៦០ ភាគ​រយ​​ដល់ ៣,៨៥ លាន​ដុល្លារ​​ក្នុង​ត្រី​មាស​ទី​ ៣ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រាក់​ចំ​ណូល​​​កើន​ឡើង​តិច​តួច ១,២៥ ភាគ​រយ​ដល់​ប្រ​មាណ ៦ លាន​ដុ​ល្លារ។

យោង​តាម​របាយ​ការណ៍​របស់​កំ​ពង់​ផែ​នេះ ​នៅ​​ត្រី​មាស​ទី ៣ ដែល​ធម្មតា​ជា​ពេល​ដែល​មាន​កុង​តឺ​ន័រ​ឆ្លង​កាត់​មាន​ចំ​នួន​ច្រើន​បំ​ផុត​នោះ ស្ថិតិ​កុង​តឺ​ន័រ​បាន​កើន​ឡើង ៣១ ភាគ​រយ​ធៀប​នឹង​ត្រី​មាស​ទី ២ ឆ្នាំ​នេះ និង​កើន​ឡើង ៧,៦ ភាគ​រយ​ធៀប​នឹង​ត្រី​មាស​ទី ៣ ឆ្នាំ​មុន។

ទំ​និញ​នាំ​ចូល​ជា​គ្រឿង​សំ​ណង់​ចំ​ណែក​មាន​រហូត​ដល់ ៥៥ ភាគ​រយ ខណៈដែល​ទំ​និញ​ជា​វត្ថុ​ធាតុ​ដើម​វាយ​ន​ភណ្ឌ​មាន ១០ ភាគ​រយ​ក្នុង​ចំ​ណោម​ទំ​និញ​នាំ​ចូល​សរុប ស្រប​ពេល​ដែល​ការ​នាំ​ចេញ​ទំ​និញ​ជា​វាយ​ន​ភណ្ឌ​តាម​ច្រក​កំពង់​ផែ​នេះ​កើន​ឡើង ១៤ ភាគ​រយ​នៅ​ត្រី​មាស​ទី​ ៣ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន។

យោង​តាម​របាយ​ការណ៍​ដ​ដែល​នេះ ទិស​ដៅ​ធំ​ៗ​នៃ​ការ​នាំ​ចេញ និង​នាំ​ចូល​ទំ​និញ​តាម​កំ​ពង់​ផែ​ស្វ​យ័ត​ភ្នំ​ពេញ​រួម​មាន ប្រ​ទេស​ ចិន ស​ហ​ភាព​ អឺ​រ៉ុប ជប៉ុន និង​ស​ហ​រដ្ឋ​​អា​មេ​រិក៕ LA