ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញពីនីតិវិធីលម្អិតសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការដាក់ពាក្យស្នើសុំការលើកទឹកចិត្តផ្នែកពន្ធដារពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
យោងតាមសេចក្តីណែនាំស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ SME ក្នុងវិស័យអាទិភាព អគ្គនាយកដ្ឋានពន្ធដារ បានបែងចែកលក្ខខណ្ឌជា ២ គឺទី១ សម្រាប់សហគ្រាសដែលស្នើសុំលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា និងទី២ ចំពោះសហគ្រាសដែលស្នើសុំលើកទឹកចិត្តសម្រាប់ចំណាយដែលអាចកាត់កងបាន។
ឯកសារដែលត្រូវភ្ជាប់ក្នុងការដាក់ពាក្យស្នើសុំលើកលែងពន្ធរួមមានលក្ខន្តិកៈរបស់សហគ្រាស លិខិតអនុញ្ញាតប្រកបអាជីវកម្ម ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាស ដែលចុះបញ្ជីពន្ធដាររួច កិច្ចសន្យា ឬកិច្ចព្រមព្រៀងទិញទំនិញឬសេវា កិច្ចសន្យាជួលទីតាំងនៅតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងកិច្ចសន្យាការងារ និងផែនការអភិវឌ្ឍន៍ធនធានមនុស្ស។
តាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាពដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២ ខែតុលា វិស័យអាទិភាពចំនួន ៦ ដូចជាវិស័យផលិតផលកសិកម្ម ឬកសិឧស្សាហកម្មព្រមទាំងផលិត និងកែច្នៃម្ហូបអាហារ និងរោងចក្រផលិតជាដើមនឹងទទួលបានការ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី ៣ ទៅ ៥ ឆ្នាំគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មីឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីរួចហើយ។
បច្ចុប្បន្នមានសហគ្រាសធុនតូចនិងមធ្យមប្រមាណជាង ៥០ ម៉ឺននៅកម្ពុជាខណៈសហគ្រាសដែលបានចុះបញ្ជីត្រឹមត្រូវមានប្រហែល ៤ ម៉ឺនប៉ុណ្ណោះ។នេះបើតាមលោកតែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាកាលពីពេលថ្មីៗនេះ៕