ភ្នំពេញៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស នឹងនៅបន្តរឹងមាំ បើទោះបីជាអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ស្របពេលពាណិជ្ជកម្មទ្វេភាគីប្រទេសទំាង ២ បានកើនលើស ១ ពាន់លានដុល្លាររួចទៅហើយកាលពីឆ្នាំមុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម (MoC) បង្ហាញកាលពីល្ងាចថ្ងៃអង្គារថា បន្ទាប់ពីកិច្ចប្រជុំរវាងក្រុមគណៈប្រតិភូចក្រភពអង់គ្លេស និងលោក កឹម ស៊ីថន រដ្ឋមន្ដ្រីស្ដីទីក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស បានកើនឡើងដល់ជាង ១ ពាន់លាន ដុល្លារកាលពីឆ្នាំមុន កើនឡើងពី ៥០០ លានដុល្លារកាលពីឆ្នាំ ២០១២។
លោក ស៊ាង ថៃ អ្នកនាំពាក្យ MoC បានឲ្យដឹងកាលពីម្សិលមិញថា ចក្រភពអង់គ្លេស គឺជាទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេស កម្ពុជា ក្នុងការបង្កើនការនាំចេញរបស់កម្ពុជា។ ខណៈមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយថា អង់គ្លេសនឹងនៅតែផ្ដល់សិទ្ធិអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បន្ទាប់ពី Brexit របស់ខ្លួន លោក ថៃ បានឲ្យដឹងថា ក្រសួងមានការជឿជាក់ដ៏រឹងមាំថា ពាណិជ្ជកម្មនឹងកើនឡើងយ៉ាងរឹងមាំ ខណៈរដ្ឋាភិបាលកម្ពុជាបានបង្កើតទំនាក់ទំនងល្អជាមួយចក្រភពអង់គ្លេសទាំងនយោបាយ និងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងនឹងព្យាយាមក្នុងការចរចា ហើយយើងជឿជាក់ថា ចក្រភពអង់គ្លេស...នឹងអាចផ្ដល់សិទ្ធិអនុគ្រោះពាណិជ្ជកម្មដល់ពួកយើង»។ លោកបន្តថា៖ «យើងជឿជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស កម្ពុជា និងចក្រភពអង់គ្លេស នឹងនៅតែមានកំណើនរឹងមាំ»។
ប្រទេស កម្ពុជា តែងតែមានអតិរេកពាណិជ្ជកម្ម ជាមួយចក្រភពអង់គ្លេស ខណៈតម្លៃការនាំចេញពីប្រទេស កម្ពុជា មានចំនួនជាង ៧០ ភាគរយនៃពាណិជ្ជកម្មសរុបជាមួយអង់គ្លេស។ វាយនភណ្ឌ និងកង់តំណាងឲ្យផលិតផលក្នុងស្រុកជាច្រើន ដែលបាននាំចេញទៅចក្រភពអង់គ្លេស ខណៈចក្រភពអង់គ្លេសនាំចេញមកកម្ពុជា គឺរួមមានរថយន្ត និងឱសថមួយចំនួន។
សហភាពអឺរ៉ុប បច្ចុប្បន្ន គឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់ប្រទេស កម្ពុជា បន្ទាប់ពីអាមេរិក។ ស្ថិតក្រោមកិច្ចព្រមព្រៀង «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» សម្រាប់បណ្ដាប្រទេសមានការអភិវឌ្ឍតិច ប្រទេស កម្ពុជា នាំចេញទៅ EU ដោយទទួលបានការអនុគ្រោះពន្ធ។ នៅក្នុងអាស៊ីអាគ្នេយ៍ បច្ចុប្បន្នមានប្រទេស ៤ ដែលទទួលបានឋានៈ EBA គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) អាចនឹងខាតបង់ជាទឹកប្រាក់ចន្លោះពី ៥១៣ លាន ទៅ ៦៥៤ លានដុល្លារក្នុង ១ ឆ្នាំ ប្រសិនបើ EU សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ នេះបើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃចន្ទ។
ការប៉ាន់ស្មាននេះគឺពឹងផ្អែកលើទឹកប្រាក់នៃការនាំចេញទំនិញ ៣ មុខសំខាន់របស់កម្ពុជាទីផ្សារអឺរ៉ុបកាលពីឆ្នាំមុន ដោយរួមមានសម្លៀកបំពាក់ ស្បែកជើង និងអង្ករ។
របាយការណ៍មួយដោយវិទ្យាស្ថានអភិវឌ្ឍន៍អាល្លឺម៉ង់ (DIE) ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ បានរកឃើញថា ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប អាចមានផលប៉ះពាល់អវិជ្ជមានលើប្រទេស កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍៕LA