
កសិករកំពុងជញ្ជូនកណ្តាប់ស្រូវនៅខេត្តប៉ាតានី។ រូបថត AFP
ក្រុងបាងកកៈ ទឹកប្រាក់ ១ កញ្ចប់ផ្សេងទៀតចំនួន ៥ ពាន់លានបាត (ប្រហែល ១៦០ លានដុល្លារ) ត្រូវបានផ្តល់បន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការប្រមូលផលស្រូវ និងគម្រោងលើកកម្ពស់គុណភាពស្រូវសម្រាប់កសិករថៃនៅរដូវបង្កបង្កើនផលឆ្នាំ ២០១៨-២០១៩។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Boonyarit Kalayanamit លេខាធិការអចិន្ត្រៃយ៍ផ្នែកពាណិជ្ជកម្ម បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គណៈកម្មការគោលនយោបាយស្រូវជាតិ (NRPC) ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជាប្រធាន កាលពីម្សិលមិញបានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ៥ ពាន់លានបាតសម្រាប់គម្រោងជំនួយស្រូវក្នុងរដូវឆ្នាំ ២០១៨-២០១៩ ដែលបានចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំមុន បន្ថែមលើទឹកប្រាក់ចំនួន ៥៦,៤៧ ពាន់លានបាតដែលបានអនុម័តនាពេលកន្លងមក។
រដ្ឋាភិបាលថៃរំពឹងថា កសិករកាន់តែច្រើននឹងចុះឈ្មោះសម្រាប់គម្រោងនេះ ជាពិសេសកសិករមកពីតំបន់ភាគខាងត្បូង ដែលមិនទាន់ប្រមូលផលនៅឡើយ។
ទាក់ទងនឹងប្រាក់ ៥៦,៤៧ ពាន់លានបាត លោក Boonyarit ថា រដ្ឋាភិបាលបានបែងចែកទឹកប្រាក់ ៥៦,២០ ពាន់លានបាតដល់កសិករ ៤,០៨ លាននាក់ពីថ្ងៃទី ២៨ មករា។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីម្សិលមិញថា កសិករចំនួនប្រហែល ៤,២៩ លាននាក់បានចុះឈ្មោះសម្រាប់គម្រោងជំនួយនេះក្នុងអំឡុងពេលនោះ ដែលកើនខ្ពស់ជាងទិសដៅដែលមានតែ ៤ លាននាក់។
កសិករជាច្រើននៅតំបន់ភាគខាងត្បូង មិនទាន់បានចុះឈ្មោះនៅឡើយទេ។
លោកថា ទឹកប្រាក់បន្ថែម ៥ ពាន់លានបាតនេះ នឹងត្រូវរក្សាទុកមួយផ្នែកធំសម្រាប់កសិករមកពីភាគខាងត្បូង។
វិធានការស្រូវទាំងនេះគ្របដណ្តប់លើគម្រោងចំនួន ៤ ដែលរួមមាន ១) គម្រោងកម្ចីសម្រាប់កសិករដែលយល់ព្រមពន្យារពេលលក់ស្រូវចេញ និងជំនួយសម្រាប់ចំណាយលើការប្រមូលផល និងលើកកម្ពស់គុណភាពស្រូវ ២) គម្រោងកម្ចីសម្រាប់សហករណ៍កសិកម្ម ដើម្បីប្រមូលស្រូវ និងបន្ថែមតម្លៃទៅលើស្រូវ ៣) ប្រាក់កម្ចីការប្រាក់ទាបសម្រាប់កសិករ វិទ្យាស្ថានកសិករ រួមទាំងសហករណ៍កសិកម្ម និងសហគ្រាសសហគមន៍ដើម្បីសាងសង់ជង្រុកស្រូវ និងពន្យារពេលលក់ស្រូវដើម្បីរក្សាស្ថិរភាពថ្លៃ និង ៤) កម្មវិធីឧបត្ថម្ភធនដែលមានអត្រាការប្រាក់ ៣ ភាគរយសម្រាប់ពាណិជ្ជករស្រូវ ដែលយល់ព្រមរក្សាទុកស្តុករបស់ខ្លួនសិន៕ KC