ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា ​ស្ថិតនៅ​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន និង​បន្ត​មានឱកាស​មួយ​ចំនួន​សម្រាប់​ការបង្កើន​ការខ្ចី​សម្រាប់​តម្រូវការ​អភិវឌ្ឍ​ប្រទេស ប្រសិនបើ​ចាំបាច់​។

Moody ដែល​ជា​ទីភ្នាក់ងារ​ផ្ដល់​ចំណាត់ថ្នាក់​អន្តរជាតិ​កាលពី​ថ្ងៃទី​ ១២ ខែ​មករា បានចេញ​ចក្ខុវិស័យ​របស់​ខ្លួន​ដោយ​ចង្អុលបង្ហាញ​ថា ការកើនឡើង​បំណុល​ខាងក្រៅ​វ័ណ្ឌក​នៅក្នុង​ប្រទេស​បង់ក្លាដែស​កម្ពុជា (​ស្ថិរភាព B2) និង​ប្រទេស ហ្វ៊ីជី ត្រូវបាន​ជំរុញ​ដោយ​បន្ទាត់​ហិរញ្ញប្បទាន​សម្បទាន ដែល​បង្កើន​ដោយ​សហគមន៍​អន្តរជាតិ​។

Moody ឱ្យដឹងថា​៖ «​ដោយសារ​តម្រូវការ​សេវាកម្ម​បំណុល​ខាងក្រៅ​ទាប និង​បំណុល​ប្រចាំឆ្នាំ​ទាប ហានិភ័យ​ងាយ​ទទួល​រងគ្រោះ​ខាងក្រៅ​សម្រាប់​បំណុល​ទាំងនេះ​នឹង​នៅតែ​មាន បើទោះបី​សមតុល្យ​គណនី​ចរន្ត​អាច​បន្ត​អាក្រក់​ខ្លាំង​ឡើង​ដោយសារ​តែ​ចក្ខុវិស័យ​ដ៏ផុយស្រួយ​នៃ​ការផ្ញើ​ប្រាក់​ពី​បរទេស និង​វិស័យ​ទេសចរណ៍​»​។

ទីភ្នាក់ងារ​ផ្ដល់​ចំណាត់ថ្នាក់ Moody បានឱ្យ​ដឹងថា បំណុល​ទីផ្សារ​ប្រទេស​រីកចម្រើន​ជាច្រើន​នៅ​ក្នុង​តំបន់​បាន​ស្ដារ​ទុនបម្រុង​ឡើងវិញ ខណៈដែល​លក្ខខណ្ឌ​ទីផ្សារ​ធូរស្រាល​ដែល​លើសពី​កម្រិត​ខ្ពស់បំផុត​មុនពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ករណី​មួយចំនួន​។

ទោះជា​យ៉ាងណា ភាព​គ្រប់គ្រាន់​ទុនបម្រុង​នៅតែ​ទន់ខ្សោយ​សម្រាប់​ប្រទេស​ឡាវ ម៉ុងហ្គោលី ប៉ាគីស្ថាន និង​ស្រីលង្កា ដែល​ការសងបំណុល​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ទាំងនេះ​រួមទាំង​កម្ចី​មិនមែន​សម្បទាន​ដូចជា​ពី​ធនាគារ និង​គោលនយោបាយ​របស់​ប្រទេស​ចិន​នៅតែ​មាន​ចំនួន​ច្រើន​ទាក់ទង​នឹង​ទុនបម្រុង​បរទេស​។

Moody ឱ្យដឹង​ថា​៖ «​ក្នុងករណី​ទាំងនេះ ការធានា​លទ្ធភាព​ទទួល​បាន​ទីផ្សារ​ហិរញ្ញប្បទាន​ឆ្លងកាត់​ព្រំដែន ឬ​ជំនួយ​សន្ទនីយ​ភាព​ខាងក្រៅ នឹង​ពឹងផ្អែក​ខ្លាំង​លើ​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការធ្វើ និង​ការបង្ហាញ​ការកែទម្រង់ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ​កាន់តែ​ខ្លាំង​»​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា កម្ពុជា​ពិតជា​មិន​ភ័យព្រួយ​រឿង​បំណុល​បរទេស​ទេ មិន​ភ័យព្រួយ​ត្រង់​ថា កម្ពុជា​មានច្បាប់​ត្រឹមត្រូវ​លើ​ការគ្រប់គ្រង​បំណុល ដែល​បច្ចុប្បន្ននេះ​កម្ពុជា​ខ្ចី​ក្នុង​កម្រិត​មួយ​ដែលមាន​ច្បាប់​អនុញ្ញាត និង​គោរព​លើ​គោលការណ៍​ក្នុង​ការគ្រប់គ្រង​បំណុល​សាធារណៈ​។

លោក​បន្ដថា ស្ថាប័ន​អន្ដរជាតិ​ធំៗ​ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​ជាដើម​បាន​វាយតម្លៃថា កម្ពុជា​ស្ថិត​នៅ​ក្រោម​អនុ​បាត​បំណុល​នៅឡើយ មាន​ន័យ​ថា កម្ចី​នៅមានកម្រិត​ទាប អាច​បន្ដ​ខ្ចី​ទៀត​បាន​ប្រសិនបើ​កម្ពុជា​ចង់ ដូច្នេះ​កម្ពុជា​មិន​ស្ថិតក្នុង​ប្រទេស​មាន​បំណុល​វ័ណ្ឌក​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​ងាក​ទៅ​មើល​ក្នុង​ទសវត្សរ៍ ​៩០ ការចំណាយ​របស់​កម្ពុជា​លើ​ការវិនិយោគ គឺ​អាស្រ័យ​ទៅ​លើ​ហិរញ្ញប្បទាន​ពី​បរទេស​រហូតដល់ ៨០ ​ភាគរយ ​ដើម្បី​ចំណាយ​ចាំបាច់​មួយចំនួន​ក្នុង​ប្រទេស ប៉ុន្ដែ​បច្ចុប្បន្ន​ការវិនិយោគ​របស់​កម្ពុជា​ដែល​ពឹង​ផ្អែកលើ​បំណុល​បរទេស គឺ​ក្នុង​កម្រិត ២០ ​ភាគរយ​ប៉ុណ្ណោះ មាន​ន័យ​ថា ពីមុន​កម្ពុជា​ពឹងផ្អែក​លើ​បរទេស ៨០ ​ភាគរយ ដើម្បី​វិនិយោគ និង​ពឹង​លើ​ចំណូល​ក្នុងស្រុក ២០ ​ភាគរយ ប៉ុន្តែ​ឥឡូវ​កម្ពុជា​ពឹងផ្អែក​ពី​បរទេស​តែ ២០ ​ភាគរយ​ប៉ុណ្ណោះ និង​ពឹង​លើ​ចំណូល​ក្នុងស្រុក​ ៨០ ​ភាគរយ​»​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣ មកដល់​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ១៣,០៨ ​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្របដណ្តប់​ប្រមាណ ៨៧ ​ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ​ ១៣ ​ភាគរយ​៕ LA