ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃសុក្រនេះ បានប្រកាសកាត់បន្ថយថ្លៃឡូជីស្ទីក ថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងថ្លៃសេវានៅកំពង់ផែទាំងពីររបស់រដ្ឋ ដែលរំពឹងថា ការបញ្ចុះថ្លៃទាំងនេះបូកបញ្ចូលគ្នានឹងជួយបន្ថយបន្ទុកចំណាយរបស់វិស័យឯកជនស្មើរនឹងទឹកប្រាក់ ៦,៧ លានដុល្លារ។
ការសម្រេចទាក់ទងនឹងការបញ្ចុះថ្លៃសេវាសំខាន់ៗទាំងបីនេះ គឺគ្រាន់តែជាផ្នែកមួយនៃការសម្រេចចិត្តជាកញ្ចប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ។ ការសម្រេចជាកញ្ចប់នៃការធ្វើកំណែទម្រង់នាពេលនេះមានរហូតដល់ ១៧ ចំណុចសំខាន់ៗ។
យោងតាមលោក នាយករដ្ឋមន្រ្តី ការបញ្ចុះថ្លៃទាំងអស់របស់វិស័យឯកជនមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,៣៩ លានដុល្លារ ខណៈការបញ្ចុះថ្លៃសេវាពីកំពង់ផែអន្តរជាតិទាំងពីរ គឺកម្ពុជាផែស្វ័យក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតក្រុងភ្នំពេញ មានតម្លៃជាទឹកប្រាក់ ៣,៣៣ លានដុល្លារ។
លោកបន្តបញ្ជាក់ថា៖«សរុបចំណេញ[ដល់វិស័យឯកជន] ពីការបញ្ចុះថ្លៃទាំងអស់គឺមានចំនួន ៦,៧២ លានដុល្លារ»។
តាមការបញ្ជាក់របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ការបន្ថយបន្ទុកចំណាយរបស់វិស័យឯកជននេះបានមកពីកត្តារួមផ្សំដូចជា ទាក់ទងនឹងថ្លៃលើកដាក់នៅចំណត (Terminal Handling Charge) ក្រុមហ៊ុននាវាមួយចំនួនបានយល់ព្រមបញ្ចុះថ្លៃសេវារបស់ខ្លួនចំនួន ៥ ដុល្លារក្នុងមួយ TEU លើសេវាលើកដាក់កុងតឺន័រនៅចំណត ដែលផលចំណេញពីការធ្វើបែបនេះមានប្រមាណ ២,៥ លានដុល្លារ។
លោកបន្តថា ក្រុមហ៊ុននាវាមួយចំនួនបានយល់ព្រមបញ្ចុះថ្លៃសេវាចំនួន ២០ ដុល្លារសម្រាប់កុងតឺន័រប្រភេទ ២០ ហ្វីត ពី ១២០ ដុល្លារកាលពីមុនមកនៅត្រឹម ១០០ ដុល្លារ និង បញ្ចុះ ៤០ ដុល្លារសម្រាប់កុងតឺន័រប្រភេទ ៤០ ហ្វីត (ពី ២៤០ ដុល្លារ មកនៅត្រឹម ២០០ ដុល្លារ)។
ទាក់ទងនឹងថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ (Ocean Freight Charge) ក្រុមហ៊ុន SITC Logistic Cambodia បានយល់ព្រមបញ្ចុះថ្លៃ ៥០ ភាគរយនៃថ្លៃសម្រាប់ដឹកជញ្ជូនពាក់ព័ន្ធនឹងការនាំចេញអង្ករទៅចិន ហើយក្រុមហ៊ុននេះក៏បានយល់ព្រមមិនគិតថ្លៃសេវា ទប់ទល់នៅពេលប្រេងថ្លៃខ្ពស់ ដែលកន្លងមកក្រុមហ៊ុនបានគិតថ្លៃចំនួន ១៥ ដុល្លារ សម្រាប់កុងតឺន័រប្រភេទ ២០ ហ្វីត និង ៣០ ដុល្លារសម្រាប់កុងតឺន័រប្រភេទ ៤០ ហ្វីត។
ទាក់ទងនឹងសេវាកំពង់ផែវិញ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានយល់ព្រមបញ្ចុះថ្លៃលើដាក់ ១០ ភាគរយ ថ្លៃ Bonus ពី ៧,៥ ដុល្លារក្នុងមួយ Box មកនៅត្រឹម ៥ ដុល្លារវិញ និងកែសម្រួលមិនគិតថ្លៃឈ្នួលបន្លាស់ទីចំណតនាវា ដែលផលចំណេញពីការធ្វើបែបនេះមានតម្លៃជាទឹកប្រាក់ ២,១៣ លានដុល្លារ។ កំពង់ផែស្វ័យតក្រុងភ្នំពេញ ក៏នឹងបញ្ចុះថ្លៃលើសេវារបស់ខ្លួនមួយចំនួន ដែលការបញ្ចុះនឹងជួយសម្រាកបន្ទុកដល់វិស័យឯកជនបានចំនួន ១,២ លានដុល្លារផ្សេងទៀត៕