ភ្នំពេញៈ វៀតណាមបានក្លាយជាប្រទេសទី២ បន្ទាប់ពីចិនដែលបានប្រកាសបន្តផ្តល់សិទ្ធិឲ្យកម្ពុជានាំចូលអង្ករ ដោយមិនជាប់ពន្ធគយតែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ (កូតា) បន្ទាប់ពីសហភាពអឺរ៉ុបដែលជាទីផ្សារអង្ករសំខាន់របស់កម្ពុជាបានសម្រេចកាលពីខែមុនតម្រូវឲ្យអង្ករនាំចូលពីកម្ពុជាត្រូវបង់ពន្ធ។
ក្នុងជំនួបរវាងលោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ប៉ាន សូរស័ក្តិ ជាមួយលោក Do Quoc Hung ដែលជាតំណាងនាយកដ្ឋានទីផ្សារអាស៊ី និងអា្រហ្វិក របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កាលពីថ្ងៃពុធ លោក Do Quoc Hung បានបញ្ជាក់ថាវៀតណាមបន្តផ្តល់កូតានាំចូលអង្ករកម្ពុជាចំនួន ៣០ ម៉ឺនតោនក្នុង ១ ឆ្នាំរយៈពេល ២ ឆ្នាំគឺពី ឆ្នាំនេះដល់ឆ្នាំក្រោយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោក ស៊ាង ថៃ បានបញ្ជាក់កាលពីម្សិលមិញថា ការផ្តល់កូតាពីវៀតណាមនេះ គឺជាការបន្តពីកិច្ចព្រមព្រៀងកាលពីឆ្នាំកន្លងទៅ ដែលកាលពីមុនកម្ពុជាមិនដែលបាននាំចូលអង្ករទៅទីផ្សារវៀតណាមបានច្រើនដូចដែលមានក្នុងការព្រមព្រៀងទេ។
លោកបន្តថា មូលហេតុគឺអាចដោយសារថា ការពិបាកចរចាលើតម្លៃទិញលក់ ខណៈអ្នកនាំចេញបានផ្តោតខ្លាំងទៅលើទីផ្សារអឺរ៉ុបដែលអាចមានអត្រាចំណេញល្អជាងដោយសារកាលនោះអឺរ៉ុបបានផ្តល់ការអនុគ្រោះពន្ធដែរ និងមិនមានកូតាកំណត់។
លោកថ្លែងថា៖ «វៀតណាមផ្តល់កូតាឲ្យយើង តែ [ដើម្បីលក់ជោគជ័យ] វាក៏អាស្រ័យលើតម្លៃទិញ លក់ដែរ។ យើងលក់ទៅវៀតណាមអត់សូវបានថ្លៃ ដោយសារវៀតណាមគាត់ផលិតដែរ ហើយនាំចេញអង្ករលេខ ១ លេខ ២ [លើពិភពលោក]»។
យ៉ាងណាក៏ដោយ លោក ស៊ាង ថៃ រំពឹងថា អ្នកនាំចេញកម្ពុជាអាចចាប់អារម្មណ៍ជាងមុនក្នុងការសម្លឹងមើលការពង្រីកខ្លួនទៅទីផ្សារវៀតណាម សម្រាប់កូតាថ្មីនេះ ដោយសារថា ពួកគេត្រូវស្វែងរកទីផ្សារថ្មីផ្សេងពីអឺរ៉ុប បន្ទាប់ពីប្លុកសេដ្ឋកិច្ចនេះបានសម្រេចយកពន្ធលើអង្ករកម្ពុជាចាប់ពីខែមុនមក។
លោកបន្តក្នុងន័យប្រៀបធៀបថា៖ «យើងធ្លាប់តែពាក់អាវយឺត ព្រោះវាស្រួល តែថ្ងៃនេះអាវយឺតនេះវាទទឹកទៅហើយ។ អ៊ីចឹងយើងអាចសាកពាក់អាវសាច់ក្រណាត់ម្តង»។
ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា កម្ពុជាបាននាំចេញអង្ករសរុប ៦២៦ ២២៥ តោនកាលពីឆ្នាំមុន ក្នុងចំណោមនោះ មានតែ ២៦ ៧១២ តោនប៉ុណ្ណោះត្រូវបាននាំចេញទៅប្រទេស វៀតណាម។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុន AMRU Rice បានឲ្យដឹងកាលពីម្សិលមិញថា ប្រទេស វៀតណាម កំពុងទិញផលិតផលមិនទាន់កែច្នៃជាទូទៅដូចជា ស្រូវ ជាជាងអង្ករ ខណៈការនាំចេញអង្ករទៅវៀតណាមនៅតែមានកម្រិត។
ប៉ុន្តែលោកបានឲ្យដឹងថា កូតានេះនឹងជំរុញឲ្យក្រុមហ៊ុននាំចេញរបស់វៀតណាមកាន់តែច្រើន នាំចូលអង្កររបស់កម្ពុជា ទោះបីជាវានឹងត្រូវការពេលវេលាដើម្បីសម្រេចបានកូតា ៣០ ម៉ឺនតោនក៏ដោយ។
លោកថ្លែងថា៖ «យើងរំពឹងថា តម្រូវការកាន់តែច្រើន នឹងមកពីប្រទេស វៀតណាម នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។
ប្រទេស ចិន បានយល់ព្រមកាលពីថ្ងៃទី ២២ ខែមករា ក្នុងការបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០០ ០០០ តោន។ ការទទួលបានកូតាកាន់តែខ្ពស់ពីប្រទេស ចិន និងវៀតណាម មានប្រយោជន៍ចំពោះទីផ្សារអង្ករកម្ពុជា៕LA