ភ្នំពេញៈ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ស្នើឲ្យ​ប្រជាជន​ខិតខំ​ពង្រឹង​ការចិញ្ចឹម​សត្វ​ជ្រូក​ឡើងវិញ​ ដើម្បី​កាត់បន្ថយ​ការនាំចូល ខណៈ​បច្ចុប្បន្ន​ជ្រូក​កំពុង​មាន​តម្រូវការ​ច្រើន និង​មាន​តម្លៃ​ខ្ពស់​។ នេះ​បើតាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​។

ទោះបី​ជា​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កន្លង​មក​មាន​គោលនយោបាយ​ចំពោះ​ការពង្រឹង​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​គឺ​មិនមាន​ទំហំ​ធំ​ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់​ទេ ពិសេស​បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំ​ ២០១៩​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មុនពេល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ការចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​ប្រមាណ​ជិត ៨០ ​ភាគរយ ខណៈ​ប្រមាណ ២០ ​ភាគរយ​ទៀត​ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀតណាម និង​ថៃ​។

ប៉ុន្តែ​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ធ្វើឲ្យ​ជ្រូក​ងាប់​ជាច្រើន​នោះ ធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​ក្នុង​ស្រុក​ធ្លាក់​មក​នៅត្រឹម​ប្រហែល ៦០ ភាគរយ​ប៉ុណ្ណោះ​មកទល់​ពេល​នេះ​។ លោក​បន្តថា ការធ្លាក់ចុះ​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​ត្រូវ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​ប្រហែល ២ ០០០ ទៅ ៣ ០០០ ​ក្បាល​ ជា​រៀងរាល់​ថ្ងៃ​មក​បំពេញ​តម្រូវការ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​យើង​កំពុងមាន​កង្វះខាត​ច្រើន ហេតុនេះ​ខ្ញុំ​ស្នើ​ឲ្យ​កសិដ្ឋាន ឬ​ប្រជាជន​គួរតែ​នាំ​គ្នា​ចាប់ផ្តើម​ការចិញ្ចឹម​ជ្រូក​ឡើងវិញ​ឲ្យ​បាន​ច្រើន​។ ម្យ៉ាងទៀត​តម្លៃ​ជ្រូក​នៅពេល​នេះ​ក៏​ខ្ពស់​ដែល​អាច​ឲ្យ​អ្នក​ចិញ្ចឹម​ទទួល​បាន​ផលចំណេញ​ច្រើន​ដែរ​»​។

តាម​លោក ស្រ៊ុន ពៅ បច្ចុប្បន្ន​ជ្រូក​រស់មាន​តម្លៃ​ប្រមាណ ១៣ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​ប្រហែល ៨ ០០០ ​រៀល​។ លោក​ប្រាប់​ទៀត​ថា​បច្ចុប្បន្ន​នៅ​កម្ពុជា​តម្រូវការ​ជ្រូក​សម្រាប់​បរិភោគ មាន​ប្រមាណ​ចន្លោះ​ពី ៦ ០០០-៧ ០០០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ផ្ទុះឡើង​កាលពី​ឆ្នាំ​មុន​ធ្វើឲ្យ​សត្វ​ជ្រូក​រាប់លាន​ក្បាល​ត្រូវ​ងាប់ និង​សម្លាប់​ក្នុង​ន័យ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​នេះ​ទៅកាន់​សត្វ​ជ្រូក​ដទៃ​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ដើម​ខែ​កក្កដា​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា​មាន​សត្វ​ជ្រូក​ជាង ៣ ០០០ ​ក្បាល​បាន​ងាប់ នៅក្នុង​ខេត្ត​ចំនួន​ ៥ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្តកណ្ដាល​។

ការផ្ទុះ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ឆ្នាំមុន​ក៏​បាន​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មួយចំនួន​ខ្លាចរអា​មិន​ទាន់​ហ៊ាន​ចិញ្ចឹម​ឡើងវិញ​នោះទេ​។

លោក ចន ហេង អ្នក​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​ដែល​មាន​បទពិសោធ​ជាង ១៥ ឆ្នាំ​បាន​និយាយថា ក្រោយពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​ចូលមក​កម្ពុជា​កាលពី​ឆ្នាំមុន លោក​មិនទាន់​បាន​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​ឡើង​វិញ​ទៀត​ទេ ព្រោះ​មិន​ទុកចិត្ត​ថា មាន​សុវត្ថិភាព​។

លោក​បន្ត​ថា​ ការចិញ្ចឹម​ត្រូវការ​រយៈពេល ៤-៥ ​ខែ​ទើប​អាច​លក់​បាន តែ​បើ​សិន​ជាមាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កើតឡើង​គឺ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ជ្រូក​នឹង​ត្រូវ​ងាប់​ទាំងអស់​។ លោក​និយាយថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​ចិញ្ចឹម​វិញ​ទេ ព្រោះ​នៅពេល​នេះ​មិនទាន់​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​»​។

លោក​បន្តថា ការផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំមុន កសិដ្ឋាន​ចិញ្ចឹម​របស់​លោក​មិនបាន​ទទួលរង​ផលប៉ះពាល់​ទេ ព្រោះ​ជ្រូក​ប្រមាណ​ជាង ១ ៥០០ ​ក្បាល​ត្រូវ​បាន​លក់​ចេញ​ទាំងអស់​មុន​ពេល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក រាលដាល​មកដល់​ជិត​កសិដ្ឋាន​របស់​លោក​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់ថា​ក្រសួង​មាន​គោលនយោបាយ​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជាជន​ចិញ្ចឹម​ជ្រូក​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​។ លោក​បន្តថា ការរាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មួយរយៈ​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ទឹកចិត្ត​អ្នក​ចិញ្ចឹម​មាន​ការរារែក​ក្នុង​ការចាប់ផ្តើម​ម្តងទៀត​។ លោក​បន្តថា​ការចិញ្ចឹម​ជ្រូក​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​កាលពី​ឆ្នាំ​ ២០១៩​។

ទោះ​យ៉ាងណា​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការចិញ្ចឹម​ជ្រូក​នឹង​មាន​កំណើន​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ ព្រោះ​ជ្រូក​កំពុង​មាន​ទីផ្សារ​ល្អ​»​។

លោក​ ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ដើម​ខែ​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹងថា តម្រូវការ​បរិភោគ​សាច់​នៅ​កម្ពុជា​ពី​ឆ្នាំ​ ២០១៩ មាន​បរិមាណ​ប្រហែល ២៩០ ០០០ តោន ខណៈ​ការផ្គត់ផ្គង់​មាន​ចំនួន ២៤០ ០០០ តោន​។ លោក​បន្តថា​៖ «​យើង​គ្រោង​នឹង​ផលិត​សាច់​ពាហនៈ​ ៣៣៥ ០០០ តោន ​ក្នុង​ឆ្នាំ ២០៣០ ដើម្បី​បំពេញ​កង្វះខាត និង​កាត់បន្ថយ​ការនាំ​ចូល​»​។

លោក សុខុម បាន​ឲ្យ​ដឹងថា​ជាមួយ​នឹង​ផលិតកម្ម​សាច់​សរុប​នេះ​ក្នុង​នោះ​សាច់មាន់ ទា មាន​ចំណែក ២០ ​ភាគរយ សាច់គោ ២៧ ​ភាគរយ និង​ជ្រូក ៥៧ ​ភាគរយ​។

តាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​កម្ពុជា​បរិភោគ​សាច់​ជា​មធ្យម ១៧,៦ គីឡូក្រាម ​ម្នាក់​ក្នុង​ ១ ​ឆ្នាំ ​ដែល​រួមមាន​សាច់គោ ៥ ​គីឡូក្រាម សាច់ជ្រូក​ ៩,២៩ ​គីឡូក្រាម មាន់​ទា​ ៣,៣ គីឡូក្រាម និង​សាច់​ផ្សេងទៀត ០,០១ គីឡូក្រាម​៕