ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចាត់ទុកការយកពន្ធលើការនាំចូលអង្ករកម្ពុជាទៅទីផ្សារអឺរ៉ុបថា មានលក្ខណៈឆាប់រហ័សពេក ខណៈវិស័យស្រូវអង្ករកម្ពុជា ត្រូវការពេលបន្ថែមទៀតក្នុងការពង្រឹងខ្លួន ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ដោយពឹងផ្អែកលើការអនុគ្រោះពន្ធ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន។
ការលើកឡើងបែបនេះគឺប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចដាក់ពន្ធលើការនាំចូលអង្ករកម្ពុជារយៈពេល ៣ ឆ្នាំនៅក្នុងវិធានការការពារទីផ្សារផលិតផលរបស់ខ្លួនក្រោយមានការតវ៉ាពីប្រទេស អ៊ីតាលី។
ភ្លាមៗថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បានជួបប្រជុំពិភាក្សាទៅលើផលប៉ះពាល់នៃការដាក់ពន្ធលើអង្ករដែលនាំចូលពីប្រទេស កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនេះ។
CRF បានឲ្យដឹងថា៖ «ការយកពន្ធនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងមានការពិបាកនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដោយសារយើងមិនបានត្រៀមខ្លួនពេញលេញ»។
សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានចាត់ទុកថា ការសម្រេចដាក់ពន្ធនេះ ជាជំហានថយក្រោយរវាងសហភាពអឺរ៉ុបនិងកម្ពុជា ដែលបានកសាងកន្លងមក។ ទោះបីយ៉ាងនេះក្តី CRF សង្ឃឹមថា ការសហការរវាងប្រទេសទាំង ២ នឹងអាចដើរទៅមុខបានច្រើនជំហានទៀត។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបនឹងការយកពន្ធនេះសហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមតវ៉ាទៅអន្តរជាតិ និងព្យាយាមពង្រឹងការប្រកួតប្រជែង តាមរយៈការកាត់បន្ថយចំណាយថ្លៃដើម និងពង្រីកទីផ្សារដោយធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារទី ៩ នៃវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកស្រូវអង្ករ ដើម្បីជំរុញការប្រកួតប្រជែង និងព្យាយាមជំរុញម៉ាកសញ្ញាអង្ករប្រណីតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនានា»។
ក្រោយពីសហភាពអឺរ៉ុបសម្រេចយកពន្ធនាំចូលអង្ករពីកម្ពុជា មានប្រតិកម្មបានធ្លាក់មកជាហូរហែ ហើយរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មបានហៅការសម្រេចនេះថា ជាការបំពាននឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក៕