ភ្នំពេញៈ ធនាគារពិភពលោក (WB) កាលពីម្សិលមិញ បានចេញផ្សាយជាផ្លូវការនូវរបាយការណ៍ចុងក្រោយរបស់ខ្លួនស្ដីពីចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងកាន់តែខ្ពស់នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ទោះបីជាសេដ្ឋកិច្ចពិភពលោកបន្តថមថយសម្ទុះក៏ដោយ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) របស់ធនាគារពិភពលោក ដែលចេញផ្សាយ ២ ដងក្នុង ១ ឆ្នាំ និងផ្ដល់ព័ត៌មានបច្ចុប្បន្នភាពស្ដីពី ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លី និងមធ្យម អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៧,១ ភាគរយក្នុងឆ្នាំ ២០១៨ ដែលខ្ពស់ជាងបន្តិចពីកំណើនកាលពីឆ្នាំ ២០១៧ ដែលមាន ៧ ភាគរយ។ កំណើននេះត្រូវបានជំរុញភាគច្រើន ដោយការប្រើប្រាស់ក្នុងស្រុក និងការនាំចេញដែលភាគច្រើនគាំទ្រដោយតម្រូវការខ្លាំងនៅអាមេរិក និងសហភាពអឺរ៉ុប។
ទោះបីជាចក្ខុវិស័យមានវិជ្ជមានក៏ដោយក៏សេដ្ឋវិទូរបស់ធនាគារពិភពលោកព្រមានពីហានិភ័យខាងក្រៅ រួមទាំងការដកចេញការអនុគ្រោះ «ពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ដែលអាចកើតមានឡើងសម្រាប់ប្រទេស កម្ពុជា និងផលប៉ះពាល់រយៈពេលវែងដែលមិនអាចព្យាករបាន ដោយសារជម្លោះពាណិជ្ជកម្មអាមេរិក និងចិន។ នៅក្នុងប្រទេសវិញ ហានិភ័យជាប់ទាក់ទងនឹងវិស័យហិរញ្ញវត្ថុ គួរតែត្រូវបានយកមកពិចារណា ដោយសារវិស័យនេះបន្តកើនឡើងដោយការពឹងផ្អែកខ្លាំងទៅលើវិស័យសំណង់ និងអចលនទ្រព្យ។
លោក លី សុដេត សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកទទួលបន្ទុកប្រទេស កម្ពុជា បានថ្លែងថា៖ «អាទិភាពសម្រាប់ប្រទេស កម្ពុជា រួមមានទាំងការការពារសុខភាពវិស័យហិរញ្ញវត្ថុ ខណៈដែលបង្កើនទុនបម្រុង ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការបង្ការមិនឲ្យមានការកើនឡើងអត្រាប្តូរប្រាក់រៀលលឿនរហ័ស ដោយសារកំណើននាំចូលនៅពេលថ្មីៗ»។
ធនាគារពិភពលោកកាលពីពាក់កណ្ដាលឆ្នាំ ២០១៨ បានកែតម្រូវឋានៈសេដ្ឋកិច្ចរបស់កម្ពុជា ដែលដំឡើងពីប្រទេសមានប្រាក់ចំណូលកម្រិតទាបទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប បន្ទាប់ពីប្រាក់ចំណូលជាតិដុល (GNI) ក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០១៥ របស់ប្រទេសនេះមានលើសពីកម្រិតកំណត់ ១,០២៦ ដុល្លារសម្រាប់ប្រទេសមានប្រាក់ចំណូលទាប ពោលគឺកើនឡើងដល់ ១,០៧០ដុល្លារ។
ដោយមានកំណើនសេដ្ឋកិច្ចយ៉ាងរហ័សជាមធ្យមចំនួន ៧ ភាគរយប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ រដ្ឋាភិបាលកម្ពុជារៀបចំផែនការថា ប្រទេសនេះនឹងសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។
ដើម្បីសម្រេចឋានៈប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នេះ តួលេខប្រាក់ចំណូលជាតិដុលសម្រាប់មនុស្សម្នាក់ត្រូវតែលើសពី ៣,៨៩៦ ដុល្លារក្នុង ១ ឆ្នាំ ដែលច្រើនជាង ៣ ដងធៀបនឹងប្រាក់ចំណូលជាតិដុលក្នុងមនុស្សម្នាក់នៅពេលបច្ចុប្បន្ន។
បើទោះជាចក្ខុវិស័យរយៈពេលវែងនៅតែមានភាពវិជ្ជមានក្តី ក៏លោកស្រី Inguna Dobraja នាយកប្រចាំប្រទេស កម្ពុជា របស់ធនាគារពិភពលោកបានឲ្យដឹងកាលពីម្សិលមិញថា កម្ពុជាចាំបាច់ត្រូវអភិវឌ្ឍមូលធនរូបវន្ត និងមូលធនមនុស្សរបស់ខ្លួន ដើម្បីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលកាន់តែខ្ពស់ក្នុងរយៈពេលវែង។
លោកស្រីបានថ្លែងថា៖ «ដើម្បីសម្រេចបំណងប្រាថ្នាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់របស់ខ្លួន កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងទទួលយកការកែទម្រង់នានាដែលអាចឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន»។
លោកស្រីបានមានប្រសាសន៍បន្តថា៖ «ការប្រមូលផ្ដុំការសន្សំប្រាក់ក្នុងស្រុកដ៏ច្រើន ដើម្បីបង្កើនការវិនិយោគ មានសារៈសំខាន់ដើម្បីទទួលបានអ្វីដែលប្រទេស អាស៊ី ដែលមានប្រតិបត្តិការខ្ពស់សម្រេចបាន»។
របាយការណ៍នេះ ក៏អំពាវនាវផងដែរឲ្យមានការបំពេញកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីស្រូបយកកំណើនការវិនិយោគផ្ទាល់ពីបរទេសខាងផលិតកម្ម និងកែច្នៃកសិកម្ម ព្រមទាំងបន្តកែលម្អបរិយាកាសពាណិជ្ជកម្មផងដែរ៕ LA