ភ្នំពេញៈ អង្កររបស់កម្ពុជាបានបាត់បង់សិទិ្ធទទួលការលើកលែងពន្ធពីទីផ្សារអឺរ៉ុបជាផ្លូវការហើយ ចាប់ពីថ្ងៃសុក្រនេះតទៅ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករនាំចូលពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា ក្រោមហេតុផលដើម្បីការពារផលប្រយោជន៍កសិករផលិតអង្ករនៅអឺរ៉ុប។
ការសម្រេចដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃសុក្រ ទី ១៨ នេះទៅ តម្រូវឲ្យអង្ករនាំចូលពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបង់ពន្ធរយៈពេល ៣ ឆ្នាំក្នុងអត្រា ១៧៥ អឺរ៉ូ (ប្រហែល ២០០ ដុល្លារ) ក្នុង ១ តោននៅឆ្នាំដំបូង និងថយចុះបន្តិចនៅឆ្នាំទី ២ និងទី ៣។ ដោយផ្អែកលើបរិមាណនៃការនាំចេញអង្ករទៅអឺរ៉ុបកាលពីឆ្នាំ ២០១៨ ដែលមានចំនួនជិត ២៧ ម៉ឺនតោន ការសម្រេចថ្មីនេះនឹងធ្វើឲ្យវិស័យអង្ករកម្ពុជា ត្រូវចំណាយលើការបង់ពន្ធប្រមាណ ៥០ លានដុល្លារក្នុង ១ ឆ្នាំ។
គណៈកម្មការអឺរ៉ុបបានឲ្យដឹងកាលពីម្សិលមិញថា៖ «ការស៊ើបអង្កេតបានបញ្ជាក់ពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលអង្ករ Indica ពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅក្នុងសហភាពអឺរ៉ុប (EU) ដែលបានបណ្ដាលឲ្យខូចខាតសេដ្ឋកិច្ចដល់ប្រទេសផលិតអង្ករអឺរ៉ុប»។
គណៈកម្មការនេះបានបន្តថា៖ «ដូច្នេះ នៅថ្ងៃនេះ [ថ្ងៃម្សិលមិញ] គណៈកម្មការអឺរ៉ុប បានសម្រេចអនុវត្តការដកហូតពន្ធគយឡើងវិញ ដែលនឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ក្នុងអំឡុងពេល ៣ ឆ្នាំ»។
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករសំខាន់មួយរបស់ប្រទេស កម្ពុជា។ ទិន្នន័យរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ប្រទេស កម្ពុជា បាននាំចេញអង្ករសរុប ៦២៦ ២២៥ តោនកាលពីឆ្នាំ ២០១៨ ក្នុងចំណោមនោះសហភាពអឺរ៉ុបបានស្រូបយកប្រហែល ៤៣ ភាគរយនៃការនាំចេញសរុបដែលមានចំនួន ២៦៩ ១២៧ តោន។
ពន្ធនាំចូលនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ដែលចាប់ផ្ដើមដំណើរការកាលពីខែមីនា ឆ្នាំ ២០១៨ បន្ទាប់ពីកសិកររបស់ប្រទេស អ៊ីតាលី បានអំពាវនាវឲ្យមាន ខ-ការពារ ដែលរឹតបន្តឹងការនាំចូលអង្ករ។
សំណើដំបូងឲ្យមានការការពារពាណិជ្ជកម្មលើការនាំចូលអង្ករ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរបស់ប្រទេស អ៊ីតាលី កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ និងបានគាំទ្រដោយប្រទេសជាសមាជិកដាំដុះស្រូវផ្សេងទៀតរបស់សហភាពអឺរ៉ុប រួមមានប្រទេស បារាំងអេស៉្បាញ ព័រទុយហ្គាល់ ក្រិក ហុងគ្រី រូម៉ានី និងប៊ុលហ្គារី។ គណៈកម្មការនេះបានបើកការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨។
គណៈកម្មការអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការស៊ើបអង្កេតរបស់ខ្លួន បានបញ្ជាក់ថា កំណើនដ៏ខ្លាំងក្នុងការនាំចូលអង្ករ Indica គ្រាប់វែងពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា បានធ្វើឲ្យខូចខាតដល់ប្រទេសផលិតអង្កររបស់អឺរ៉ុប។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានថ្លែងថា ការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប នឹងមិនរងផលប៉ះពាល់ខ្លាំងទេពីពន្ធថ្មីនេះ ប៉ុន្តែ អង្ករសនឹងប៉ះពាល់ខ្លាំង។ លោកបានបន្ថែមថា ក្នុងករណីនេះ កសិករអាចប្តូរទៅដាំស្រូវផ្កាម្លិះ ឬដំណាំផ្សេងវិញបើអាចធ្វើបាន។
ទោះជាយ៉ាងណា លោកបានថ្លែងថា ផលប៉ះពាល់ពិតប្រាកដនឹងអាស្រ័យលើទស្សនៈរបស់អ្នកប្រើប្រាស់ចំពោះអង្ករកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វានឹងអាស្រ័យលើនិរន្តរភាពរបស់អង្ករកម្ពុជា នៅហាងលក់អង្ករក្នុងទីផ្សារអឺរ៉ុប។ បើពួកគេចូលចិត្តអង្ករកម្ពុជា ផ្សារទំនើប និងអ្នកប្រើប្រាស់នៅអឺរ៉ុប អាចមិនគិតពីការចំណាយខ្ពស់បន្តិចនោះទេ។ វាគួរតែមិនមែនជាចំណែកធំនៃការចំណាយលើការប្រើប្រាស់របស់ពួកគេទេ»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរពិចារណាកាត់បន្ថយតម្លៃអគ្គិសនី និងកម្រៃសេវាកំពង់ផែ ដើម្បីជួយឧស្សាហកម្មអង្កររបស់យើងឲ្យនៅតែ ឬកាន់តែមានភាពប្រកួតប្រជែង ដែលនឹងជួយ បើឧស្សាហកម្មកាត់ដេរទទួលរងគ្រោះធ្ងន់ធ្ងរដោយការព្យួរ EBA បើវាកើតឡើង»។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងស្រដៀងលោក សុផល ដែរទាក់ទងនឹងឥទ្ធិពលនៃអ្នកប្រើប្រាស់នៅអឺរ៉ុបទៅលើគុណភាពអង្ករកម្ពុជា និងផលប៉ះពាល់ពីការដាក់ពន្ធនេះ។
ទោះបីយ៉ាងណា លោកបញ្ជាក់ថា ការសម្រេចរបស់អឺរ៉ុប នឹងផ្តល់ផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់ឧស្សាហកម្មអង្ករកម្ពុជា តែលោកមិនទាន់អាចបញ្ជាក់ពីទំហំនៃផលប៉ះពាល់ឡើយ។
លោកអះអាងថា៖ «កម្ពុជានៅតែចាត់ទុកថា អឺរ៉ុបគឺជាទីផ្សារសំខាន់របស់ខ្លួន គ្រាន់តែក្នុងករណីដែលគេកំណត់ឲ្យយើងបង់ពន្ធ គឺយើងត្រូវតែរកវិធីដោះស្រាយ»។ លោកបន្តថា៖ «យើងក៏ត្រូវពិនិត្យមើលទៅលើថ្លៃដើម ដើម្បីឲ្យមានតុល្យភាពនឹងការកំណត់ឲ្យបង់ពន្ធ ដែលមានដូចជាការបញ្ចុះថ្លៃដើម ដើម្បីនៅតែអាចបន្តនាំចេញទៅទីផ្សារអឺរ៉ុបបាន»។
យោងតាមលោក ហ៊ុន ឡាក់ ទិសដៅទីផ្សាររបស់កម្ពុជាអាចជាការពង្រីកការនាំចេញទៅកាន់ប្រទេស ចិន បន្ថែមទៀតដោយលោកបញ្ជាក់ថា ប្រទេស ចិន បានផ្តល់កូតានាំចូលអង្ករពីកម្ពុជា ៣០ ម៉ឺនតោន ក្នុង ១ ឆ្នាំកាលពីឆ្នាំ ២០១៨ តែកម្ពុជាបាននាំចេញបានត្រឹមតែ ១៧ ម៉ឺនតោនប៉ុណ្ណោះ។
លោកបន្តថា៖ «នៅពេលខាងមុខ យើងអាចនឹងមានការចរចាបន្ថែមទៀតជាមួយប្រទេស ចិន ទាក់ទងនឹងការនាំចេញអង្គរនេះ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia បានឲ្យដឹងកាលពីម្សិលមិញថា ទីផ្សារសហភាពអឺរ៉ុប នឹងតែងតែសំខាន់សម្រាប់អង្ករកម្ពុជា ដូច្នេះក្រុមហ៊ុននាំចេញនឹងចាំបាច់ត្រូវស្វែងរកដំណោះស្រាយដើម្បីរក្សាលទ្ធភាពនាំចេញទៅកាន់ទីផ្សារនេះ។
លោកបន្ថែមថា ក្នុងពេលជាមួយគ្នានេះ កម្ពុជានឹងចាំបាច់ត្រូវលើកកម្ពស់លទ្ធភាពប្រកួតប្រជែង និងរិះរកទីផ្សារថ្មីៗ ដើម្បីបន្ថយការពឹងផ្អែកលើទីផ្សារតែមួយ។ លោកថ្លែងថា៖ «យើងត្រូវការទីផ្សារអឺរ៉ុប ហើយយើងមិនអាចបាត់បង់ទីផ្សារនេះទេ។ ដូច្នេះ យើងនឹងស្វែងរកវិធីសាស្រ្ត ដើម្បីបន្ទាបការចំណាយប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង»៕ LA