ក្រុងហាណូយៈ សហភាពអឺរ៉ុប និងវៀតណាមកាលពីថ្ងៃអាទិត្យបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលទន្ទឹងរង់ចាំដ៏យូរមួយ ដែលនឹងកាត់បន្ថយពន្ធលើទំនិញស្ទើរតែទាំងអស់។ ការសម្រេចកិច្ចព្រមព្រៀងនេះជាការរុញច្រានមួយប្រឆាំងនឹងការកើនឡើងកិច្ចគាំពារនិយមពិភពលោក និងត្រូវបានស្វាគមន៍ថាជា «ព្រឹត្តិការណ៍សំខាន់» មួយដោយអឺរ៉ុប។
ការចុះហត្ថលេខាបានធ្វើឡើងក្នុងគ្រាដែលមានភាពចលាចលពាណិជ្ជកម្មពិភពលោក រួមជាមួយនឹងជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកដែលកំពុងអូសបន្លាយពេល និងការចាកចេញរបស់អង់គ្លេសពីអឺរ៉ុប (Brexit) ដែលបង្កឲ្យមានពពកខ្មៅបាំងបិទសេដ្ឋកិច្ចពិភពលោក។
ការសម្រេចបានកិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពីការចរចាដ៏តានតឹងដោយសារកំណត់ត្រាបញ្ហាសិទ្ធិមនុស្សមិនល្អរបស់វៀតណាម។
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានហៅកិច្ចព្រមព្រៀងនេះថាជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយ» និងជាជំហានគន្លឹះមួយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីបានថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យនៅចំពោះមនុស្សក្រុមអ្នកចរចា និងអ្នកការទូតជាច្រើនថា៖ «នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយមហិច្ឆតាបំផុតដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមនេះ ជាចុងក្រោយនឹងមើលឃើញការបន្ថយការហូតពន្ធលើទំនិញ ៩៩ ភាគរយ របស់សហភាពអឺរ៉ុបពីប្រទេស វៀតណាម។
ដោយត្រូវបានហៅថាជាកិច្ចព្រមព្រៀងជំនាន់បន្ទាប់មួយ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងវិធាននានាស្តីពីសិទ្ធិការងារ និងការពារបរិស្ថាន និងកម្មសិទ្ធិបញ្ញាផងដែរ។
លោកស្រី Malmstrom បានមានប្រសាសន៍ថា៖ «យើងចង់ធ្វើឲ្យប្រាកដថា ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបមានផលប៉ះពាល់វិជ្ជមានមួយ ដូច្នេះយើងមានស្តង់ដាខ្ពស់ដែលត្រូវបានកំណត់»។
ក្រោយមកលោកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «វាបញ្ចូលសញ្ញាពោរពេញដោយអំណាចខ្លាំងមួយដែលនិយាយថា យើងជឿជាក់លើពាណិជ្ជកម្ម»។
កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានផ្តល់សច្ចាប័ន ដែលអាចកើតមាននៅចុងឆ្នាំនេះ ប្រសិនបើត្រូវបានអនុម័តដោយសមាជិកសភារបស់ភាគីទាំង ២។
នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២ ហើយសម្រាប់សហភាពអឺរ៉ុបជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេស សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអឺរ៉ុបកាលពីឆ្នាំមុន។
កិច្ចព្រមព្រៀងនេះកើតមានឡើងក្នុងគ្រាដែលសហភាពអឺរ៉ុប និងប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង Mercosur កាលពីចុងសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចរចាអស់រយៈពេល ២០ ឆ្នាំ ដែលនឹងតភ្ជាប់ប្រជាជន ៨០០ លាននាក់ របស់តំបន់ទាំង ២។
ការចរចាពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម បានចាប់ផ្តើមកាលពី ៧ ឆ្នាំមុន ហើយសហភាពអឺរ៉ុបបានរងការរិះគន់ដោយសារមិនបានដាក់សម្ពាធវៀតណាមឲ្យបានគ្រប់គ្រាន់ដើម្បីកែលម្អកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ខ្លួន៕ AFP/KC