ភ្នំពេញៈ ក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយស៍ និងជាក្រុមហ៊ុនផលិតស្រូវសរីរាង្គឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលកម្ចីជាង ១៥ លានដុល្លារ ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីពង្រីកការនាំចេញអង្ករសរីរាង្គឲ្យបាន ៥ ម៉ឺនតោន ក្នុងមួយឆ្នាំ។ នេះបើយោងតាម លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍។ អេមរុ រ៉ាយស៍ និង IFC បានចុះហត្ថលេខាផ្តល់កម្ចី កាលពីថ្ងៃទី ២៦ មិថុនា។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កម្ចីវិនិយោគនេះសម្រាប់ពង្រីកការសាងសង់ឃ្លាំងស្តុកស្រូវ ឡសម្ងួត ព្រមទាំងពង្រឹងស្តង់ដាវេចខ្ចប់ កែច្នៃ គុណភាព សុវត្ថិភាព និងបង្កើនទុនទិញស្រូវបន្ថែមទៀត។
លោកបន្តថា៖ «ក្នុងកញ្ចប់ថវិកានេះយើងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទិញស្រូវ ពង្រឹងគុណភាពយើងចង់ឲ្យប្រទេសយើងក្លាយជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំជាងគេនៅអាស៊ីអាគ្នេយ៍ ព្រោះឥឡូវនេះថៃធំជាងគេ»។
តាមលោក សុង សារ៉ន គម្រោងពង្រីកចង្វាក់ផលិតកម្មស្រូវសរីរាង្គនេះនឹងចាប់ពីខែកក្កដាទៅ ដែលនឹងផ្តោតទៅលើការពង្រឹងគុណភាព ការផ្គត់ផ្គង់ គុណភាពកែច្នៃ ឲ្យត្រូវតាមស្ដង់ដាសុវត្ថិភាពសម្រាប់រោងចក្រដែលត្រូវការអង្ករសរីរាង្គ។ លោកបានថ្លែងថា៖ «[យើង] ក៏នឹងផ្គត់ផ្គង់ឲ្យរោងចក្រកែច្នៃធ្វើម្ហូបអាហារផងដែរ យើងមានសមត្ថភាពអាចផ្គត់ផ្គង់បាន»។
លោក សារ៉ន បន្ថែមថា ក្រុមហ៊ុនលោកគ្រោងនាំចេញអង្ករសរីរាង្គឲ្យបាន ២ ម៉ឺនតោន ក្នុងមួយឆ្នាំទៅសហភាពអឺរ៉ុប អាមេរិក ចិន និង ហុងកុង សម្រាប់ឆ្នាំនេះ ហើយ ៤ ទៅ ៥ ម៉ឺនតោន នៅឆ្នាំបន្ទាប់ទៀត។
លោកថា៖ «យើងបានធ្វើការងារលើស្រូវសរីរាង្គនេះ ៣ ទៅ ៤ ឆ្នាំ ហើយ យើងបានឈានដល់កម្រិតមួយហៅថា កម្រិតពាណិជ្ជកម្ម អ៊ីចឹងតម្រូវឲ្យយើងធ្វើការវិនិយោគ និងពង្រីកពាណិជ្ជកម្មឲ្យស្របតាមស្តង់ដា ដូច្នេះយើងមិនមានអ្វីត្រូវព្រួយបារម្ភប៉ុន្មានទេ»។
យោងតាមលោក សុង សារ៉ន គិតត្រឹម ៦ ខែ ឆ្នាំ ២០១៩ ក្រុមហ៊ុនលោកនាំចេញអង្ករសរីរាង្គបានជាង ៤ ០០០ តោន ដែលរកចំណូលបានជិត ៤ លានដុល្លារ ហើយរំពឹងថានឹងសម្រេចបាន ១ ម៉ឺនតោន ត្រឹមចុងឆ្នាំ។
ការនាំចេញអង្ករកើនទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០១៩ ការនាំអង្ករចេញរបស់កម្ពុជាសម្រេចបានជាង ២៥០ ០០០ តោន កើនឡើង ៤,១៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាមានការកើនឡើងបន្តិចក្នុងរយៈពេល ៥ ខែនេះក្តី ក៏លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញសរុបពេញមួយឆ្នាំនេះនឹងធ្លាក់ចុះប្រហែល ៥ ភាគរយ ដោយសារបញ្ហាពន្ធនាំចូលរបស់សហភាពអឺរ៉ុប និងបញ្ហាតម្លៃអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «យើងដឹងហើយថា ការកំណត់ឲ្យបង់ពន្ធនាំចូលរបស់អឺរ៉ុប និងនាំឲ្យ [ការនាំចេញអង្ករ] ថយចុះ ហើយវាក៏អាស្រ័យលើតម្លៃអង្ករអន្តរជាតិផងដែរ»។
ទោះបីយ៉ាងនេះក្តីលោកអះអាងថា ទីផ្សារចិនអាចនឹងប៉ះប៉ូវដល់ការធ្លាក់ចុះនេះ។ លោកថ្លែងថា៖ «អ្វីដែលចិនផ្តល់ចំនួនកូតាបន្ថែម គឺវាបានប៉ះប៉ូវវិញ»។
បន្ទាប់ពី EU បានយកពន្ធនាំចូលអង្ករកម្ពុជាកាលពីដើមឆ្នាំ ២០១៩ តាមបណ្តឹងរបស់ប្រទេស អ៊ីតាលី និងអេស្ប៉ាញ ប្រទេស ចិន បានបង្កើនកូតាដល់កម្ពុជាដល់ ៤០០ ០០០ តោនក្នុងការនាំចេញទៅចិន។
ប្រទេស កម្ពុជា នាំចេញអង្ករសរុប បានចំនួន ៦២៦ ២២៥ តោន កាលពីឆ្នាំ ២០១៨ ដែលធ្លាក់ចុះប្រមាណ ១,៤ ភាគរយ បើប្រៀបធៀបទៅនឹង ឆ្នាំ ២០១៧ ដែលនាំចេញបានចំនួន ៦៣៥ ៦៧៩ តោន។ នេះបើយោងតាមទិន្នន័យបានពីក្រសួងកសិកម្ម៕LA