ភ្នំពេញ: តំណាងអ្នកផលិត និងក្រុមហ៊ុននាំចេញផលិតផលស្ករត្នោត GI ឲ្យដឹងថា ស្ករក្លែងក្លាយនឹងធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតផលស្ករត្នោត GI ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារនាំចេញ។
ការព្រួយបារម្ភធ្វើឡើង បន្ទាប់ពីអាជ្ញាធរបានបង្ក្រាប និងបិទទីតាំងផលិតស្ករត្នោតក្លែងមួយចំនួននៅស្រុកបាទី ខេត្តតាកែវ កាលពីថ្មីៗនេះ។
ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ (KSPSPA) លោក សំ សារឿន ឲ្យដឹងថា ការបង្ក្រាប និងបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយបណ្តោះអាសន្នមួយចំនួននេះនឹងជួយការពារដល់ផលិតផលស្ករត្នោត GI របស់កម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសូមគាំទ្រចំពោះអាជ្ញាធរធ្វើការបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ព្រោះវាធ្វើឲ្យខូចឈ្មោះស្ករត្នោតនៅកំពង់ស្ពឺយើង។ ប្រជាពលរដ្ឋមុននឹងទិញស្ករត្នោតត្រូវតែដឹងពីប្រភពដើមផលិត ដើម្បីចៀសវាងទិញស្ករក្លែងក្លាយ»។
លោកបន្តថា KSPSPA មានសមាជិក ១៦៨ នាក់ ដោយរំពឹងថានឹងផលិត ២៥០ តោនក្នុងឆ្នាំនេះ។ បច្ចុប្បន្នស្ករត្នោត GI លក់ចេញក្នុងតម្លៃ ៦ ០០០ រៀល ក្នុង ១ គីឡូក្រាម។ លោកបន្តថា៖ «ប្រជាសហគមផលិតស្ករត្នោត GI គ្រោងស្នើសុំដំឡើងថ្លៃស្ករ ១០០ រៀល [ពីក្រុមហ៊ុននាំចេញ] ក្នុង ១ គីឡូក្រាមនៅរដូវផលិតឆ្នាំនេះ»។
ស្ករត្នោតខេត្តកំពង់ស្ពឺត្រូវបានចុះបញ្ជីជាផលិតផលការពារដោយសហភាពអឺរ៉ុបកាលពីខែមេសា ឆ្នាំ ២០១៩។ នេះជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ទី ២ បន្ទាប់ពីម្រេចកំពតត្រូវបានចុះបញ្ជីការពារដោយ EU កាលពីខែកុម្ភៈ ឆ្នាំ ២០១៦។
លោក ហ៊ឹម ពិសិដ្ឋ អនុប្រធានគ្រប់គ្រងនៅក្រុមហ៊ុន Confirel Co.,Ltd ជាក្រុមហ៊ុននាំចេញស្ករត្នោត GI បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនលោកក៏មានការព្រួយបារម្ភចំពោះផលិតផលស្ករក្លែងក្លាយដែលនឹងធ្វើប៉ះពាល់ដល់ទីផ្សារនាំចេញរបស់ខ្លួនដែរ។ លោកថ្លែងថា៖ «ឥឡូវបញ្ហាប្រឈមនឹងស្ករក្លែងក្លាយដែលវានឹងធ្វើឲ្យប៉ះពាល់ទីផ្សារនាំចេញរបស់យើង»។
លោកបានបន្ថែមថា កាលពីប៉ុន្មានឆ្នាំមុនក្រុមហ៊ុនលោកបានចំណាយពេលវេលា ៣ ឆ្នាំ ដើម្បីពន្យល់អ្នកបញ្ជាទិញនៅអឺរ៉ុបជុំវិញការភាន់ច្រឡំថាស្ករត្នោតផលិតចេញពីដើមប្រេងដូង ក្រោយមកក្រុមហ៊ុនរបស់លោកបានសម្រេចហៅស្ករត្នោតជាភាសាអង់គ្លេសថា Thnot Sugar ជំនួសឲ្យពាក្យ Palm Sugar រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកបន្តថា៖ «ខ្ញុំព្រួយបារម្ភខ្លាំង ព្រោះក្រុមហ៊ុន [យើង] បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្តារកេរ្តិ៍ឈ្មោះផលិតផលស្ករត្នោតលក់នៅទីផ្សារអឺរ៉ុបដែលកាលនោះអ្នកបញ្ជាទិញយល់ច្រឡំថា ស្ករត្នោតផលិតចេញពីប្រេងដូង»។
ក្រុមហ៊ុន Confirel Co.,Ltd បានបញ្ជាទិញស្ករត្នោត GI ជាង ១០០ តោន ក្នុងរដូវប្រមូលផលកាលពីឆ្នាំ ២០១៨។ ក្រុមហ៊ុននេះបាននាំចេញស្ករត្នោតសម្រេចបានចំនួន ៨៣ តោន ក្នុងរយៈពេល ១១ ខែឆ្នាំនេះ ដែលបាននាំចេញទៅអឺរ៉ុប កូរ៉េ តៃវ៉ាន់ ជប៉ុន ចិន ជាដើម។ នេះបើតាមលោក ពិសិដ្ឋ។
លោកបញ្ជាក់ថា៖ «ការនាំចេញយើងមិនសម្រេចបានតាមផែនការរបស់ក្រុមហ៊ុននោះទេ បើតាមផែនការ ក្រុមហ៊ុនគ្រោងនឹងនាំចេញឲ្យបាន ១៥០ តោនក្នុង ១ ឆ្នាំ»។
បច្ចុប្បន្នមានក្រុមហ៊ុននាំចេញស្ករត្នោត ១០ ដែលនាំចេញផលិតផលនេះទៅ ២០ ប្រទេស ហើយទិសដៅសំខាន់ៗគឺទីផ្សារជប៉ុន កោះតៃវ៉ាន់ កូរ៉េខាងត្បូង និង EU។ នេះបើយោងតាមសមាគម។ ផលិតផលនេះក៏ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។ នេះបើតាមប្រធានសមាគម KSPSPA៕LA
វីដេអូ៖