ភ្នំពេញៈ បន្ទាប់ពីជំនួបប្រជុំពាណិជ្ជកម្មមួយដែលធ្វើឡើងនៅភ្នំពេញកាលពីដើមសប្តាហ៍មុន រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌាបានបង្ហាញពីគម្រោងវិនិយោគលើស្ថាប័នបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ និងមន្ទីរពេទ្យថ្មីមួយនៅកម្ពុជាជាផ្នែកមួយដែលឥណ្ឌាបញ្ជាក់ថា ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេស ៤ នៅតំបន់អាស៊ាន។
គម្រោងនេះត្រូវបានលើកឡើងបន្ទាប់ពីលោក Suresh Prabhu រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាបានចូលរួមកិច្ចប្រជុំពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម (India-CLMV) ដែលជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ ដែលធ្វើឡើងនៅភ្នំពេញកាលពីដើមសប្តាហ៍មុន។ នាកិច្ចប្រជុំនោះលោក Prabhu បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
ថ្លែងប្រាប់សារព័ត៌មានឥណ្ឌា Press Trust of India (PTI) ពីសប្ដាហ៍មុនលោក Suresh ឲ្យដឹងថាប្រទេសឥណ្ឌាបានសម្រេចចិត្តធ្វើគម្រោង ២ នៅក្នុងក្រុមប្រទេស CLMV ក្នុងនោះគម្រោងបង្កើតមហាវិទ្យាល័យវេជ្ជសាស្ដ្រ និងមន្ទីរពេទ្យនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។
លោកបានប្រាប់ PTI ថា៖ «ខាងភាគីរបស់យើង យើងបានសម្រេចចិត្តធ្វើគម្រោង ២ នៅក្នុងក្រុមប្រទេស CLMV។ នៅកម្ពុជាយើងនឹងបង្កើតមន្ទីរពេទ្យ និង មហាវិទ្យាល័យវេជ្ជសាស្ដ្រ»។ លោកបន្ថែមថា ឥណ្ឌា កំពុងរៀបចំផែនការបង្កើតមន្ទីរពេទ្យពហុឯកទេស និងវិទ្យាស្ថានអប់រំនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្នែកឱសថនៅក្នុងប្រទេសវៀតណាម។
មិនមានព័ត៌មានលម្អិតស្ដីពីអត្តសញ្ញាណរបស់វិនិយោគិន និងពេលវេលាជាក់លាក់ថាពេលណាគម្រោងនេះនឹងចាប់ផ្ដើមនៅកម្ពុជានោះទេ។ លោក Prabhu បានថ្លែងថា របាយការណ៍លម្អិតរបស់គម្រោងនេះកំពុងស្ថិតក្នុងដំណើរការក្នុងការបញ្ចប់។
ធនាគារឥណ្ឌា Export-Import Bank គ្រប់គ្រងដោយរដ្ឋបានដាក់អាទិភាពរួចហើយក្នុងការផ្ដល់មូលនិធិសម្រាប់ប្រតិបត្តិករថែទាំសុខភាពរបស់ប្រទេសឥណ្ឌា និងវិនិយោគិនខាងវិស័យអប់រំ ដើម្បីពង្រីកច្រកចូលមកប្រទេសកម្ពុជា ដោយកត់សម្គាល់ថាតម្រូវការសេវាឯកទេសមានគុណភាពនៅកម្ពុជាកំពុងកើនឡើង។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងឥណ្ឌាបានជួបគ្នានៅភ្នំពេញ ដើម្បីពិភាក្សាសក្ដានុពលនៃការបង្កើនពាណិជ្ជកម្ម និងការវិនិយោគ និងដាក់អាទិភាពវិស័យថែទាំសុខភាពជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មសំខាន់ៗមួយចំនួន។
ខណៈការចរចាជាក់លាក់លើគម្រោងនេះមិនទាន់ត្រូវបានចរចានៅឡើយទេ លោក ថៃ បានថ្លែងថាកម្ពុជានឹងស្វាគមន៍គម្រោងវិនិយោគ និងផ្ដល់ការជួយសម្រួល នៅពេលមានការស្នើសុំពីភាគីប្រទេសឥណ្ឌា។
លោកបានថ្លែងថា៖ «វិស័យថែទាំសុខភាពរបស់ប្រទេសឥណ្ឌាស្ថិតក្នុងកម្រិតខ្ពស់រួចហើយ ដូច្នេះវានឹងជាអត្ថប្រយោជន៍ដ៏សំខាន់ បើពួកគេចូលមកប្រទេសយើង និងវិនិយោគលើវិស័យនេះ»។ លោកបន្តថា៖ «យើងសង្ឃឹមថាគម្រោងនេះនឹងត្រូវសម្រេចបាន ហើយវានឹងជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសរបស់យើងខាងវិស័យថែទាំសុខភាព»។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ១២៦ លានដុល្លារកាលពីឆ្នាំ ២០១៧។ នេះបើយោងតាមលោក ស៊ាង ថៃ។ លោកថ្លែងថាផលិតផលឥណ្ឌាហូរចូលកាន់តែច្រើនមកកម្ពុជា ជាពិសេសការនាំចូលឱសថ និងឧបករណ៍វេជ្ជសាស្ដ្រ៕LA