ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ១២៧,៨ លានដុល្លារ ដើម្បីជួយពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា ខណៈវិស័យនេះកំពុងមានដំណើរការល្អក្នុងការពង្រីកការផលិតថាមពលអគ្គិសនីក្នុងតម្លៃទាប។
សេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា ប្រាក់កម្ចីនេះនឹងជួយគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនីនៅក្រុងភ្នំពេញ និងខេត្តចំនួន ៣ ដើម្បីទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព និងអាចទុកចិត្តបាន។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងនេះក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពលដើរដោយអាគុយខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដោយប្រើប្រាស់ថវិកាចំនួន ៦,៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤,៧ លានដុល្លារពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Climate Fund) នៃការពង្រីកការអនុវត្តកម្មវិធីថាមពលកកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និងថវិកា ២ លានដុល្លារពីមូលនិធិថាមពលស្អាត (Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility) ដែលមូលនិធិទាំង ២ នេះត្រូវគ្រប់គ្រងដោយ ADB។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានឲ្យដឹងថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្តនេះនឹងជួយឲ្យការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន ដែលអាចផ្តល់ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌។
លោកស្រីថ្លែងថា៖ «ប្រព័ន្ធផ្ទុកថាមពលដោយអាគុយនឹងបង្ហាញពីការអភិវឌ្ឍនៃការអនុវត្តបច្ចេកវិទ្យាច្នៃប្រឌិតថ្មីអាចត្រូវបានប្រើដើម្បីដំណើរការបណ្តាញអគ្គិសនីនៅកម្ពុជានៅពេលអនាគត និងការបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត»។
ADB បន្តថា គម្រោងនេះនឹងជួយដល់អគ្គិសនីកម្ពុជា (EDC)ដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តតាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការកសាងបណ្តាញបញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ចំនួន ៤ ព្រមទាំងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវ។
គម្រោងផ្ទុកថាមពលដោយអាគុយដែលមានទីតាំងនៅក្បែរឧទ្យានថាមពលពន្លឺព្រះអាទិត្យកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូលនូវការបណ្តុះបណ្តាលបច្ចេកទេសផងដែរ។
ADB បន្ថែមថា រដ្ឋាភិបាលក៏គ្រោងនឹងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យឲ្យដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ កើនពី ១៥៥ មេហ្គាវ៉ាត់កាលពីឆ្នាំ ២០១៩។
ប្រព័ន្ធផ្ទុកថាមពលដោយអាគុយដែលគាំទ្រដោយគម្រោងនេះមានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់ម៉ោង និងផ្តល់សេវាកម្មដើម្បីជួយដល់ការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញ ការធ្វើឲ្យប្រសើរឡើងនៃការកកស្ទះខ្សែបញ្ជូន (transmission congestion relief) និងតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ។
លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB បានអះអាងថា គម្រោងនៃការផ្តល់ហិរញ្ញប្បទាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តចាំបាច់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនឹងជំរុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា ភាពប្រកួតប្រជែង និងការធ្វើពិពិធកម្ម បង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញរបស់ប្រទេសពីវិបត្តិនៃជំងឺកូវីដ ១៩។
លោកស្រីថ្លែងថា៖ «គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ១ ៣០០ នៅក្នុងវិស័យសំណង់ជាមួយនឹងការផ្តល់ប្រាក់ចំណូលក្នុងគ្រួសារ។ គម្រោងនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជាក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រនៅកន្លែងធ្វើការ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល»។
ចាប់តាំងពីឆ្នាំ ១៩៩៤ មក ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជិត ២០០ លានដុល្លារ ដល់វិស័យថាមពលរបស់ប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦ លានដុល្លារ៕ LA