
ទិដ្ឋភាពអតិថិជននៅខាងមុខផ្សារទំនើប 7-Eleven នៅក្នុងប្រទេសថៃ។ រូបថត The Nation
ភ្នំពេញៈ ក្រុមហ៊ុន CP ALL Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយ 7-Eleven ចុះបញ្ជីនៅប្រទេសថៃ បានបង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនក្នុងការពង្រីកផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ តាមការគ្រោងទុក។ នេះបើតាមសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។
សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ក្រុមហ៊ុន CP ALL នឹងនៅតែបន្តការប្តេជ្ញាបើកដំណើរការផ្សារទំនើប 7-Eleven នៅប្រទេសកម្ពុជាតាមផែនការគ្រោងទុកនៅឆ្នាំក្រោយ។
សេចក្ដីថ្លែងការណ៍នេះបន្តថា៖ «បើយោងតាមព័ត៌មានអំពីការពង្រីកហាង 7-Eleven នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ ក្រុមហ៊ុន CP ALL Company Limited ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការបង្កើត និងប្រតិបត្តិការផ្សារទំនើប 7-Eleven នៅប្រទេសទាំង ២ បានបញ្ជាក់ថា ទោះបីជាស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ មានផលប៉ះពាល់ខ្លះក៏ពិតមែន ក៏ក្រុមហ៊ុននៅតែបន្តរៀបចំ និងតៀមបើកសាខាទៅតាមផែនការ»។
កាសែត The Nation របស់ថៃបានរាយការណ៍កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ថា ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd និងក្រុមហ៊ុន CP ALL (Laos) Co., Ltd ត្រូវបានផ្ដល់សិទ្ធិផ្តាច់មុខសម្រាប់ការបង្កើត និងប្រតិបត្តិការ 7-Eleven ក្នុងរយៈពេល ៣០ ឆ្នាំ។
ផ្សារទំនើប 7-Eleven ដំបូងគេនៅទីក្រុងភ្នំពេញគ្រោងបើកដំណើរការក្នុងឆ្នាំ ២០២១។ នេះបើយោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២០។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា ក្រុមហ៊ុន CP ALL នៅតែរក្សាការប្តេជ្ញាចិត្តក្នុងការបើកដំណើរផ្សារទំនើប 7-Eleven នៅប្រទេសកម្ពុជាតាមផែនការដដែល។
លោក សោភ័ណ ថ្លែងថា៖ «បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល គម្រោងដំណើរការផ្សារទំនើបនឹងដំណើរការទៅតាមផែនការដែលគ្រោងទុករបស់ក្រុមហ៊ុន CP ALL»។
លោកបន្ថែមថា នៅពេលផ្សារទំនើបនេះបើកដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើនបំផុត ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងសហគមន៍។
លោកបានឱ្យដឹងថា៖ «គាត់ក៏បានសន្យាជាមួយយើងថានឹងប្រើប្រាស់ផលិតផលកម្ពុជាឱ្យបានច្រើននៅក្នុងផ្សារទំនើប 7-Eleven ដែលនឹងបើកនៅកម្ពុជា ហើយផលិតផលកម្ពុជាមួយចំនួនទៀតក៏អាចដាក់តាំងលក់នៅក្នុងផ្សារ 7-Eleven នៅក្នុងប្រទេសថៃ ផងដែរ»។
នៅក្នុងប្រទេសថៃ ក្រុមហ៊ុននេះកំពុងបង្កើតផែនការបើកហាង ៧០០ កន្លែងបន្ថែមទៀតក្នុងឆ្នាំ ២០២០ ក្នុងនោះហាងចំនួន ៥១៣ បានបើកដំណើរការនៅក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ។
បច្ចុប្បន្នប្រតិបត្តិការរបស់ 7-Eleven មានចំនួន ១២ ២២៥ ទីតាំងនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន CP ALL បានឱ្យដឹងថា ខ្លួននឹងវិនិយោគចន្លោះពី ១១,៥ ទៅ ១២ លានបាត (ប្រហែល ៣៨០-៣៩៦ លានដុល្លារ) ដើម្បីដំណើរការហាងថ្មី ការចាប់ផ្តើមគម្រោងថ្មី និងជួសជុលហាងដែលមានស្រាប់ក្នុងឆ្នាំ ២០២០។ នេះបើតាម The Nation៕LA