ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា (GDT) កាលពីម្សិលមិញ បានរៀបចំវេទិកាពន្ធកម្ពុជា និងចិនលើកដំបូងនៅភ្នំពេញដែលមានគោលបំណងគាំទ្រដល់ការយល់ដឹងអំពីប្រព័ន្ធពន្ធកម្ពុជាក្នុងចំណោម ក្រុមហ៊ុនរបស់ប្រទេស ចិន ដែលកំពុងកើនឡើងនៅក្នុងប្រទេស កម្ពុជា។
ថ្លែងនៅក្នុងវេទិកានេះកាលពីម្សិលមិញ លោក គង់ វិបុល អគ្គនាយក GDT បានឲ្យដឹងថា មានកំណើនចំនួនវិនិយោគរបស់ប្រទេស ចិន នៅកម្ពុជា ហើយវាមានសារៈសំខាន់សម្រាប់ក្រុមវិនិយោគិនក្នុងការដឹងពីប្រព័ន្ធពន្ធនៅកម្ពុជាឲ្យបានកាន់តែប្រសើរ។
លោកបន្ថែមថា មានវិស័យជាច្រើន ដែលជាកម្មវត្ថុក្នុងការទទួលបានការលើកទឹកចិត្តពន្ធ ពីរដ្ឋាភិបាលផ្អែកលើច្បាប់វិនិយោគ និងប្រកាសថ្មីៗរបស់រដ្ឋាភិបាល។ លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថាអ្នកវិនិយោគមកពីចិន ក៏មាននៅក្នុងវិស័យដែលត្រូវបានទទួលការលើកទឹកចិត្ត។ ដូច្នេះថ្ងៃនេះ វេទិកានេះមិនមែនផ្សព្វផ្សាយតែការយកពន្ធទេ គឺផ្សព្វផ្សាយអំពីការលើកទឹកចិត្តផងដែរ»។
បុគ្គលិកគណនេយ្យ និងហិរញ្ញវត្ថុជាង ៥០០ នាក់ បានចូលរួមក្នុងវេទិកានេះកាលពីម្សិលមិញ ហើយពួកគេភាគច្រើនមកពីសហគ្រាសរបស់ប្រទេស ចិន ដែលប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា។
លោក គង់ វិបុល ឲ្យដឹងថា ប្រព័ន្ធពន្ធរបស់កម្ពុជាបានចាប់ផ្ដើមកែទម្រង់ដ៏សំខាន់ ចាប់តាំងពីឆ្នាំ ២០១៤ ដែលធ្វើឲ្យមានការកើនឡើងខ្លាំងនៃការប្រមូលប្រាក់ចំណូលពន្ធប្រចាំឆ្នាំ។ ខណៈវាឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការកែទម្រង់របស់រដ្ឋាភិបាល លោក ឲ្យដឹងថា វិនិយោគិនទាំងអស់ដូចជាក្រុមហ៊ុនរបស់ប្រទេស ចិន គួរតែទទួលការយល់ដឹងអំពីកំណែទម្រង់នេះ។
លោក វិបុល បន្ថែមថា GDT គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបម្រើអតិថិជនជនជាតិចិនដែលបម្រើជាខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីឆ្លើយតបសំណួរជាប់ទាក់ទងនឹងបញ្ហាពន្ធជាភាសាចិន។
ប្រទេស ចិន និងកម្ពុជា បានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៦ ដើម្បីគេចផុតពីការយកពន្ធត្រួតគ្នា និងការពារការគេចពន្ធលើប្រាក់ចំណូល។
លោក Li An អ្នកប្រឹក្សាយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅស្ថានទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនចិន តែងតែព្យាយាមគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេស កម្ពុជា ជាពិសេសលើកាតព្វកិច្ចពន្ធ។ ខណៈវិនិយោគិនដែលមានស្រាប់ អាចយល់ដឹងកាន់តែប្រសើរលើប្រព័ន្ធពន្ធ និងការលើកទឹកចិត្តរបស់កម្ពុជា លោក Li An បានឲ្យដឹងថា អ្នកចូលមកថ្មីៗ ចង់ដឹងប្រព័ន្ធនេះ ហើយវាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការយល់ដឹងឲ្យបានល្អអំពីប្រព័ន្ធពន្ធរបស់កម្ពុជា ជាពិសេសការកែទម្រង់នៅក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ។
លោកថ្លែងថា៖ «បើពួកគេមិនអាចយល់ដឹងឲ្យបានល្អប្រសើរទេ ពួកគេនឹងប្រឈមការបង្កើនការចំណាយ ដោយសារតែពួកគេមិនអាចប្រើប្រាស់ការលើកទឹកចិត្តពន្ធបានទេ»។ លោកបន្តថា៖ «មានលទ្ធភាពខ្លះពួកគេអាចមានសកម្មភាពមួយចំនួន ដែលមិនស្របជាមួយនឹងច្បាប់កម្ពុជាស្ដីពីពន្ធ ទោះបីជាពួកគេមិនមានបំណងធ្វើក៏ដោយ»៕LA