ភ្នំពេញៈ ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិធំជាងគេរបស់រុស្ស៊ី Novatek បានបង្ហាញ ចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជាលើឧស្ម័ន Liquified Natural Gas(LNG) ពិសេសលើការផ្គត់ផ្គង់ ការកសាងស្ថានីយទទួល ផ្ទុក និងបំប្លែងឧស្ម័ន LNG។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបច្ចេកទេស ព្រមទាំងទីផ្សារកម្ពុជា ដើម្បីធ្វើឲ្យគម្រោងនេះអាចលេចជារូបរាងពិតប្រាកដ។
កាលពីថ្ងៃម្សិលមិញ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានប្រាប់ថា Novatek មានបំណងសិក្សាទីផ្សារឧស្ម័ន LNG នៅកម្ពុជា។ បើមានទីផ្សារល្អក្រុមហ៊ុននឹងចូលមកវិនិយោគដោយផ្ទាល់។
លោកថ្លែងថា៖ «នេះគ្រាន់តែជាជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុនតែប៉ុណ្ណោះ»៕