ភ្នំពេញៈ អាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SME) ថ្មីជាង ១០០ ត្រូវបានចុះបញ្ជី ក្នុងអំឡុង ៣ ត្រីមាសនៅឆ្នាំនេះ ហើយមន្ដ្រីរំពឹងថា ចំនួននេះនឹងបន្តកើនឡើង ដោយសារតែគោលនយោបាយលើកទឹកចិត្តពន្ធរបស់រដ្ឋាភិបាលសម្រាប់ SME។ នេះបើតាមរបាយការណ៍ចេញដោយក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។
SME ថ្មីចំនួន ១០៥ ត្រូវបានចុះបញ្ជីនៅរយៈពេល ៩ ខែដំបូង ដែលធ្វើឲ្យចំនួន SME សរុបកើនដល់ ១៥៥-៧៤៥ និងបង្កើតការងារជាង ១ លាននាក់។ នេះបើតាមរបាយការណ៍។
លោក ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋាន SME នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ការកើនឡើងចំនួននៃការចុះបញ្ជីរបស់ SME គឺដោយសារតែពិពិធកម្មគោលនយោបាយនៃកាធ្វើវិមជ្ឈការចុះបញ្ជីរបស់រដ្ឋាភិបាលសម្រាប់ SME។
លោកថ្លែងថា៖ «យើងរំពឹងថា ចំនួននឹងបន្តកើនឡើងទៀតនៅឆ្នាំក្រោយ ដោយសារតែយើងមានការលើកលែងពន្ធ ព្រមទាំងគោលនយោបាយចុះបញ្ជីដោយវិមជ្ឈការ»។ លោកបន្ថែមថា ការចុះបញ្ជីរបស់ SME នឹងផ្ដល់ប្រាក់ចំណេញដល់ម្ចាស់សហគ្រាស ដោយទទួលបានការលើកលែងពន្ធ ការបណ្ដុះបណ្ដាលបច្ចេកទេស ព្រមទាំងការទទួលបានហិរញ្ញប្បទានផងដែរ។
ទោះបីជាយ៉ាងនេះក្តី របាយការណ៍នេះបង្ហាញថា ប្រហែល ២០ ភាគរយគឺជាអាជីវកម្ម SME ក្រៅប្រព័ន្ធ ឬមិនចុះបញ្ជី។
លោកថ្លែងថា៖ «ទោះបីជាចំនួននេះកើនឡើងក៏ដោយ ប៉ុន្តែវានៅតែមិនឆ្លុះបញ្ចាំងពីចំនួនពិតប្រាកដរបស់ SME ទាំងមូលនៅឡើយនោះទេ យ៉ាងហោចណាស់ជាង ២០ ភាគរយទៀតនៅតែមិនត្រូវបានចុះបញ្ជី»។
អនុក្រឹត្យស្ដីពីការលើកលែងពន្ធសម្រាប់ SME នៅក្នុងវិស័យអាទិភាព ត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ២ ខែតុលា ដោយបានកំណត់វិស័យអាទិភាព ៦ ក្នុងនោះរួមមានកសិឧស្សាហកម្ម និងការផលិត និងការកែច្នៃអាហារ ដែលនឹងទទួលការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ចាប់ពីកាលបរិច្ឆេទចុះបញ្ជីពន្ធ សម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬចាប់ពីកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាពការចុះបញ្ជីពន្ធសម្រាប់សហគ្រាសដែលចុះបញ្ជីរួចហើយ។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាថ្លែងថា ការលើកលែងពន្ធសម្រាប់ SME មានសារៈសំខាន់ ដែលនឹងជំរុញឲ្យ SME ទាំងអស់ទៅចុះបញ្ជី។ ទោះបីយ៉ាងនេះក្តី លោក តាំងប៉ ជំរុញឲ្យរដ្ឋាភិបាលគួរតែពិចារណាផ្ដល់ការលើកទឹកចិត្តពន្ធដល់ SME ផ្សេងទៀត ដើម្បីគាំទ្រផលិតផលកសិកម្ម ដោយសារតែកម្ពុជាមានវត្ថុធាតុដើមច្រើន។
លោកបានថ្លែងថា៖ «នៅតែមាន SME ច្រើនដែលមិនទាន់បានចុះបញ្ជី ដោយសារតែបញ្ហាប្រឈមជាច្រើន នៅតែមានសម្រាប់ពួកគេក្នុងការទទួលបានប្រាក់ចំណេញ»។
លោកបន្ថែមថា បើរដ្ឋាភិបាលផ្ដល់ការលើកទឹកចិត្តកាន់តែច្រើនដល់ SME វានឹងល្អបំផុតសម្រាប់វិស័យនេះ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា SME ជាច្រើន នឹងចុះបញ្ជី ហើយនេះនឹងផ្ដល់អត្ថប្រយោជន៍ដ៏ធំដល់រដ្ឋាភិបាលនៅពេលអនាគត»។
លោកបន្តថា៖ «SME ដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចបើយើងមានគោលនយោបាយអភិវឌ្ឍន៍ SME ត្រឹមត្រូវ យើងនឹងទទួលបានប្រាក់ចំណេញរួមគ្នាមិនខាន»៕LA