វាត្រឹមត្រូវដែលនិយាយថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលអាចចុះជាប្រវត្តិសាស្ត្រដោយសាតែវិបត្តិដែលមិនធ្លាប់កើតមាន។ ជំងឺរាតត្បាតកូវីដ ១៩ បានប៉ះពាល់ស្ទើរតែគ្រប់វិស័យនៃសង្គម និងអាជីវកម្មទាំងមូល គិតចាប់តាំងពីវាផ្ទុះឡើង ដែលបានរំខានដល់ជីវិតរស់នៅ និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងប្រទេសទាំងអស់លើពិភពលោក។
ខណៈឆ្នាំ ២០២១ ជិតចូលមកដល់ កាសែត ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសលោក James Roberts ដែលជាដៃគូជាន់ខ្ពស់នៃក្រុមហ៊ុន KPMG Cambodia ដើម្បីចែករំលែកទស្សនៈរបស់លោក ស្តីពីសេដ្ឋកិច្ចកម្ពុជា និងពិភពលោកនៅឆ្នាំក្រោយ ដែលបង្ហាញពីការវិលត្រឡប់នៃកំណើនមកវិញ។
«សេដ្ឋកិច្ចកម្ពុជាដំណើរការបានយ៉ាងល្អធៀបជាមួយប្រទេសអភិវឌ្ឍន៍ធំៗ នៅអាមេរិកខាងជើង និងអឺរ៉ុប និងបើធៀបជាមួយសេដ្ឋកិច្ចអាស៊ានធំៗ ដូចជាសិង្ហបុរីជាដើម។ ភាគច្រើននៃសេដ្ឋកិច្ចទាំងនេះបានឆ្លងកាត់ការធ្លាក់ចុះពីរខ្ទង់គួរឱ្យកត់សំគាល់ បើធៀបនឹងការធ្លាក់ចុះ ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា»។
«ខណៈនេះជាការប្រៀបធៀបដែលមិនទាន់សុក្រឹត្រ ដោយសារតែទំហំ និងភាពស្មុគស្មាញនៃសេដ្ឋកិច្ចធំៗ ប៉ុន្តែវាបានបង្ហាញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចទាំងនោះចំពោះវិបត្តិសេដ្ឋកិច្ច និងភាពខ្លាំងនៃទីផ្សារជួរមុខ ដែលមានលក្ខណៈសាមញ្ញជាង ដោយកម្រិតបំណុលទាបសម្រាប់មនុស្សម្នាក់ និងកំណើន សេដ្ឋកិច្ចកាន់តែរឹងមាំ គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក»។
«ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច នឹងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងរវាងឧស្សាហកម្មពីព្រោះខ្ញុំជឿជាក់ថា ការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍នឹងយឺត ដោយសារការខាតបង់ដែលកើតឡើងក្នុងកំឡុង ពេលមានវិបត្តិនេះ ហើយជាលទ្ធផល តម្លៃនៃការធ្វើដំណើរនឹងឡើងខ្ពស់នៅក្នុងរយៈពេលវែង។ ដោយហេតុនេះវាបង្កើតឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ឧស្សាហកម្មធ្វើដំណើរឆ្ងាយក្នុងរយៈពេលខ្លី និងមធ្យម»។
លោកថ្លែងថា៖ «វិស័យផ្សេងទៀតដូចជាឧស្សាហកម្មផ្តោតលើអ្នកប្រើប្រាស់ទំនងជាស្ទុះងើបឡើងវិញលឿនជាងសេដ្ឋកិច្ចធំៗ នៅអឺរ៉ុប និងអាមេរិកខាងជើង និងប្រជាជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែកំណើនតម្រូវការទំនិញប្រើប្រាស់ និងសេវាកម្មដែលជំរុញដោយដំណាក់កាលនៃការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ និងប្រជាជនរបស់ពួកគេដែលជំរុញកំណើនតម្រូវការរបស់អ្នកប្រើប្រាស់»។
ទោះបីវាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មដែលបង្កើតប្រាក់ចំណូលនៅក្នុងប្រទេសកម្ពុជា ដូចជាផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ក៏ដោយ ប៉ុន្តែលោក Roberts ជឿជាក់ថា អាជីវកម្មដែលគ្រប់គ្រងបានយ៉ាងល្អនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសកម្ពុជា កំពុងស្ទុះងើបឡើងវិញ តាមរយៈការធ្វើពិពិធកម្មផលិតផល ដោយទាញយកផលចំណេញពីតម្រូវការកើនឡើងសម្រាប់ការផលិតឧបករណ៍ការពារផ្ទាល់ខ្លួន នៅពេលដែលចូលទៅកាន់ទីផ្សារថ្មី។
លើសពីនេះទៀត លោករំពឹងថា ការផ្លាស់ប្តូរនឹងលេចចេញជារូបរាងនៅក្នុងឧស្សាហកម្មកាត់ដេរ ពីព្រោះវាប្រឈមនឹងបញ្ហានៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយនឹងការលក់រាយតាមបែបប្រពៃណីទៅនឹងគំរូអាជីវកម្ម និងបណ្តាញចែកចាយដែលមានប្រសិទ្ធភាពជាងមុន។
នៅពេលសួរថា តើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធរបស់ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចស្រេច ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាចំពោះសេដ្ឋកិច្ចជាតិនៅពេលដែលជំងឺកូវីដ ១៩ នឹងបន្តដល់ឆ្នាំ ២០២១ ហើយឬនៅ លោកឆ្លើយថាប្រទេសកម្ពុជា ទទួលកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពជាមធ្យម ៧ ភាគរយ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
កំណើនដ៏ខ្ពស់នេះបានជួយសម្រួលដល់ការអភិវឌ្ឍឧស្សាហកម្មថ្មីៗ និងជោគជ័យជាច្រើន។ «ទោះជាយ៉ាងណាវាបង្កើតបានបរិយាកាសមួយដែលរដ្ឋាភិបាលមានបទពិសោធមានកំណត់នៅក្នុងការគ្រប់គ្រងវិបត្តិសេដ្ឋកិច្ច ហើយកត្តានេះបង្កើតជាហានិភ័យខ្លះៗចំពោះសេដ្ឋកិច្ចនៅពេលមានវិបត្តិហិរញ្ញវត្ថុ»។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានភាពរឹងមាំ ដោយសារកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពដែលបណ្តាលមកពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការវិនិយោគផ្ទាល់ពីបរទេស។
លោកបន្ថែមថា៖ «ត្រូវព្យាយាមដោយយកចិត្តទុកដាក់ និងស្វែងយល់ពីទីផ្សារសម្រាប់រាល់ការវិនិយោគ។ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យផ្សេងៗ ប៉ុន្តែជំនឿដ៏មុតមាំរបស់ខ្ញុំ គឺថាវិស័យកសិកម្មបង្ហាញពីទ្រឹស្តីនៃការវិនិយោគជារួមដ៏ល្អបំផុតនៃវិស័យណាមួយនាពេលបច្ចុប្បន្ន។ ដែលវិស័យនេះ ត្រូវបានជំរុញដោយប្រជាជនរបស់ប្រទេស គ្រឹះសេដ្ឋកិច្ច តុល្យភាពពាណិជ្ជកម្ម និងគោលនយោបាយរូបិយវត្ថុ»៕