ប្រធាន​ក្រុមប្រឹក្សា​យោបល់​មួយ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ទី ៣១ មីនា ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន Sinopharm និង Sinovac បាន​ផ្ដល់​ទិន្នន័យ​វ៉ាក់សាំង​កូវីដ ១៩ របស់​ពួក​គេ​ទៅ​កាន់ WHO ដែល​បង្ហាញ​ថា វ៉ាក់សាំង​ទាំង ២ នេះ ​បាន​បំពេញ​តម្រូវការ​កម្រិត​ប្រសិទ្ធភាព។

លោក Alejandro Cravioto ប្រធាន​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យុទ្ធសាស្ត្រ (SAGE) របស់ ​WHO បាន​និយាយ​ថា៖ «ទិន្នន័យ​ដែល​ក្រុមហ៊ុន​បាន​ចែករំលែក​ជា​សាធារណៈ​នៅ​ក្នុង​កិច្ចប្រជុំ SAGE កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​វ៉ាក់សាំង​ទាំង​នេះ មាន​កម្រិត​ប្រសិទ្ធភាព​ដែល​អាច​បំពេញ​នឹង​តម្រូវ​ការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ចែង»។

លោក​បាន​បន្ត​ទៀត​ថា៖ «នោះ​មាន​ន័យថា ប្រសិទ្ធភាព​ប្រហែល ៥០% បើ​សិន​អាច​ធ្វើ​រួច ជិត​ឬ​លើស ៧០% ហើយ​ពួក​គេ​មាន​ទិន្នន័យ​សុវត្ថិភាព​ទាំង​អស់ ​ដើម្បី​បង្ហាញ​ថា វ៉ាក់សាំង​នេះ​នឹង​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​មនុស្ស​ទេ​នៅ​ពេល​ប្រើ»៕