ចាប់តាំងពីដើមសប្តាហ៍ទី ២ នៃខែមីនា ឆ្នាំ ២០២០ កន្លងមក បន្ទាប់ពីការរកឃើញករណីការឆ្លងជំងឺកូវីដ ១៩ លើបុរសជនជាតិខ្មែរពីបុរសជនជាតិជប៉ុន នៅខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការជាច្រើន ដូចជាចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំទៅកាន់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បុគ្គលិកសិក្សាគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស ក៏ដូចជា សាធារណជន ក្នុងការចូលរួមគ្រប់គ្រង បង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងដំណាក់កាលនេះ ក្រសួងអប់រំ យុវជន និងកីឡាបានអនុវត្តវិធានការចាំបាច់ ៤ ចំណុចរួមមាន៖
១. វិធានការសុខភាព ដោយអនុលោមទៅតាមសេចក្តីណែនាំ និងវិធានការបច្ចេកទេសចាំបាច់របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលក្នុងការលើកកម្ពស់ ការថែទាំអនាម័យ ការរក្សាសុខភាព និងការគ្រប់គ្រងការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សា។ វិធានការនេះរួមមាន ការជំរុញឱ្យមានហេដ្ឋារចនាសម្ព័ន្ធអនាម័យ បង្គន់អនាម័យ ទឹកស្អាត ការលាងសម្អាតដៃ និងការត្រួតពិនិត្យសុខភាពជាប្រចាំ។
២. ការរៀបចំរដ្ឋបាលឌីជីថលដោយបានដាក់ចេញនូវការកែលម្អវិធានការរដ្ឋបាល ការគ្រប់គ្រង ការត្រួតពិនិត្យ និងការចែកចាយលិខិតរដ្ឋបាល ព្រមទាំងការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធឌីជីថល។
៣. ការលើកកម្ពស់វិធានការគម្លាតសុវត្ថិភាព ដោយបានដាក់ឱ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅរដ្ឋ និងឯកជន និងការឈប់សម្រាកសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ និងការអនុញ្ញាតឱ្យមន្ត្រីអប់រំអាចធ្វើការងារពីផ្ទះ។
៤. ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនពីចម្ងាយ ដោយបានដាក់ចេញវិធានការជា ៣ ដំណាក់កាល រួមមាន៖
-ដំណាក់កាលបន្ទាន់៖ ការបង្កើតគណៈកម្មការពិសេសមួយ សម្រាប់ផលិតវីដេអូបង្រៀនសម្រាប់មុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង ព្រមទាំងបង្ហោះ និងផ្សព្វផ្សាយលើវេទិកាឌីជីថលដែលមានស្រាប់។
-ដំណាក់កាលមធ្យម៖ ការកែលម្អវេទិកាឌីជីថលដែលមានស្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានកាន់តែប្រសើរ និងការផលិតវីដេអូបង្រៀនដែលចាំបាច់បន្ថែមទៀត។
-ដំណាក់កាលវែង៖ ការរៀបចំកែលម្អ និងអភិវឌ្ឍវេទិកាឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានលក្ខណៈសមរម្យ និងគ្រប់ជ្រុងជ្រោយ។
ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សទាំងអស់នៅថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅក្នុងអំឡុងវិស្សមកាលមុនកាលកំណត់ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវិធានការមួយចំនួនជាបន្តបន្ទាប់ ដូចជាការបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក» ដែលទទួលបានការគាំទ្រ និងការចូលប្រើប្រាស់ពីសំណាក់សិស្សានុសិស្សជាច្រើន។
លើសពីនេះថែមទៀត អាស្រ័យដោយមានការសហការ និងការចូលរួមពីសំណាក់វិស័យឯកជន និងអ្នកជំនាញបច្ចេកវិទ្យាមួយចំនួន សិស្សានុសិស្សក៏អាចទទួលបានឱកាសពីការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនេះកាន់តែសម្បូរបែប។
មកទល់សប្តាហ៍ទី ១ នៃខែមេសា ឆ្នាំ ២០២០ នេះការអនុវត្តសកម្មភាពនៅដំណាក់កាលបន្ទាន់បានប្រព្រឹត្តទៅដោយជោគជ័យ។ សកម្មភាពសំខាន់ៗនៅក្នុងដំណាក់កាលបន្ទាន់រួមមាន៖
I. ដំណាក់កាលទី ១៖ ផ្តោតលើសិស្សថ្នាក់ទី ៩ និងទី ១២
-ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផលិតខ្សែវីដេអូលើមុខវិជ្ជាគោលចំនួន ៦ រួមមាន ភាសាខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដោយមានសាស្ត្រាចារ្យអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងវិទ្យាល័យព្រះស៊ីសុវត្ថិ។
-បង្កើតវេទិកាឌីជីថលចំនួន ៣ ដូចខាងក្រោម ដើម្បីរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក៖
១. បណ្តាញ YouTube ផ្លូវការរបស់ក្រសួង៖ www.youtube.com/moeys ដែលមានវីដេអូបង្រៀនទាំងអស់សម្រាប់សិស្សានុសិស្សអាចសិក្សាបានទៅតាមពេលវេលាជាក់ស្តែងរបស់ខ្លួន។
២. ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង៖ www.facebook.com/moeys.gov.kh ដែលធ្វើការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នៅពេលព្រឹកសម្រាប់ថ្នាក់ទី ៩ និងពេលរសៀលសម្រាប់ថ្នាក់ទី ១២។
៣. មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង៖ www.elearning.moeys.gov.kh ដោយសិស្សានុសិស្សអាចចូលទៅសិក្សាបានតាមរយៈការជ្រើសរើសវគ្គសិក្សា ឬមេរៀនដែលត្រូវសិក្សាដោយឥតគិតថ្លៃ និងមិនចាំបាច់ចុះឈ្មោះ។
៤. ក្នុងរយៈពេល ៣ សប្តាហ៍ អ្នកទស្សនានៅលើវេទិកាឌីជីថលទាំង ៣ រួមមាន ទំព័រ Facebook ៥២០ ០០០ នាក់ បណ្តាញ YouTube ២៦៣ ០០០ នាទី និងវេបសាយ ១ ០០០ ដង។
II. ដំណាក់កាលទី ២៖ ការថតមេរៀនសម្រាប់សិស្សគ្រប់កម្រិត
១. មត្តេយ្យសិក្សា៖ ក្រសួងអប់រំ យុវជន និងកីឡាក៏បានផលិតខ្សែវីដេអូបង្រៀនសម្រាប់កុមារតូចនៅថ្នាក់មត្តេយ្យសិក្សា។ មុខវិជ្ជាចំនួន ៥ ដែលក្រសួងអប់រំ យុវជន និងកីឡាបានផលិតជាខ្សែវីដេអូជាពិសេសសម្រាប់កុមារតូចនៅថ្នាក់មត្តេយ្យសិក្សា រួមមាន៖ ១. ចិត្តចលភាព ២. វិទ្យាសាស្ត្រ ៣. សិក្សាសង្គម ៤. បុរេគណិត និង ៥. ភាសាខ្មែរ។ ចំណែកវីដេអូបង្រៀនសម្រាប់ថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ត្រូវបានផលិតក្រោមការគាំទ្រពីកម្មវិធី «ខ្ញុំរៀន ខ្ញុំចេះ»។
២. បឋមសិក្សា៖ ក្រសួងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី «កុមាររៀន កុមារចេះ» ដែលរួមមានកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដូចជាសៀវភៅ ណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀន សម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី ១ និងទី ២ ដែលនឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលភាសាខ្មែរ អានសរសេរដែលមានស្រាប់។ ក្រសួងកំពុងផលិតខ្សែវីដេអូបង្រៀន សម្រាប់ថ្នាក់ទី ៤ ដល់ថ្នាក់ទី ៦។
៣. មធ្យមសិក្សា៖ ក្រសួងបានផលិតខ្សែវីដេអូបង្រៀន សម្រាប់ថ្នាក់ទី ៧ ដល់១២ និងបានជំរុញឱ្យសាលារៀនផ្តល់លទ្ធភាពឱ្យសិស្សបានខ្ចីសៀវភៅសិក្សាគោល ដើម្បីស្វ័យសិក្សាបន្ថែមរៀងៗខ្លួន។
៤. ការអប់រំក្រៅប្រព័ន្ធ៖ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអ៊ិនធឺណិត (BEEP) ដែលជាការផ្តួចផ្តើមរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ ដើម្បីពង្រីកសេវាអប់រំមូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយនូវបញ្ហាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ កម្មវិធីនេះនឹងជួយឱ្យយុវជនកម្ពុជាបញ្ចប់ការអប់រំមូលដ្ឋានតាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធ ២ បញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។
III. ដំណាក់កាលទី ៣៖ ការជួយដល់សិស្សនៅទីជនបទ
ក្នុងស្មារតីធានាសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទអាចទទួលបានការអប់រំប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
តាមស្មារតីនៃអនុស្សរណៈនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់មេរៀនគ្រប់មុខវិជ្ជា និងគ្រប់ថ្នាក់ឱ្យទៅក្រសួងព័ត៌មានសម្រាប់ផ្សាយកម្មវិធីតាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប «តេជោធីវី» ដែលជាប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី «ទទក២»។
IV. កិច្ចសហការជាមួយដៃគូ និងផ្នែកឯកជន
ក្រសួងបានសហការជាមួយដៃគូឯកជន ដូចខាងក្រោម ដើម្បីធ្វើឱ្យកម្មវិធីអប់រំអេឡិចត្រូនិកកាន់តែមានភាពសម្បូរបែប៖
-ក្រុមហ៊ុន AZE Innovation Tech Co, LTD បានព្រមព្រៀងផ្តល់សេវាប្រព័ន្ធសិក្សា E-School Cambodia ដោយឥតគិតថ្លៃសម្រាប់រយៈពេលពេញ ១ ឆ្នាំ ជូនដល់សិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
-ក្រុមអ្នកបច្ចេកវិទ្យាបានផលិតឯកសារមេរៀនជាវីដេអូ ល្បែងកម្សាន្ត និងល្បងប្រាជ្ញា សម្រាប់ថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ www.sangapac.com។
-ក្រុមហ៊ុន Postcar បង្កើត App សម្រាប់ទូរស័ព្ទដៃ និងក្រុមហ៊ុន Wiki School បង្កើតវេទិកាឌីជីថល សម្រាប់ការចូលមើលវីដេអូបង្រៀន ដែលផលិតដោយក្រសួងអប់រំ យុវជន និងកីឡា។
-ក្រៅពីនេះ ក្រុមហ៊ុន និងអ្នកជំនាញបច្ចេកទេសមួយចំនួនទៀតបានស្នើសុំកិច្ចសហការដោយផ្ទាល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមាន Khmer Academy, Edemy, PhumSchool, Test App, ICT Angkor, ReanTamChet, TesDopi, IKnowIKnow។
V. កិច្ចសហការជាមួយធនាគារពិភពលោក និងមូលនិធិសកលសម្រាប់ការអប់រំ GPE
ដើម្បីបង្កើតប្រព័ន្ធអប់រំអេឡិចត្រូនិករយៈពេលមធ្យម និងវែងក្រសួងកំពុងរកហិរញ្ញប្បទានបន្ថែម៖
-ធនាគារពិភពលោកប្រចាំកម្ពុជាកំពុងសិក្សា ដើម្បីបង្វែរកម្ចីចំនួន ១០ លានដុល្លា ពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដើម្បីគាំទ្រដល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំឯកសារ និងសំណើ ដើម្បីសុំជំនួយឥតសំណង ១០ លានដុល្លារ ពីមូលនិធិសកលសម្រាប់ការអប់រំ (GPE) ដើម្បីគាំទ្រ និងឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ជាពិសេសការជួយដល់សាលារៀន និងសិស្សនៅតំបន់ជនបទ និងអនុវត្តកម្មវិធីបើកចូលរៀនឡើងវិញ ក្រោយជំងឺកូវីដ ១៩ បានធូរស្រាល៕