ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា មានសង្ឃឹមថា ក្រុមអត្តពលិក ដែលទើបឈ្នះបានមេដាយមាស ១ និងមេដាយប្រាក់ ២ ពីការប្រកួតកម្រិតអាស៊ី ADSF Asian Adult Open Latin Dance 2019, ADSF Single Dance Cha Cha Cha និង Paso Doble នៅក្រុងតៃប៉ិ នឹងជួយបង្កើតកំណត់ត្រាថ្មីឲ្យប្រភេទកីឡាមួយនេះ តាមរយៈការឈ្នះបានមេដាយពីការប្រកួតស៊ីហ្គេម លើកទី ៣០ នៅប្រទេស ហ្វីលីពីន នាចុងឆ្នាំ ២០១៩ នេះ។
អ្នកស្រី ហង្ស ស៊ីមន ជាអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានចាត់ទុកការឈ្នះបានមេដាយមាស ១ និងប្រាក់ ២ ពីការប្រកួតកម្រិតអាស៊ីនេះ ថាជាមោទនភាពដ៏ធំ ដែលអ្នកស្រីខ្លួនឯងផ្ទាល់ ក៏មិននឹកស្មានដល់។
អគ្គលេខាធិការរូបនេះបានថ្លែងនៅពេលដឹកនាំប្រតិភូកីឡារាំ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារថា៖ «នៅក្នុងការប្រកួតនេះ ទាំងអ្នកចូលរួមកម្រិតពិភពលោក និងអាស៊ី សុទ្ធតែជាជើងខ្លាំង តំណាងមកពី ១៧ ប្រទេស ហើយយើងក៏បានជួបក្រុម Top3 របស់ World Dance ផងដែរ អ៊ីចឹងក្នុងនាមឲ្យសហព័ន្ធ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលកីឡាករ កីឡាការិនីរបស់យើង បានខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួត រហូតទទួលបានមេដាយមាស ១ និងប្រាក់ ២ ពីការប្រកួតកម្រិតអាស៊ីនៅពេលនេះ»។
អ្នកស្រី ហង្ស ស៊ីមន បានបន្ថែមថា៖ «ខ្ញុំមិននឹកស្មានថា ការប្រកួតនៅតៃប៉ិ លើកនេះ យើងទទួលបានលទ្ធផលខ្ពស់បែបនេះនោះទេ ព្រោះអ្នកចូលរួមប្រកួតសុទ្ធតែជាជើងខ្លាំង ប៉ុន្តែនៅពេលចូលប្រកួតជាមួយគេទើបដឹងថា កីឡាករ កីឡាការិនីរបស់យើង មានបច្ចេកទេស និងទិចនិកប្រហែលនឹងគេតែម្តង»។
សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡារាំ ធ្វើនៅក្រុងតៃប៉ិនេះ កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី កញ្ញា ព្រាប ដានីអែលឡា បានរួមគ្នាឈ្នះមេដាយមាស ក្នុងការប្រកួត ADSF Asian Adult Open Latin Dance 2019 និងឈ្នះបានមេដាយប្រាក់ចំនួន ២ ទៀត ក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble ប៉ុន្តែអ្នកទាំង ២ នេះ បានត្រឹមលេខ ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។
ដោយឡែក កីឡាករ សេង សុគីម និង កីឡាការិនី ម៉ូវ ដានីតា បានទទួលចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតកីឡារំាអាស៊ី ADSF Single Dance Jive និងទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងការប្រកួត Youth U21 & Youth Open Grade C Latin Dance ហើយកីឡាករ ភុន ស៊ីវុត្រា បានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួត Junior Open Grade C Ladin Dace។
ជាមួយនឹងភាពជោគជ័យ និងបទពិសោធដែលទទួលបានពីការប្រកួតកម្រិតអាស៊ី និងពិភពលោក នៅក្រុងតៃប៉ិ លើកនេះ អ្នកស្រី ហង្ស ស៊ីមន មានសង្ឃឹមថា កីឡារាំកម្ពុជា នឹងអាចឈ្នះបានមេដាយមាស នៅស៊ីហ្គេមដោយអ្នកស្រីបញ្ជាក់ថា៖ «តាមរយៈការចូលរួមប្រកួតលើកនេះ យើងសង្ឃឹម និងជឿជាក់ខ្លាំងថា ការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ខាងមុខនេះ យើងនឹងអាចដណ្តើមបានមេដាយមាស»។
ចំណែកកីឡាការិនី ព្រាប ដានីអែលឡា បាននិយាយថា៖ «ខ្ញុំ និងដៃគូរបស់ខ្ញុំ (ច័ន្ទ វិទ័រ) ពិតជាសប្បាយរីករាយជាមួយការទទួលបានជោគជ័យ គឺការឈ្នះបានមេដាយមាស និងមេដាយប្រាក់លើកនេះ ហើយយើងរំពឹងថា ពួកយើងនឹងអាចដណ្តើមបានមេដាយទៀតនៅស៊ីហ្គេម»៕